ទណ្ឌកម្មពីព្រះជាម្ចាស់ ទៅលើបក្សប្រជាជន


993968_505943479482397_1270739622_n

ពេលនេះគឺលើសពេលណាៗទាំងអស់ ដែល​គណបក្សប្រជាជនកម្ពុជាមានក្ដី​ឈឺចាប់រកស្មានមិនត្រូវ។ ថ្នាក់ដឹកនាំគណបក្សនេះ ពុំបានត្រៀមចិត្តសម្រាប់ការធ្លាក់ចុះដ៏គំហុកបែបនេះទេ វាគឺជាដំណើរធ្លាក់ចុះប្រជាប្រិយភាពយ៉ាងភ្លូកទឹកភ្លូកដី ឯគណបក្សប្រឆាំងដែលពូកែសន្យាខ្យល់នោះបែរជាកើនសំឡេងភ្លូកទឹកភ្លូកដីទៅវិញ ដែលនេះសបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋដឹងអំពីការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នកំពុងដើរលើផ្លូវខុស គឺដឹកនាំជាតិទៅរកការលិចលង់ និងនាំឱ្យរាស្ត្ររងគ្រោះ។ តើមានចំណុចខ្សោយ ឬចំណុចអវិជ្ជមានធំៗអ្វីខ្លះ បណ្តាលឱ្យគណបក្សនេះបាត់បង់ការ​គាំទ្រយ៉ាងធ្ងន់ធ្ងរបែបនេះនោះ ហើយតើសម្តេច ត្រូវកែទម្រង់អ្វីខ្លះបន្តទៀត?

-កូនៗ ថ្នាក់ដឹកនាំគណបក្សកាន់អំណាចបានឈរឈ្មោះតំណាងរាស្ត្រ ជាបញ្ហាបង្កើតការ​ឈឺចាប់ដល់មន្ត្រីថ្នាក់កណ្តាលជាច្រើនដែល​ខំលះបង់គ្រប់យ៉ាងដើម្បីបក្ស​ច្រើន​អាណត្តិ​មកហើយតែពួកគេមិនអាចឈរឈ្មោះបាន ឯការបញ្ចូលយុវជនក្នុងជួរថ្នាក់​ដឹកនាំក៏ជាការសំខាន់ដែរ ប៉ុន្តែតើចាំបាច់តែកូនថ្នាក់ដឹកនាំតែប៉ុន្មាននាក់ហ្នឹងឬ?

-រឿង ជនអន្តោប្រវេសន៍រស់នៅខុសច្បាប់ លើទឹកដីខ្មែរគ្រប់ច្រកល្ហក គឺរដ្ឋាភិបាលជាអ្នកបង្ក​លក្ខណៈឱ្យចូលមកដោយគ្មានការទប់ស្កាត់ ថែមទាំងមិនព្រមអនុវត្តច្បាប់ តើឲ្យប្រជាជនខ្មែរស្ងប់ចិត្តម្តេចនឹងកើត?

-រឿងអំពើពុករលួយ ដែលកំពុងញាំញីសព្វទីកន្លែងទូទាំងនគរ តើមានការប្តេជ្ញាចិត្តប្រយុទ្ធ​ប្រឆាំងពិតប្រាកដដែរឬទេ ឬមួយបានត្រឹមតែជន្លមិនព្រមកាប់ដូចសព្វថ្ងៃដើម្បីទុកឲ្យអំពើពុករលួយបំផ្លាញសង្គមកម្ពុជាទាំងមូលឬ?

-រឿង ឈូក បណ្ឌិត អតីតអភិបាលក្រុង បាវិត បាញ់បោះប៉ងសម្លាប់កម្មការិនីកាត់ដេរនៅខេត្ត ស្វាយរៀង មានទាំងសាក្សីរាប់រយនាក់ បែរជាពន្យារពេល និងរកវិធីឲ្យជនល្មើសរូបនេះរួច​ខ្លួនទៅវិញ។ ព្រោះតែសាច់ស្អុយមួយដុំមិនព្រមកាត់ចោល បានធ្វើឲ្យបាត់បង់សន្លឹកឆ្នោតរាប់ម៉ឺនសន្លឹក មូលហេតុមនុស្សទូទាំងនគរដឹងរឿងអយុត្តិធម៌នេះ ធ្វើឲ្យពួកគេសន្និដ្ឋានថា ច្បាប់របស់នគរខ្មែរសព្វថ្ងៃការពារជនអាក្រក់។

-ដឹងថា រាស្ត្រខ្មែរជាច្រើនមិនចង់ឲ្យលោក សុខ គង់ ធ្វើអាជីវកម្មលើអង្គរវត្តដែរ ហេតុអ្វីក៏មិនអាចប្តូរ អ្នកវិនិយោគលើអង្គរវត្តទៅ ឬមួយក៏ក្រៅពីលោក សុខ គង់ គ្មានជនជាតិណាផ្សេង ចេះប្រមូលប្រាក់ទេ?

