យុវជនគួរតែ​ប្រយ័ត្ន​ការ​ផ្សាយ​ពាណិជ្ជកម្ម​បោក​ប្រាស់


រូបភាពពីសប្បាយ

រូបភាពពីសប្បាយ

នៅក្នុង ​បរិបទ​ទីផ្សារ​ប្រកួត​ប្រជែង អ្នក​ជំនួញ​ទាំង​ក្រុមហ៊ុន​តូចធំ តែង​តែ​រិះ​រក​វិធី​សាស្រ្ត​ល្អៗ និង​គំនិត​ថ្មីៗ​ដើម្បី​ផ្សព្វ​ផ្សាយ​សមិទ្ធ​ផល​របស់​ខ្លួន​ឲ្យ​ទៅ​ដល់ អតិថិ​ជន​ដែល​ជា​អ្នក​ប្រើប្រាស់។ យ៉ាង​ណា​មិញ ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​ក្នុង​ខិត្ត​ប័ណ្ណ គឺជា គំនិត​ច្នៃ​ប្រឌិត​មួយ​នៅ​ក្នុងផ្នែក​ទីផ្សារ។ ជា​រៀង​រាល់​ថ្ងៃ​យើង​សង្កេត​ឃើញ​មាន​ខិត្ត​ប័ណ្ណ​រាប់​ពាន់​សន្លឹក ​ត្រូវ​បាន​ចែក​ចាយ​នៅ​តាម​ដង​ផ្លូវ​នានានៃ​រាជធានី​ភ្នំពេញ។ ទន្ទឹម​នឹងនោះដែរ វា​នឹង​អាច​មាន​ខិត្ត​ប័ណ្ណ​ឆបោក ប្រសិន​បើ​យើង​មិន​ពិចារណា​ឲ្យ​បាន​ដិត​ដល់។

ជា​ការ​ពិត ខិត្ត​ប័ណ្ណ​បោក​ប្រាស់​បាន​ផ្តល់​នូវ​ផល​អវិជ្ជមាន​ជា​ច្រើន​ដល់​ស្ថាប័ន​ របស់​ខ្លួន ដល់​អ្នក​ប្រើ​ប្រាស់ និង​ប្រទេស​ជាតិ​ទាំង​មូល។ ឧទាហរណ៍ ក្រុម​ហ៊ុន​ពាណិជ្ជកម្ម​នឹង​ក្ស័យ​ធន​ដោយ​សារ​តែ​អ្នក​ប្រើ​ប្រាស់​បាត់ ​បង់​នូវ​ទំនុកចិត្ត។ អ្នក​ប្រើ​ប្រាស់ អាច​បាត់​បង់​ថវិកា លុយ​កាក់ ពេល​វេលា សុខ​ភាព ឬ​ក៏​រហូត​ដល់​អាយុ​ជីវិត​ជាដើម។ រីឯ​ប្រទេស​ជាតិ​វិញ នឹង​មិន​អាច​លើក​ស្ទួយ​សេដ្ឋកិច្ច​ឲ្យ​លូត​លាស់​បាន​ល្អ​នោះទេ។

ករណី របស់កញ្ញា​ផល លាប អាយុ​២១​ឆ្នាំ ដែល​ជា​និស្សិត​នៅ​វិទ្យា​ស្ថាន​វ៉ាន់​ដា​គណនេយ្យ បាន​ប្រាប់​ថា ខ្លួន​ត្រូវ​បាន​គេ​បោក​ប្រាស់​អស់​ទឹក​ប្រាក់​១២០​ដុល្លារ ដោយសារ​តែ​ជឿ​តាម​ខិត្ត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​ពី​ការ​រកការ​ងារធ្វើ​នៅ​តាម​ដង ​ផ្លូវ ដែល​ជា​ក្ដី​រំពឹង​របស់​កញ្ញា ប៉ុន្តែ​ទី​បំផុត​វា​មិន​បាន​អ្វី​សោះ។

