ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ


386955331

ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថាជា ឧទ្យានជាតិគិរីរម្យ (Kirirom National Park) ជាឧទ្យានជាតិនៃ​ព្រះរាជាណាចក្រកម្ពុជា​ដែលស្ថិតនៅចំងាយ១១២គមពី​រាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ទៅកាន់ក្រុងព្រះសីហនុ។ ឧទ្យានជាតិគិរីរម្យស្ថិតនៅក្នុងភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឧទ្យានជាតិគីរីរម្យលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ៨ម៉ឺនហិចតា។

ភ្នំគិរីរម្យមានកំពស់៧០០ម៉ែត្រ។​ វាជាឧទ្យានជាតិដែលបង្កើតឡើងជាផ្លូវការដំបូងបង្អស់ក្នុងប្រទេសកម្ពុជា។

ឧទ្យាន​ជាតិ​គិរីរម្យ​ គឺ​ជា​​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​មួយ​ដ៏​ល្បី​ ក្នុង​ចំណោម​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ធំៗ​ដទៃ​ទៀត​​​នៅ​ក្នុង​​ប្រទេស​ កម្ពុជា​ ហើយ​គិរីរម្យ​​ក៏​ជា​​រមណីយដ្ឋាន​មាន​កេរ្ដិ៍​ឈ្មោះ​ល្បីល្បាញ​ខ្លាំង​​ កាល​ពី​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម។ រមណីយដ្ឋាន​ឧទ្យានជាតិ​នេះ​ សំបូរ​ទៅ​ដោយ​ទេសភាព​​ល្អ​ប្រណិត​លំអ​ដោយ​ដើម​ស្រល់​ដុះ​ពី​ធម្មជាតិ​នៅ​លើ​ ខ្ពង់រាប​គិរីរម្យ​ ជ្រោះ​ទឹក​ធ្លាក់​ជា​ច្រើន​អន្លើ​ និង​សត្វ​ម្រឹគីម្រឹគា​ជា​ច្រើន​អំបូរ​រស់​នៅ​ទី​នោះ។

ដោយ​គ្របដណ្ដប់​លើ​ផ្ទៃ​ដី​ប្រមាណ​ ៨.៤០១​ហិកតារ​ និង​ស្ថិត​នៅ​លើ​ខ្ពង់រាប​ដែល​មាន​រយៈ​កម្ពស់​ចាប់​ពី​ ៣០០ ​ទៅ​១០០០​ម៉ែត្រ ពី​នីវ៉ូ​សមុទ្រ។ រមណីយដ្ឋាន​​គិរីរម្យ​គឺ​ជា​តំបន់​ឧទ្យាន​ធម្មជាតិ​ដ៏​ធំ​ដែល​ស្ថិត​នៅ​ជិត​ រាជធានី​ភ្នំពេញ​ជាង​គេ​ ហើយ​តាំង​នៅ​ទិស​ខាង​ត្បូង​ឆៀង​ខាង​លិច​(និរតី​ទិស) នៃ​រាជធានី​ប្រទេស​កម្ពុជា។ ពី​ក្រុង​​ភ្នំពេញ​គេ​អាច​ធ្វើ​ដំណើរ​ទៅ​ទស្សនា​តំបន់​គិរីរម្យ​បាន​យ៉ាង​ ងាយ​ស្រួល​តាមរយៈ​ផ្លូវ​ជាតិ​លេខ​៤​ ដូច​ទៅ​កាន់​ក្រុង​​ព្រះសីហនុ​ដែរ​​ ប៉ុន្តែ​ដល់​បង្គោល​គីឡូម៉ែត្រ​លេខ​ ៨៧​​ត្រង់​ម្ដុំ​ផ្លូវ​បំបែក​ត្រែងត្រយឹង​ គេ​នឹង​​ឃើញ​មាន​ផ្លូវ​បំបែក​ខាង​ស្ដាំ​ដៃ​មួយ​ឆ្ពោះ​ទៅ​កាន់​តំបន់​ គិរីរម្យ​ ដែល​មាន​ចម្ងាយ​ផ្លូវ​ ២៧គ.ម ក្នុង​រយៈ​ចម្ងាយ​ផ្លូវ​ ១០​គ.ម ដំបូង​គឺ​ជា​ផ្លូវ​រាប​ស្មើ​ និង​១៧​គ.ម បន្ទាប់​គឺ​ជា​ផ្លូវ​ឡើង​ខ្ពង់រាប​ និង​ភ្នំ។ រមណីយដ្ឋាន​នេះ​មាន​ចម្ងាយ​ពី​រាជធានី​ភ្នំពេញ​ ១១៤គ.ម​ និង​១៤៧​គ.ម​​ ពី​ក្រុង​ព្រះសីហនុ​ ឬ​មាន​ចម្ងាយ​ ៤៤​គ.ម​ពី​ទី​រួម​ខេត្ត​​កំពង់ស្ពឺ។