-រដ្ឋាភិបាល ហាក់លើកទឹកចិត្តឧកញ៉ាតែប៉ុន្មាននាក់ឲ្យបំផ្លាញធនធានធម្មជាតិ មានព្រៃឈើ រ៉ែ៘ ឲ្យវិនាសហិនហោច ប្លន់ដីរាស្ត្រ បណ្តេញប្រជាជនឲ្យចេញពីលំនៅឋាន​ដោយពុំមានសំណងសមរម្យ និងយុត្តិធម៌ ធ្វើឲ្យរាស្ត្ររាប់ម៉ឺននាក់រងផលប៉ះពាល់ គឺជាអំពើបាបកម្មដ៏ធ្ងន់ធ្ងរ ដែលត្រូវតែបញ្ឈប់ជាបន្ទាន់។

-រឿងផ្តល់ដីសម្បទានរាប់លានហិកតាទៅឲ្យបរទេសកាន់កាប់ធ្វើអាជីវកម្មដល់ទៅ ៩៩ ឆ្នាំជាពិសេស គឺវិនិយោគិនជនជាតិវៀតណាម ក៏ជាបញ្ហានាំជាតិឱ្យបាត់បង់ធនធានធម្មជាតិ រ៉ែក្រោមដី និងគ្រោះថ្នាក់ធំបំផុត សម្រាប់ជាតិនៅពេលជនជាតិវៀតណាមបង្កើតកូនចៅពេញដីខ្មែរ ហើយមិនព្រមត្រឡប់ទៅប្រទេសគេវិញ។

-រឿងមន្ត្រីសមត្ថកិច្ច ឃុំ-សង្កាត់ ក្រុង ស្រុក ខណ្ឌ ខេត្ត-រាជធានី ជាពិសេសមន្ត្រីនគរបាលគ្រប់​ឋានានុក្រមដែលតែងតែពើងទ្រូង គំរាមកំហែង និងធ្វើទុក្ខបុកម្នេញ ដល់រាស្ត្រគ្រប់បែបយ៉ាង ពេលមានបញ្ហាអ្វីកើតឡើងសម្លឹងរកតែលុយ ក៏ជាបុព្វហេតុនាំឲ្យប្រជារាស្ត្រអស់ជំនឿលើការដឹកនាំរបស់រាជរដ្ឋាភិបាលដែរ។

-នៅ តាមក្រសួង ស្ថាប័ន ការតែងតាំងផ្តល់មុខតំណែងភាគច្រើនផ្តោតលើលុយ និងសែស្រឡាយជាធំ មិនបានផ្តោតលើលក្ខខណ្ឌវិនិច្ឆយផ្សេងៗ ដូចជា សមត្ថភាព ការលះបង់ ការស្មោះត្រង់ចំពោះជាតិ ការទំនាក់ទំនង ការប្តេជ្ញាចិត្ត ឆន្ទៈមនសិការ និងឧបនិស្ស័យអ្វីឡើយ ដែលទាមទារឲ្យមានការត្រួតពិនិត្យប្រធានស្ថាប័នទាំងអស់ឡើងវិញ។ ទន្ទឹមនេះតើសម្តេចត្រៀមបង្រួមសមាជិករាជរដ្ឋាភិបាលដែលធំជាងគេ លើពិភពលោក និងទីប្រឹក្សាដែលកំពុងមានរាប់រយនាក់ហើយឬនៅ? តើពួកគេបានជួយឲ្យជាតិចំណេញអ្វីខ្លះ?

-ប្រាក់បៀវត្សរ៍មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធហេតុអ្វីក៏នៅតែហូបមិនគ្រាន់ ហើយដំឡើងមិនកើត? ហេតុអ្វីបានជាបក្សប្រឆាំង ហ៊ានសន្យាដំឡើង? អ៊ីចឹងហើយបានជាពលរដ្ឋនាំគ្នារត់ចោលប្រាក់សែន ស្រវាយកប្រាក់លាននោះ។ គ្មានទេប្រាក់សម្រាប់ដំឡើងបៀវត្សរ៍ តែសម្រាប់ថ្នាក់ដឹកនាំធំៗវិញមានប្រាក់ដល់ ទៅរាប់រយលានដុល្លារម្នាក់ៗ ឯមន្ត្រីរាជការភាគច្រើនក្ររហាមតោកយ៉ាករស់ទាំងត្រដរ។

