ឧបករណ៍​បច្ចេកវិទ្យា​ថ្មីៗ របស់កូន​ខ្មែរ​



ប្រសិន​បើ​អ្នក​បាន​តាម​ដាន​នូវ​ការ​ចេញ​លក់​រថយន្ដ​ស៊េរី​ថ្មីៗ​អ្នក​ អាច​ដឹង​អំពី​រថយន្ដ​អង្គរ EV ២០១៣ ហើយ​ប្រសិន​បើ​អ្នក​ចូល​ចិត្ដ​ទស្សនា​អំពី​បច្ចេកវិទ្យា​ថ្មីៗ​តាម​ហ្វេស​ ប៊ុក យូធូប ឬ​គេហទំព័រ​ផ្សេងៗ​អ្នក​ក៏​អាច​ឃើញ​ព័ត៌មាន​ទាក់​ទង​នឹង​មនុស្ស​យន្ដ World-e ឬ​ហ្គេម អាស្វា (ASVA) ឬ​គម្រោង​ឧទ្ធម្ភាគចក្រ​របស់​ខ្មែរ​យើង​ជាក់​ជា​មិន​ខាន​។

ការ​ពិត សមិទ្ធផល​នៃ​ឧបករណ៍​បច្ចេកវិទ្យា​ថ្មី​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ សុទ្ធ​តែ​ស្នាដៃ​របស់​យុវជន​និង​កូន​ខ្មែរ។ ដើម្បី​សម្រេច​បាន​គោល​ដៅ​និង​ស្មារតី​ក្នុង​ការ​បង្កើត​ឧបករណ៍​ បច្ចេកវិទ្យា​នេះ យុវជន និង​កូន​ខ្មែរ​ខ្លះ​បាន​លះ​បង់​ពេល​វេលា និង​កម្លាំង​កាយ​ចិត្ដ​ព្រម​ទាំង​ថវិកា​ខិត​ខំ​ធ្វើ​ការ​ស្រាវ​ជ្រាវ​និង​ ផលិត​ឧបករណ៍​ទាំង​អស់​នេះ​ចេញ​ជា​រូប​រាង​ឡើង​។

ជាក់​ស្ដែង លោក ញាណ ផល្លិក ជា​អ្នក​ផលិត​រថយន្ដ​អង្គរ បាន​លើក​ឡើង​ថា​៖ «ស្ទើរ​តែ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​រថយន្ត​អង្គរ​នេះ គឺ​ជា​ស្នាដៃ​របស់​ខ្ញុំ​ផ្ទាល់ ទាំង​តួ​ចង្កូត​សម្បក​និង​ប្រព័ន្ធ​បញ្ជា​ដោយ​ស្កែន​មេ​ដៃ​បើក​ទ្វារ​ឡាន និង​បញ្ឆេះ​ម៉ាស៊ីន​ជា​ដើម​។ សូម្បី​តែ​ការ​ផ្គុំ និង​ផ្សារ​បញ្ចូល​គ្នា​ក៏​សុទ្ធ​តែ​ជា​ស្នាដៃ​របស់​ខ្ញុំ​ទាំង​អស់។ មាន​សម្ភារ​ខ្លះ​យើង​នាំ​ចូល​ពី​បរទេស​ដូច​ជា​ស្តុប​សម្បក​កង់ និង​គ្រឿង​គ្រៅ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​»។

លោក​បន្ត​ថា​លោក​បង្កើត​រថយន្ត​នេះ​ឡើង​ដោយ​សារ​តែ​លោក​ស្រឡាញ់​និង​មាន​ ឧបនិស្ស័យ​ពី​ធម្មជាតិ។ លោក​ចង់​លើក​ស្ទួយ​នូវ​តម្លៃ​ស្នាដៃ​កូន​ខ្មែរ​និង​ចង់​បង្កើត​នូវ​រថយន្ត​ ដែល​មាន​ម៉ាក​យីហោ​ដែល​ជា​របស់​ខ្មែរ​ពិតៗ​។