ព្រៃ​ធម្មជាតិ​នៅ​តំបន់​គិរីរម្យ​ រួម​មាន​ប្រភេទ​ព្រៃ​ស្រល់​សុទ្ធ​ភាគ​ច្រើន​ និង​ព្រៃ​ឈើ​តំបន់​ត្រូពិក​ជាច្រើនប្រភេទ​​ទៀត។ ព្រៃ​ស្រល់​ធម្មជាតិ​​គឺ​ជា​ចំណុច​ពិសេស​​របស់​រមណីយដ្ឋាន​នេះ​ ហើយ​ក៏​ជា​ព្រៃស្រល់​បំរុង​​ទុក​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​ ​ គេ​​បែង​ចែក​ព្រៃ​នៅ​តំបន់​នោះ​ជា​ប្រភេទ​ ព្រៃ​ស្រល់​ចំរុះ​ឬ​ព្រៃ​ Dipterocarpaceas និង​ព្រៃ​ជាំ​ស្លឹក​ធំ​ Gallery Forest ដុះ​នៅ​តាម​​មាត់​អូរ​ជ្រោះ​ ស្ទឹង​ និង​ព្រៃ​មួយ​ប្រភេទ​ទៀត​ គឺ​ជា​ស្រោង​ សើម​ Moist dense dipterocarp forest ដែល​សំបូរ​ទៅ​ដោយ​ជីវសាស្ត្រ​ចម្រុះ​នៅ​ទី​នោះ​ផង​ដែរ។