កញ្ញា បាន​រ៉ាយរ៉ាប់ថា​៖ «តាម​រយៈ​ព័ត៌មានក្នុង​ខិត្ត​ប័ណ្ណ​នោះ ខ្ញុំ​ត្រូវ​ចំណាយ​ប្រាក់​១ដុល្លារ​ដើម្បី​ទិញ​ពាក្យ និងបង់​១០​ដុល្លារ​ផ្សេង​ទៀត​ដើម្បី​ហាត់​ការ​ងារ​នៅ​ថ្ងៃ​អាទិត្យ មួយ​ថ្ងៃ​ពេញ។ បន្ទាប់​មក គេ​សួរ​ខ្ញុំ​ថា​តើហ៊ាន​ចំណាយ​លុយ​១០៩​ដុល្លារ​ដើម្បី​ចូល​ហ៊ុន​រក ស៊ី​ឬ​អត់? ពេលនោះ ខ្ញុំ​ក៏​បន្ដ​បង់​លុយ​ឲ្យ​គេ​ចំនួន​១០៩​ដុល្លារ​ទៀត ហើយ​គេ​ឲ្យ​ខ្ញុំ​ធ្វើ​ជា​សមាជិក​ដែល​មាន​តួនាទី​ជា​អ្នក​ទំនាក់ ទំនង​អន្តរ​ជាតិ​នៅ​ក្នុង​អង្គ​ការ​នោះ​តែ​ម្តង»។

កញ្ញា បានបង្ហើប​ប្រាប់​អំពី​ការ​បោក​ប្រាស់នោះ​ថា​៖ «វា​ជា​ការ​បោក​តៗ​គ្នា ប្រសិន​បើ​យើង​អាច​រក​មនុស្ស​មក​ឲ្យ​គេ​បាន​នោះ​យើង​នឹង​បាន​លុយ ប៉ុន្តែ​ខ្ញុំ​មិន​អាច​រក​បាន​ទេ ហើយ​ខ្ញុំ​ក៏​ឈប់​ធ្វើ​ការ​ទៅ»។

នេះគឺ ជា​ទង្វើ​ឆ​បោក​មួយ​សម្រាប់​អ្នក​ដែល​ចង់​រកការ​ងារ​ធ្វើ។ ចំណែក​ឯ​ករណី​របស់​កញ្ញា អុក ចាន់​ថា ជា​និស្សិត​នៅ​សាកល​វិទ្យា​ល័យ​អាស៊ី​អីរ៉ុប គឺជា​អ្នក​ដែល​មកពី​គ្រួសារ​មាន​ជីវ​ភាព​មធ្យម។ បន្ទាប់​ពី​បញ្ចប់​សញ្ញា​បត្រ​ទុតិយ​ភូមិ កញ្ញា​បាន​មក​រស់​នៅ និង​បន្ត​ការ​សិក្យា​ក្នុង​រាជធានី​ភ្នំពេញ កញ្ញា​ក៏​ត្រូវ​ចាញ់​បោក​នូវ​ខិត្ត​ប័ណ្ណ​របស់​អង្គ​ការ​នៅ​ស្ទឹង​មាន​ជ័យ ដែល​មិន​ដឹង​ឈ្មោះ។

កញ្ញាចាន់ថា បាន​រៀប​រាប់​ថា ៖ «បន្ទាប់​ពី​បំពេញ​ព័ត៌មាន​លើ​ខិត្ត​ប័ណ្ណ​របស់​អង្គការ​នោះ ដោយ​មិន​ចាំ​ឈ្មោះ ​ខ្ញុំ​ត្រូវ​បាន​គេ​ទូរស័ព្ទ​មក​ប្រាប់​ថា ជាប់​លេខ​មួយ ដោយ​គ្រាន់​តែ​ខ្ញុំ​បំពេញ​ប្រវត្តិរូប​ក្នុង​ទម្រង់​បែប​បទ​របស់​គេ ប៉ុណ្ណោះ ប៉ុន្តែ​ពេល​ទៅ​ដល់​ទី​នោះ គេ​ឲ្យ​ខ្ញុំ​ចំណាយ​ប្រាក់​២០​ដុល្លារ សម្រាប់​វគ្គ​បណ្តុះ​បណ្តាល​ដែល​មិន​បាន​អ្វី​សោះ។ ជួប​បទ​ពិសោធ​ខ្លួន​ឯង​ផ្ទាល់​ថ្ងៃ​នោះ​ ខ្ញុំ​លែង​ជឿ​លើ​ខិត្ត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​នៅ​តាម​ដង​ផ្លូវ​ទៀត​ហើយ»។