ទស្សនៈ​ស្រដៀង​គ្នា​នេះ​ដែរ ផលិត​ករ​ហ្គេម និង​ជា​អ្នក​ផ្តួច​ផ្តើម​បង្កើត​អស្ចារ្យ​ស្ទូឌីយូ​លោក អៀ អ៊ុយ បាន​ឲ្យ​ដឹង​ថា៖ «កាល​ពី​មុន​ខ្មែរ​យើង​ពុំ​ធ្លាប់​បាន​បង្កើត​ហ្គេម​ណា​មួយ​ដោយ​ខ្លួន​ឯង​ ទាំង​ស្រុង​នោះ​ទេ​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ហ្គេម​មួយ​ចំនួន​ដែល​ពួក​យើង​ បាន​ឃើញ​ដូច​ជា SANTA ADVANTURE, ASVA និង​ល្បែង​ល្បង​ប្រាជ្ញា​បុរស​ល្អ ទាំង​ក្រាហ្វិក រូបភាព សំឡេង ការ​សរសេរ​កម្មវិធី និង​ការ​រចនា​ផ្សេងៗ​សុទ្ធ​តែ​ត្រូវ​បាន​បង្កើត​ដោយ​កូន​ខ្មែរ​យើង​ទាំង​អស់ ​»។

លោក​បាន​បន្ថែម​ថា​ការ​បង្កើត​ហ្គេម​នេះ​ពុំ​ទាន់​បាន​ទទួល​នូវ​ប្រាក់​ ចំណូល​អ្វី​នោះ​ទេ​ភាគ​ច្រើន​ប្រាក់​ចំណូល​បាន​មក​ពី​ការ​ធ្វើ​គម្រោង​ផ្សេង ​ទៀត​ប៉ុណ្ណោះ។ ប៉ុន្តែ​ការ​ដែល​ក្រុម​លោក​ធ្វើ​បែប​នេះ​ដោយ​សារ​តែ​ពួក​គាត់​ចង់​បង្កើត​ នូវ​បច្ចេកវិទ្យា​អ្វី​មាន​លក្ខណៈ​ខ្មែរ ឈ្មោះ​ខ្មែរ និង​ចេញ​ពី​ស្នាដៃ​កូន​ខ្មែរ​យើង​។

ក្រៅ​ពី​អស្ចារ្យ​ស្ទូឌីយូ​ទៅ កូន​ខ្មែរ ក៏​ដូចជា​យុវជន​កម្ពុជា​យើង​មួយ​ចំនួន​ដែល​សិក្សា និង​ស្រឡាញ់​ដែល​ចង់​បង្កើន​ស្មារតី​អភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា​នេះ​បាន​ បង្កើត​ជា​ក្រុម​ផ្សេងៗ​ដើម្បី​ចែក​រំលែក ស្រាវ​ជ្រាវ ទិញ និង​ប្រើ​ឧបករណ៍​អេឡិច​ត្រូនិក​ចាស់ៗ​មក​ផលិត​មនុស្ស​យន្ត ផ្ទះ​គំរូ​ព្រម​ទាំង​គ្រឿង​បច្ចេកវិទ្យា​ថ្មីៗ។

លោក ហោ សុផាន់ណា អាយុ​២៣​ឆ្នាំ ជា​ប្រធាន និង​ជា​អ្នក​បង្កើត​ក្រុម ArrowDot ដែល​មាន​សមាជិក​ភាគ​ច្រើន​ជា​និស្សិត​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ICT) បាន​លើក​ឡើង​ថា៖ «​សម្ភារ​ភាគ​ច្រើន​ដែល​យើង​ប្រើ​ប្រាស់​ដើម្បី​បង្កើត​នូវ​មនុស្ស​យន្ត និង​ផ្ទះ​គំរូ​ទាំង​នេះ​មាន​ខ្លះ​យើង​ទិញ​នៅ​ក្នុង​ស្រុក ខ្លះ​យើង​កុម្ម៉ង់​ទិញ​តាម​អន​ឡាញ និង​មួយ​ចំនួន​ទៀត​យើង​យក​ពី​គ្រឿង​អេឡិច​ត្រូនិក​ចាស់ៗ​មក​ប្រើ​ផ្គុំ​ គ្នា»។