គួរ​រំលឹក​ថា​ ពី​មុន​ទសវត្ស​ឆ្នាំ​១៩៩០​ តំបន់​គិរីរម្យ​ទាំងមូល​ផ្ទៃ​ដី​រហូត​ដល់​ ៨១.៧២០​ហិកតារ។ ហើយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រិចរិល​រួម​តូច​ ដោយ​ការ​កាប់​បំផ្លាញ​នៃ​ធនធាន​ធម្មជាតិ​ព្រៃឈើ​នៅ​ទូទាំង​ប្រទេស​​ ដែល​បាន​កើត​មាន​ចំពោះ​ឧទ្យានជាតិ​ និង​ដែន​ជំរក​សត្វ​ព្រៃ​ដ៏​សំខាន់​នេះ​ និង​ក៏​ដូច​ជា​ការ​ទប់ស្កាត់​នូវ​រាល់​វិនាសកម្ម​ព្រៃឈើ​ក្នុង​ប្រទេស​ កម្ពុជា។ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏​បាន​ចុះ​បញ្ជី​ រមណីយដ្ឋាន​គិរីរម្យ​ជា​ “ឧទ្យាន​ជាតិ​ព្រះសុរាម្រិត” ដែល​មាន​ផ្ទៃ​ដី​៣៥០០០​ហិកតា​ តាម​ព្រះរាជក្រឹត្យ​របស់​ព្រះ​ករុណា​ ព្រះបាទ​សម្ដេច​ ព្រះនរោត្ដម​ សីហនុវរ្ម័ន​ ចុះ​ថ្ងៃ​ទី​១​ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៩៣។ ហើយ​ឧទ្យានជាតិ​​​នេះ​បាន​បើក​ សម្ពោធ​អោយ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៥​ ខែ​មិថុនា​​ ឆ្នាំ​១៩៩៥​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ ពេល​បច្ចុប្បន្ន​នេះ​កំណាត់​ផ្លូវ​ជា​ច្រើន​ និង​ស្ពាន​មួយ​ចំនួន​ ត្រូវ​បាន​ជួសជុល​ឡើង​វិញ​បន្ទាប់​ពី​ការ​ខូចខាត​ដោយសារ​សង្គ្រាម។​ជា​ទូទៅ​ ស្ថានភាព​ផ្លូវ​ទៅ​កាន់​ឧទ្យាន​គិរីរម្យ​ មាន​ស្ថានភាព​ល្អ​ប្រសើរ​​ដែល​អាច​​ឲ្យ​រថយន្ត​ទេសចរណ៍​គ្រប់​ប្រភេទ​​អាច​ ចរាចរ​ទៅ​កាន់​ទី​នោះ​បាន។ នៅ​រៀងរាល់​ចុង​សប្ដាហ៍​មាន​ភ្ញៀវ​ទេសចរណ៍​ពី​ក្រុង​ភ្នំពេញ​ជា​ច្រើន​តែង​ នាំ​គ្នា​ទៅ​សម្រាក​​លំហែរកាយ​​​​​​កម្សាន្ត​លេង​ជាមួយ​នឹង​សម្រស់​ធម្មជាតិ ​ដ៏​ស្រស់​ត្រកាល​នៅ​ទី​នោះ​ផង​ ហើយ​ក៏​​ជា​កន្លែង​​ទទួល​ទាន​អាហារ​ភិកនីក​ដ៏​ឈ្ងុយ​ឆ្ងាញ់​ផង​ដែរ។ អាហារ​​ក្នុង​ស្រុក​ជា​ច្រើន​ប្រភេទ​ត្រូវ​បាន​អ្នក​ស្រុក​លក់​សម្រាប់​ ភ្ញៀវ​ជាតិ​​ និង​សម្រាប់​ជនបរទេស​​ផង​ដែរ​ ក៏​មាន​ធ្វើ​លក់​ថ្មី​នៅ​តាម​ក្យុស​នា​ដង​ស្ទឹង​នឹង​អូរ​នៅ​ទី​នោះ​ ដែល​មាន​តម្លៃ​សមរម្យ​អាច​ទទួល​យក​បាន។

ប៉ុន្តែ​ចំពោះ​អ្នក​ទេសចរណ៍​ដែល​មាន​បំណង​​ធ្វើ​ដំណើរ​​ផ្សេង​ព្រេង​តាម​ កំណាត់​ផ្លូវ​​ចាស់​ផ្សេងៗ​ជា​ច្រើន​ខ្សែ​​ទៀត​នៅ​ក្នុង​អតីត​ក្រុង​ជូឡុង​ នេះ​មួយ​ចំនួន​ធំ​គឺ​ពុំ​ទាន់​ជួសជុល​ទេ​ វា​មាន​ស្ថានភាព​រលាក់​ដោយ​មាន​គ្រលុក​ និង​ដាច់​ខូច​ជា​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​អាច​ធ្វើ​ដំណើរ​បាន​​ដោយ​ប្រើប្រាស់​ប្រភេទ​​រថយន្ត​ 4WD ប៉ុណ្ណោះ។

ចំពោះ​បញ្ហា​សន្តិសុខ​ និង​សុវត្ថិភាព​នៃ​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ​ទាំងមូល​ គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ណាស់​ ដែល​​អំណោយ​ផល​ដល់​ការ​អភិវឌ្ឍន៍​ ខាង​​វិស័យ​​ទេសចរណ៍​សម្រាប់​ភ្ញៀវ​ទេសចរណ៍​និង​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ ​ ​ និង​​អន្តរជាតិ​ ចូល​ទៅ​ទស្សនា​កម្សាន្ត​សប្បាយ​គ្រប់​រដូវកាល។ នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ​ បច្ចុប្បន្ន​មាន​តំបន់​ទេសចរណ៍​សំខាន់ៗ​ សម្រាប់​ភ្ញៀវ​ជាតិ​​ និង​អន្តរជាតិ​ចូល​ទស្សនា​ និង​លេង​កម្សាន្ត​សប្បាយ​ជា​ច្រើន​ ក្នុង​នោះ​មាន​រមណីយដ្ឋាន​ទឹក​ជ្រោះ​ភ្នំ​ ដំណាក់​ចាស់​ ដំណាក់​ថ្មី​ តំបន់​ស្រះស្រង់​ តំបន់​ទឹក​ធ្លាក់​ ជ្រោះ​អូរតាហ៊ុយ​ តំបន់​ចំការ​តែ​ ភ្នំ​ថ្ម​ដា​ និង​តំបន់​ល្អាង​ភ្នំ។