-រឿង តុលាការគ្រប់ជាន់ថ្នាក់ធ្វើឱ្យប្រជាជនទាំងនគរអស់ជំនឿ គឺការកាត់ក្តីឈរលើគោលការណ៍ប្រាក់ ជាធំ។ ឱ្យតែមានលុយមានអំណាច កំហុសប៉ុនណាក៏អាចត្រឡប់មកគ្មានកំហុស ឬមានកំហុសតិចតួច ហើយជាញឹកញយ មនុស្សស្លូតត្រង់តូចតាចបែរជារងគ្រោះ។ រឿងនេះយូរៗទៅ ទោះមនុស្សមិនអាចធ្វើអីតុលាការ​កើត ក៏ទេវតា ឈឺឆ្អាលដែរគ្រាន់តែរង់ចាំពេលវេលាប៉ុណ្ណោះ ហើយអ្នកដែលរងគ្រោះធំគឺធ្លាក់លើរដ្ឋាភិបាល។

-រឿងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ល្មមដល់ពេលផ្លាស់ប្តូរសមាសភាព​ចេញម្តងហើយ ព្រោះប្រើការលែងកើត និងមានបញ្ហាច្រើនណាស់។ ជាពិសេសបានធ្វើ​ឱ្យបាត់ឈ្មោះអ្នកបោះឆ្នោតដល់ ទៅរាប់ម៉ឺននាក់ ដែលកាលពីពេលបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១២ ធ្លាប់មានឈ្មោះត្រឹមត្រូវ អ្នកបាត់ឈ្មោះ ទាំងនោះមួយចំនួនធំ ជាអ្នកគាំទ្របក្ស​កាន់អំណាច។

-រឿងល្បិចយុទ្ធសាស្ត្របំបែក បំបាក់កម្ចាយគេឯង រាប់ទាំងការកម្ចាត់កម្ចាយ ហ៊្វុនស៊ិនប៉ិច​ឲ្យរលាយខ្សុល តើស្ងប់ចិត្តហើយនៅ? ឥឡូវដល់វេនសម្តេចក្រុមព្រះ សើចចំអក​ឲ្យសម្តេច​តេជោវិញជាបណ្តើរៗហើយ គឺ (អូនហ្អើយកុំសើចបងប្រយ័ត្នពៀរ​ឆ្លងម្តងម្នាក់ណាថ្លៃ)។ គួរបញ្ចប់ភាពអំនួតក្អេងក្អាង មោទនភាព គិតថាខ្លួនអស្ចារ្យជាងគេ ក្នុងបក្ស ក្នុងនគរ គឺជាឥរិយាបថរបៀបមមាចមើលស្រាលភ្លើងទៅវិញទេ។

-រឿងដែល សម្តេចតែងតែលើកយករឿងផ្ទាល់ខ្លួនរបស់ថ្នាក់ដឹកនាំ ឬតំណាងរាស្ត្របក្ស​ប្រឆាំងមកផ្សព្វផ្សាយជាសាធារណៈ ដើម្បីបំបាក់មុខមាត់ពួកគេគួរបញ្ចប់ទៅ ព្រោះជាទូទៅអ្នកធំច្រើនមានរឿងអាស្រូវផ្ទាល់ខ្លួន តើនរណាទៅដែលគ្មានចំណុចខ្សោយនោះ? ពេលណាសម្តេចវាយប្រហាររឿងផ្ទាល់ខ្លួនបក្សប្រឆាំង ឬនិយាយរឿងផ្ទាល់ខ្លួនឯងកាន់តែច្រើនកាលណារាស្ត្រកាន់តែមិនចូលចិត្ត និងកាន់តែអាណិតបក្សប្រឆាំង ឯអ្នកដែល​សើចសប្បាយ មានតែអ្នកហែហមសម្តេចតែប៉ុណ្ណោះ ដូច្នេះសម្តេច គួរយកគំនិត និងពេលវេលា​ទាំងនោះ រកវិធីអភិវឌ្ឍជាតិដោយកាត់បន្ថយកម្ចីពីខាងក្រៅ ស្វែងរកការងារឲ្យពលរដ្ឋបានច្រើន​ឡើង ពង្រឹងគុណភាពអប់រំ គុណភាពសុខាភិបាល ទប់ស្កាត់ការហូរចូលនៃជនអន្តោ​ប្រវេសន៍ខុសច្បាប់ ប្រឆាំងអំពើពុករលួយ ដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ រកទីផ្សារសម្រាប់លក់កសិផល បន្ថយថ្លៃទំនិញប្រេងសាំង៘ ទើបមានប្រយោជន៍ជាង ព្រោះធ្វើជាមេដឹកនាំប្រទេស មានកិច្ចការត្រូវធ្វើច្រើនណាស់។ ម៉្យាងទៀតសព្វថ្ងៃនេះ សម្តេច កំពុងតែស្តាប់ពាក្យភូតកុហករបស់មន្ត្រីក្រោមឱវាទច្រើនណាស់ ទើបសម្តេចវាយតម្លៃស្ថានភាពខុសធ្ងន់ធ្ងរ។