ក្រុម​យុវជន​នេះ​បាន​បង្កើត​មនុស្ស​យន្ត​ពីរ។ មួយ​ឈ្មោះ​ថា World-e ដែល​រាល់​ការ​បញ្ជា​នៃ​មនុស្ស​យន្ត​នេះ​ទាំង​មូល​ត្រូវ​បាន​ប្រើ​តាម Tablet និង​ទូរស័ព្ទ​ទំនើប​ដែល​ប្រើ​ប្រព័ន្ធ Android ហើយ​មួយ​ទៀត​ឈ្មោះ​ថា AMart ដែល​វា​រត់​ទៅ​តាម​ប្រព័ន្ធ​ខ្សែ​អេឡិច​ត្រូនិក​ត្រូវ​បាន​កំណត់។ ក្រៅ​ពី​នេះ​ក្រុម​យុវជន​នេះ​ក៏​បាន​បង្កើត​នូវ​ផ្ទះ​គំរូ​អេឡិច​ត្រូនិក មួយ​ដែល​ប្រព័ន្ធ​ភ្លើង​ទាំង​មូល​ត្រូវ​បញ្ជា​ដោយ​ទូរស័ព្ទ​ប្រព័ន្ធ Android ដូច​មនុស្ស​យន្ត Wall-e ដែរ។

លោក សុផាន់ណា បាន​បន្ត​ថា៖ «ទាំង​មនុស្ស​យន្ត និង​ផ្ទះ​គំរូ​ទាំង​នោះ​សុទ្ធ​តែ​ចេញ​មក​ពី​ស្នាដៃ​ច្នៃ​ប្រឌិត​របស់​យុវជន​ យើង​ទាំង​អស់។ ក្រុម​ការងារ​ម្នាក់ៗ​ពុំ​បាន​ទទួល​ប្រាក់​កម្រៃ​អ្វី​ពី​ការ​បង្កើត​នោះ​ ឡើយ ផ្ទុយ​ទៅ​វិញ​ពួក​គាត់​បែរ​ជា​ហ៊ាន​ចំណាយ​ពេល​វេលា និង​ថវិកា​ផ្ទាល់​ខ្លួន​ដើម្បី​ទិញ​សម្ភារ​ពិសោធន៍ និង​បង្កើត​នូវ​មនុស្ស​យន្ត និង​ផ្ទះ​គំរូ​សម្រាប់​ការ​ស្រាវជ្រាវ​ទាំង​នេះ​ទៅ​វិញ​»។

បើ​ទោះ​បី​ជា​ស្នាដៃ ក៏​ដូចជា​សមិទ្ធផល​បច្ចេកវិទ្យា​ទាំង​នោះ​ត្រូវ​ឆ្លង​កាត់​ការ​លំបាក​ទាំង​ កម្លាំង​កាយ​និង​កម្លាំង​ស្មារតី​ដើម្បី​សម្រេច​ឲ្យ​បាន​ជោគ​ជ័យ​ក៏​ពិត​មែន ប៉ុន្តែ​ប្រសិន​បើ​គម្រោង និង​សមិទ្ធផល​ជំហាន​ដំបូង​មាន​លក្ខណៈ​ល្អ​ប្រសើរ​នោះ គម្រោង​និង​ស្នាដៃ​ទាំង​នោះ​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ស្ថាប័ន​ វិទ្យាស្ថាន និង​ក្រុមហ៊ុន​មួយ​ចំនួន​ផង​ដែរ។

ជា​សាស្ត្រាចារ្យ​នៅ​វិទ្យាស្ថាន​ពហុបច្ចេក​វិទ្យា​កម្ពុជា (NPIC) និង​ជា​អ្នក​ផ្តួច​ផ្តើម​បង្កើត​នូវ​គម្រោង​ឧទ្ធម្ភាគចក្រ លោក ប៉ាន់ លីណាត បាន​ឲ្យ​ដឹង​ថា៖ «ជា​ទូទៅ​នៅ​ក្នុង​វិទ្យាស្ថាន​ពហុ​បច្ចេកវិទ្យា​យើង​តែង​តែ​មាន​កញ្ចប់​ ថវិកា​សម្រាប់​ជួយ​ឧបត្ថម្ភ​ដល់​គម្រោង​ស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ និង​និស្សិត​សិក្សា​នៅ​វិទ្យាស្ថាន​នេះ​ដែល​ពួកគេ​បាន​រៀប​ចំ​ច្បាស់​លាស់ និង​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​ចំពោះ​សង្គម​ជាតិ។ ជាក់​ស្តែង​ប្រាក់​ដែល​ចំណាយ​លើ​ឧទ្ធម្ភាគចក្រ​នោះ​អស់​ចំនួន​៧​ពាន់​ ដុល្លារ គឺ​ជា​កញ្ចប់​ថវិកា​ដែល​គាំទ្រ​ដោយ​វិទ្យាស្ថាន​ផ្ទាល់»។