ក្រៅ​ពី​តំបន់​ទេសចរណ៍​សំខាន់ៗ​ខាង​លើ​នេះ​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ​ នៅ​មាន​តំបន់​សំខាន់ៗ​ជា​ច្រើន​ទៀត​ ដែល​ជា​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​​មាន​ទឹក​ធ្លាក់​ដ៏​ខ្ពស់​អម​ដោយ​ ធម្មជាតិ​ស្រស់​ត្រកាល​នោះ​ គឺ​រមណីយដ្ឋាន​ទឹក​ធ្លាក់​អូរ​ច្រាក​ ឬ​ហៅ​ថា​ ទឹក​​ធ្លាក់​ចំបក់​ ដែល​តាំង​​នៅ​ផ្នែក​ខាង​ជើង​នៃ​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ​ ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​​ឃុំ​ចំបក់​ ស្រុក​ភ្នំ​ស្រួច​ ខេត្ត​កំពង់ស្ពឺ។

ដោយសារ​តំបន់​គិរីរម្យ​ ជា​តំបន់​ខ្ពង់រាប​​ និង​ជា​ប្រជុំ​ភ្នំ​តូច​ធំ​ជា​ច្រើន​ ដែល​គ្រប​ដណ្ដប់​​ដោយ​ព្រៃ​ឈើ​​មាន​ពណ៌​បៃតង​គ្រប់​រដូវ​កាល​នោះ​ ទី​នេះ​ក៏​មាន​បរិមាណ​ទឹក​ភ្លៀង​ខ្ពស់​ ប្រហាក់ប្រហែល​តំបន់​មាត់​សមុទ្រ​ផង​ដែរ​ ហើយ​ក៏​ជា​កត្តា​បង្កើត​អោយ​មាន​ជ្រោះ​ និង​អូរ​មាន​ទឹក​​ហូរ​ធ្លាក់​ជា​ច្រើន​ នៅ​តាម​ចន្លោះ​ភ្នំ​នីមួយៗ​​ ដែល​ផ្ដល់​ជា​រមណីយដ្ឋាន​ទឹកធ្លាក់​ជា​ច្រើន​នៅ​រាយ​ពាស​ពេញ​តំបន់​នោះ។ ដោយសារ​លក្ខណៈ​អំណោយ​ផល​ពី​ធម្មជាតិ​នេះ​ហើយ​ទើប​តំបន់​គិរីរម្យ​ បង្កើត​ជា​ប្រភព​​ទឹក​សម្រាប់​បង្កើត​​ជា​វារី​អគ្គិសនី​ដំបូង​បំផុត​នៅ​ ប្រទេស​កម្ពុជា​តាំង​ពី​ទសវត្ស​ឆ្នាំ​ ១៩៦០​ ដែល​គេ​អាច​នាំ​យក​ចរន្ត​ថាមពល​អគ្គិសនី​ទាំង​នោះ​មក​ផ្គត់ផ្គង់​នៅ​រាជធានី ​ភ្នំពេញ​ នា​ពេល​បច្ចុប្បន្ន​បាន​មួយ​ភាគ​ធំ។

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ត្រដាងការពិត, សុខភាព and tagged , , . Bookmark the permalink.

3 Responses to ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ

  1. លី កល្យាណ និយាយថា៖

    ខ្ញុំធ្លាប់ធ្វើការនៅម្តុំនោះដែរ តែដូចជាគ្មានឃុំគីរីរម្យទេ។
    មួយទៀត ត្រង់ ល្បះទី១ និងទីបួន ដូចជាមានភាពខុសគ្នាបន្តិចនឹងរឿងទំហំផ្ទៃដីរបស់ឧទ្យានជាតិគីរីរម្យនេះ។

    សូមអត់ទោស បើសិនជាខ្ញុំឆ្ងល់ខុសរឿង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s