ស្រដៀង គ្នា​នេះ​ដែរ ​កញ្ញា លឹម ដានី ជា​បុគ្គលិក​របស់​ក្រុម​ហ៊ុន​ឯក​ជន​មួយ ក៏​បាន​ជួប​ប្រទះ​បញ្ហា​ដូច​កញ្ញា ចាន់ថា ដែរ គឺ​ចាញ់​បោក​សាលា​តែ​មួយ​ដូច​គ្នា ដោយ​ពេល​នោះ​កញ្ញា​ជា​គ្រូ​បង្រៀន​ភាសា​កូរ៉េ​នៅ​សាលា​នោះ​ដោយ​មិន​បាន​ទទួល ​ប្រាក់​កម្រៃ​អ្វី​ទាំង​អស់។

កញ្ញា បាន​បញ្ជាក់​ថា៖ ​«ឥឡូវ​នេះ ​អង្គការ​នោះ​ក្ស័យ​ធន​ហើយ វា​បោក​គេ​គ្រប់​គ្នា។ វាជា​ទង្វើ​បោក​តៗ​គ្នា។ ខ្ញុំ​លែង​ជឿ​ការ​ផ្សព្វ​ផ្សាយ​បោក​ប្រាស់​ទាំង​នោះ​ទៀត​ហើយ»។

ឆ្លើយតប ​នឹង​បញ្ហា​ខាង​លើ អ្នក​គ្រូ ដែក ដារី​ ដែល​ជា​គ្រូ​បង្រៀន​មុខ​វិជ្ជា​ទីផ្សារ និង​ការ​ផ្សព្វ​ផ្យាយ ពាណិជ្ជ​កម្ម នៃ​ដេប៉ា​តឹ​ម៉ង់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ បាន​ឲ្យ​ដឹង​ថា ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​តាម​ខិត្ត​ប័ណ្ណ​នឹង​អាច​ដល់​ដៃអ​តិ​ថិ​ជន ផ្ទាល់ ប៉ុន្តែ​ក្រុម​ហ៊ុន​មិន​គួរ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​នោះ​ទេ បើ​មិន​ដូច្នេះ​ទេ​ពួក​គេ​នឹង​ប្រឈម​ការ​ក្ស័យ​ធន។

អ្នកគ្រូបាន បន្ថែម​ថា ប្រទេស​កម្ពុជា ក៏​ដូច​ជា​បណ្ដា​ប្រទេស​ដទៃ​ដែរ គ្មាន​ច្បាប់​ត្រួត​ពិនិត្យ​ទៅ​លើ​ខិត​ប័ណ្ណ​ទាំង​នោះ​ទេ ព្រោះ​វា​មាន​ការ​លំបាក​សម្រាប់​ក្រសួង​ក្នុង​ការ​ធ្វើ​បែប​នេះ។

លោក សុខ សំអឿន ដែល​ជា​ប្រធាន​ក្រុម​ទី​ប្រឹក្សា​យោបល់ និង ច្បាប់ អាំ​ម៉ារិន បាន​ទទួល​ស្គាល់​ថា ប្រទេស​កម្ពុជា​ពុំ​មាន​ច្បាប់​ត្រួត​ពិនិត្យ​លើ​ខិត្ត​ប័ណ្ណ​នៅ​ឡើយ​ទេ។