លោក បន្ថែម​ថា​ថ្វី​ដ្បិត​ក្នុង​តំណាក់​កាល​សាក​ល្បង​ឧទ្ធម្ភាគចក្រ​នោះ​អាច​ហោះ ​បាន​កម្ពស់​២​ដេ​ស៊ី​ម៉ែត្រ ដោយ​សារ​តែ​លោក​ពុំ​ទាន់​ហ៊ាន​បង្ហោះ​ឲ្យ​វា​ខ្ពស់​ជាង​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ​មួយ​ដែរ​។ បើ​សិន​ជា​គ្មាន​ការ​សាក​ល្បង​លើក​ទីមួយ​នោះ​ទេ​យើង​ប្រហែល​ជា​ពុំ​អាច​ឈាន​ ដល់​ការ​ផលិត​ឧទ្ធម្ភាគចក្រ​ដែល​អាច​ហោះ​ដូច​ប្រទេស​គេ​បាន​នោះ​ដែរ។

អគ្គ​នាយក​នៃ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ ដែល​បាន​បណ្តាក់​ទុន​ក្នុង​ការ​ផលិត​រថយន្ត​អង្គរ លោក​ស្រី​សៀង ចាន់ហេង បាន​លើក​ឡើង​ថា​សព្វ​ថ្ងៃ​នេះ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ បាន​បង្កើត​ជា​សិប្បកម្ម និង​កំពុង​សាង​សង់​រោងចក្រ​ដើម្បី​ផលិត​រថយន្ត​អង្គរ​នេះ​នៅ​ខេត្ត​កណ្តាល​ ដើម្បី​ផ្តត់​ផ្គង់​ទីផ្សារ។ រហូត​មក​ដល់​ពេល​នេះ​រថយន្ត​អង្គរ​ត្រូវ​បាន​បញ្ជា​ទិញ​ជា​ច្រើន​គ្រឿង​ពី​ សំណាក់​ប្រជា​ពលរដ្ឋ ក្រុមហ៊ុន និង​ស្ថាប័ន​ផ្សេងៗ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​។

លោក​ស្រី​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា៖ «ក្រៅ​ពី​ទឹក​ចិត្ត​ស្រឡាញ់ និង​ចង់​គាំទ្រ​នូវ​ស្នាដៃ​របស់​កូន​ខ្មែរ​យើង​ដែល​ខំ​រៀន និង​ខំ​ផលិត​ឧបករណ៍​ថ្មីៗ​ការ​បង្កើត​ជា​រោងចក្រ​នេះ អាច​លើក​ទឹក​ចិត្ត និង​ជំរុញ​ឲ្យ​យុវជន និង​កូន​ខ្មែរ​យើង​ផ្សេងៗ​ទៀត​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ខ្លួន​ឯង និង​សង្គម​ជាតិ ព្រម​ទាំង​បង្កើត​ការងារ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង ជា​ជាង​ការ​រត់​ទៅ​ធ្វើ​ការ​នៅ​បរទេស»។

ជា​ចុង​ក្រោយ​លោក​សាស្ត្រាចារ្យ ប៉ាន់ លីណាត បាន​លើក​ឡើង​ថា៖ «ខ្ញុំ​ជឿ​ជាក់​ថា​ប្រសិន​បើ​យុវជន និង​និស្សិត​ខ្មែរ​ដែល​មាន​ទេពកោសល្យ​ផ្នែក​បច្ចេកវិទ្យា​នេះ មាន​ការ​ព្យាយាម និង​ខិតខំ​សាក​ល្បង​បង្កើត​ម្តង​ហើយ​ម្ដង​ទៀត​នោះ​នៅ​ថ្ងៃ​ណា​មួយ​យើង​ ប្រាកដ​ជា​អាច​សម្រេច​នូវ​ស្នាដៃ​មិន​ចាញ់​បរទេស​នោះ​ទេ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ចំនេះដឹង, វិទ្យាសាស្ត្រ [Science], អេឡិចត្រូនិច and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s