-ការទិញទឹកចិត្ត ប្រជាពលរដ្ឋ ហាក់ស្ទើរតែអស់ប្រសិទ្ធភាពហើយ ដូច្នេះត្រូវដូរយុទ្ធសាស្ត្រ​ជាបន្ទាន់ ព្រោះប្រជាពលរដ្ឋខ្មែរមិនអាចស្រឡាញ់ មិនអាចអាណិត មិនអាចផ្តល់ជំនឿទុកចិត្តលើមនុស្សម្នាក់ហើយឈរឱបដៃមើលជននោះ ធ្វើបាបមនុស្សរាប់ម៉ឺននាក់ឱ្យទឹកភ្នែកបន្តទៀតទេ។

ការធ្លាក់ចុះសំឡេងគាំទ្រដែលមិនគួរឲ្យជឿ និងមិនធ្លាប់មាននាគ្រានេះ គឺសម្តេច គួរ​អស់ចិត្ត​ហើយ ពីព្រោះ (គ.ជ.ប) ខំជួយជ្រោមជ្រែងអស់ពីសមត្ថភាពហើយ តែបានតែប៉ុណ្ណឹងទេ ហើយបើសម្តេចនៅតែមានះ មិនត្រឹមតែសន្លប់ធំ ដូចអាណ្តត្តិ ទី៥ នេះទេ គឺស្លាប់តែម្តងនៅអាណត្តិទី ៦ ហើយបក្សប្រជាជនអាចនឹងស្លាប់រៀងរហូតក៏ថាបាន ព្រោះនេះជាទណ្ឌកម្មរបស់ព្រះជាម្ចាស់ វាពិបាកនឹងស្តារប្រជាប្រិយ​ភាពឡើងវិញ​សម្បើមណាស់។

សរុប សេចក្តីមកវិញ ពីពេលនេះតទៅថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអ្នកនយោបាយ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងភ្នាក់ងាររដ្ឋដទៃទៀត ដែលគាំទ្របក្សប្រជាជន ត្រូវបណ្តុះគំនិតធ្វើអំពើល្អចេញពីបេះដូងពិតៗ ទាំងកាយ វាចា និងចិត្ត មិនមែនដើរតួជាជនពុករលួយ បំផ្លាញជាតិ ធ្វើបាបប្រជារាស្ត្រ ប្រព្រឹត្តអំពើអាក្រក់ ច្រើនជាងអំពើល្អ ហើយបង្ខំឲ្យរាស្ត្រស្រឡាញ់គាំទ្រខ្លួននោះទេ គឺត្រូវធ្វើឱ្យព្រះប្រទានពរ ទេវតាអបអរ ហើយរាស្ត្រសាទរ ទើបសង្ឃឹមថា នឹងអាចស្តារប្រជាប្រិយភាពឡើងវិញបាន។

ទោះបីពាក្យពេចន៍ខាងលើហាក់ស្តាប់ទៅមិនសូវពីរោះ តែជាពាក្យពិត ហើយពាក្យពិត ទោះជាល្វីង ជូរចត់បន្តិចមែន ប៉ុន្តែពុំមានពិសពុលអ្វីទេ។ សូមមេត្តាអភ័យទោសពីសំណាក់​សម្តេច ចំពោះការវិភាគដែលកើតចេញពីគំនិតបុគ្គលដ៏ក្មេងខ្ចីហើយសូមសម្តេចទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ៕

ដោយ លោក សុចរិត ពីរាជធានីភ្នំពេញ
ប្រភព៖ភ្នំពេញប៉ុស្តិ៍

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ត្រដាងការពិត and tagged , , . Bookmark the permalink.

2 Responses to ទណ្ឌកម្មពីព្រះជាម្ចាស់ ទៅលើបក្សប្រជាជន

  1. wealsrae និយាយថា៖

    ក្នុងរូប ប្ដីលូកមួយថ្នាំងដៃ ប្រពន្ធលូកម៉ាកប់ម៉្មង ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s