លោក សំអឿន ​បាន​បញ្ជាក់​ថា៖ «យើង​មិនអាច​ហាម​ពួកគេ​មិន​ឲ្យ​ចែក​​ខិត្ត​ប័ណ្ណ​នៅ​តាម​ដង​ផ្លូវ​បាន​ទេ ហើយ​យើង​ក៏​មិន​អាច​និយាយ​ថា​ខិត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​ទាំង​នោះ​ជា ខិត្ត​ប័ណ្ណ​បោក​ប្រាស់​នោះ​ទេ ប៉ុន្តែ​យើង​អាច​បញ្ចៀស​វា​បាន តាម​រយៈ​ការ​ត្រិះ​រិះ​ពិចារ​ណា​ឲ្យ​បាន​ដិត​ដល់»​។

លោក​បាន​បន្ថែមថា សិស្ស​-និស្សិត​ខ្លួន​ឯង គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​មុន​នឹង​សម្រេច​ចិត្ត​ចំពោះ ខិត្ត​ប័ណ្ណ ពោល​គឺ​ពិនិត្យ​ព័ត៌មាន​ឲ្យ​បាន​ដិត​ដល់ មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត។ ប្រសិន​បើមាន ករណី​ឆបោក​កើត​ឡើង ពួក​គេ​អាច​ទៅ​ប្តឹង​សមត្ថកិច្ច​ជាមួយ​នឹង​ភស្តុតាង​ច្បាស់​លាស់។

លោក បាន​បញ្ជាក់​បន្ថែមថា៖ «ពួក​គាត់​អាច​ប្តឹង​ពី​បទ​ឆបោក​បើ​មាន​ភស្តុតាង​គ្រប់​គ្រាន់ ហើយ​ជន​ល្មើស​អាច​ជាប់​ទោស​ពី​១ឆ្នាំ​ទៅ​៣ឆ្នាំ»។

ចំណែកឯ លោក ប៊ុត បូវុត ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ព័ត៌មាន ​និង​សោត​ទស្សន៍​ក្រសួង​ព័ត៌មាន បាន​ថ្លែង​ថា កម្ពុជា​មាន​ច្បាប់​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​របស់​សារ​ព័ត៌​មាន​ និង​ច្បាប់​ឆបោក ដើម្បី​ដាក់​បន្ទុក។

លោក បាន​លើក​ឡើង​ថា៖ «ប្រសិន​បើ​ភ្នាក់ងារ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ចុះ​ផ្សាយ​ពាណិជ្ជកម្ម បោក​ប្រាស់ ដែល​អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អតិថិ​ជន នោះ​ខាង​ក្រ​សួង​ព័ត៌មាន ​នឹង​មាន​វិធាន​ការ​ភ្លាម​ដោយ​ឲ្យ​បញ្ឈប់​ការ​ផ្សាយ​ជា​បន្ទាន់»។​

លោក បូវុត បាន​បន្ថែម​ថា កន្លង​មក​នេះ​ពុំ​ទាន់​មាន​សារ​ព័ត៌មាន​ណា​ចុះ​ផ្សាយពី​បញ្ហា​ឆបោក​នេះ​នៅ​ ឡើយ​ទេ ប៉ុន្តែ​វា​អាច… ​ពី​ព្រោះ​មាន​មនុស្ស​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ការ​ពី​បទ​ឆបោក។

លោក ​បាន​ផ្តាំផ្ញើថា៖ «ប្រជាជន​គួរ​តែ​មាន​ការ​ស្រាវ​ជ្រាវ​បន្ថែម និង​ធ្វើការ​ពិចារណា​ឲ្យ​បាន​ត្រឹម​ត្រូវ ដើ​ម្បី​ចៀស​វាង​ការ​ចាញ់​បោក​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ក្លែង​បន្លំ»៕

អត្ថបទពី ភ្នំពេញប៉ុស្តិ៍

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ចំនេះដឹង, ត្រដាងការពិត and tagged , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s