តើពាក្យធុកៗមានប្រភពចេញមកពីណា?


ខ្មែរយើងនិយមហៅ តាក់ស៊ីកង់បី ឬ កង់បួន អូសដោយកម្លាំងម៉ូតូ ថា ធុកៗ ដូចជានៅ ប្រទេសថៃដែរ។ ប៉ុន្តែ ក្រោយមក ក្រសួងវប្បធម៌បានជម្រុញ អោយខ្មែរទទួលប្រើ ពាក្យថា រ៉ឺម៉កម៉ូតូ ជាជំនួសវិញ ក្នុងគោលបំណងបំបាត់ ការទទួលស្រង់យក វប្បធម៌ពីប្រទេសថៃ មកដាក់នៅប្រទេសខ្មែរ។ ថ្វីបើយ៉ាងនេះ ក៏ខ្មែរទាំងឡាយ គួរគប្បីស្រាវជ្រាវ សិក្សាម្តងទៀត ថាតើ ការពិតវិញ តើពាក្យថា ធុកៗនេះ មានដើមកំណើត ចេញមកពីណា ពិតប្រាកដ។

តាមការពិតទៅ ពាក្យថា រ៉ឺម៉ក គឺជាពាក្យកម្លាយ មកពីភាសាបារាំងថា remorque មានន័យជាខ្មែរសាមញ្ញថា រទេះសណ្តោង។ ចំណែក ពាក្យថា ម៉ូតូ គឺជាពាក្យកម្លាយ មកពីភាសាបារាំងដែរ ថា motocyclette មានន័យថា កង់ដែលបញ្ជាដោយម៉ាស៊ីន, ក្រោយមកខ្មែរយើង និយមហៅកាត់ៗ ថា ម៉ូតូ moto ។ ចំណែក ពាក្យថា ធុកៗ ក៏ជាពាក្យកម្លាយដូចគ្នា គឺ ក្លាយមកពីពាក្យថា ធុតៗ Tut Tut ។ ធុតៗ គឺជានាម ដែលគេហៅ ចំពោះតាក់ស៊ីមួយបែប ដែលមានបែបបទ ម៉ូដរចនា ជាម៉ូតូសណ្តោងរ៉ឺម៉ក ដ៏សង្ហា សម្រាប់ភ្ញៀវអភិជន ជាស្តេច ឬ ជាអ្នកមានឋានៈខ្ពង់ខ្ពស់ ដូចសេ្តចអធិរាជ Tutankhamun (ដែលគេហៅកាត់ៗថា King Tut) នៅប្រទេសអេហ្ស៊ីប ជាដើម។ នៅជំនាន់ ដែលគេទើបបង្កើតតាក់ស៊ីនោះ មានតែពពួកអភិជន ថ្នាក់ខ្ពស់ ដូចជាស្តេច Tut តែប៉ុណ្ណោះ ដែលអាចមានប្រាក់ ទិញ ឬ ជួល អោយខ្លួនគេ ឬ កូនចៅរបស់គេ ជិះដើរលេងកំសាន្ត នៅពេលទំនេរ។ នៅអឺរ៉ុប គេច្រើននិយម ហៅថា King Tut Taxi ឬហៅងាយៗថា Tut Tut Taxi (គឺជាភាសានិយាយ អោយកូនក្មេង ស្រួលយល់) ។

សូមអានប្រវត្តិរបស់ King Tut : http://en.wikipedia.org/wiki/Tutankhamun

ក្រោយមកទៀត មានប្រជាជនខ្លះ ដែលមិនស្គាល់ King Tut ឬ Tut Tut ថាជាអ្វី ក៏នាំគ្នាហៅ រ៉ឺម៉កកង់បីកង់បួន បង់ក្លាយ ទៅជា ធុកៗ វិញ ព្រោះងាយស្រួល រលាស់អណ្តាតនិយាយ ដូចជានៅប្រទេស ថៃ ឥណ្ឌា បឹងក្លាដែស ជាដើម។ ឧទាហរណ៍ ប្រទេសថៃ បានបង្កើត តាក់ស៊ីកង់បី ឬ កង់បួន អូសដោយកម្លាំងម៉ូតូ នេះ ប្រើជាច្រើនពេញផ្ទៃប្រទេស ហើយក៏និយមហៅឈ្មោះ តាមពពួកអឺរ៉ុប ថាជា ធុតៗ Tut Tut តាមគ្នាដែរ។ សូមវាយពាក្យថា Tut Tut Taxi នៅ google នោះលោកអ្នកនឹងបានឃើញរូប និង វិឌីអូ អំពី Tut Tut Taxi នៅប្រទេសថៃ នៅប្រទេសជិតខាងនោះ ឬ នៅអឺរ៉ុប ជាមិនខាន។ នៅតំបន់ខ្លះ នៃប្រទេស អាមេរិក គេប្រើ Tut Tut Taxi សម្រាប់ហែសព ទៅបូជា ឬ ទៅបញ្ជុះ ដោយបង្កើតជារចនាបថ យ៉ាងស្អាត ដូចរទេះដឹកស្តេច អូសដោយកម្លាំងម៉ូតូធំៗ។

សូមក្រឡេកបែរមក ប្រទេសខ្មែរយើងម្តង! លុះប្រពៃណី ម៉ូតូសណ្តោងរ៉ឺម៉កនេះ បានមកដល់ប្រទេសខ្មែរ ពលរដ្ឋយើងក៏នាំគ្នា ហៅបង់ក្លាយ អោយងាយៗ ថា ទៅជា ធុកៗ ដូចគ្នានឹងគេដែរ!! ដូច្នេះ បើសិនយើង ដកសេចក្តីស្អប់ គឺអាស្មិចិត្ត ចំពោះប្រទេសថៃ ហើយបែរមកសិក្សា អំពីសាវតារពិត របស់ពាក្យ ធុកៗនោះ គឺយើងទាំងឡាយ បាននាំគ្នាជ្រួលច្របល់ យល់ច្រឡំទាំងស្រុងតែម្តង អំពីអត្ថន័យ និង ប្រវត្តិរបស់ពាក្យ ដែលយើងប្រើ សម្រាប់ហៅ តាក់ស៊ីសណ្តោងដោយកម្លាំងម៉ូតូ នេះ។

សូមពិនិត្យមើល ធុតៗ នៅបរទេស ដូចនៅក្នុងរូបភាពខាងលើ។ ពេលនោះ ទើបយើងដឹងថា តាក់ស៊ីធុតៗ នេះ មានរចនាបថ សម្រាប់ពពួកអ្នកមានភោគទ្រព្យ ជួលជិះ ទិញជិះពិតប្រាកដមែន។

រួមសេចក្តីមក មិនថា យើងហៅ ធុកៗ ឬ ហៅ រ៉ឺម៉កម៉ូតូ មួយណាឡើយ, សង្គមយើង បានប្រើភាសាកម្ចី ពីបរទេសដូចតែគ្នាទេ។ មួយជា ភាសាកម្ចីពីបារាំង តាំងពី ជំនាន់អាណានិគម មួួយទៀត ជាភាសាកម្ចីពីបរទេស ជំនាន់ជ្រួលច្របល់បច្ចុប្បន្ន។ ដូច្នេះ សូមកុំបណ្តោយអោយសេចក្តីស្អប់ បំបិទបញ្ញារបស់យើង អោយចង្អៀត មិនទូលំទូលាយ អោយសោះ។ សូមនាំគ្នាសិក្សាស្រាវជ្រាវ ហើយពិចារណាសាជាថ្មី ទាំងអស់គ្នាឡើងវិញកុំបីខាន។

ដោយអ្នកមីង កែវ ច័ន្ទបូរណ៍

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ចំនេះដឹង and tagged , . Bookmark the permalink.

បញ្ចេញមតិ