ចូលប្លន់ធនាគារអេស៊ីលីដា មិនយកលុយ តែទាររកថ្នាំញៀន និងគំរាមបោកគ្រាប់បែក


www.acledabank.com.kh screen capture 2013-1-23-11-15-59

កំពង់ចាម: ​ចោរប្លន់​ចំនួន ​២ក្បាល ​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម ​បាន​ចាប់ជំរិត​បុគ្គលិក​ធនា​គារ​អេស៊ីលីដា​ នៅ​ផ្សារ​បែក​អន្លូង ក្នុងស្រុក​ស្ទឹងត្រង់ ​ចំនួន ​៣​នាក់ ​ធ្វើជា​ចំណាប់ខ្មាំង​តាំងពី​ល្ងាច​រហូតមកដល់​ព្រឹក​ថ្ងៃទី​២៣​ ខែមករានេះ​។ ការចាប់​ជំរិត​ដែល​ធ្វើឡើង​នៅ​ក្នុង​ធនាគារ​នេះ ក្រុមចោរ​បានទាមទារ​ឲ្យ​បុគ្គលិក​អេស៊ីលីដា រក​ថ្នាំញៀន​ឲ្យ​ពួកគេ តែ​មិន​យកលុយទេ ហើយ​គំរាម​បោក​គ្រាប់បែក​។

​យ៉ាងណា​ក៏ដោយ ​នៅវេលា​ទៀបភ្លឺ​នេះ បុគ្គលិក​ធនាគារ​ម្នាក់បាន​រត់គេច​រួច​ពី​កណ្តាប់​​ដៃ​ក្រុមចោរមក​ខាងក្រៅ​ ធនាគារ​ដោយ​សុវត្ថិភាព។ បុគ្គលិកនោះមាន​របួស ដែល​ក្រុមចោរ​វាយ​នឹង​កាំភ្លើង​។

aa958608-2271-494b-b5b0-610d6fb98b50

បុគ្គលិក​ធនាគារ​រូបនេះ ត្រូវបាន​ចោរ​ចាប់ពី​ដំបូង​គេក្នុងពេល​ធ្វើដំណើរ​តាមផ្លូវ​ ចេញពីធ្វើការទៅ​ផ្ទះ​។ ក្រោយពេល​រត់ចេញ​មក​ខាងក្រៅ​ធនាគារ​ហើយ  បុគ្គលិក​ធនាគារ​រូបនោះបាន​និយាយថា ពួកខ្លួន​បានប្រគល់​លុយ​ចំនួន​មួយ​កាបូប​ឲ្យ​ទៅ​ក្រុម​ចោរ តែ​ពួកគេ​មិន​យក​ទេ ដោយ​ទាមទារ​រកតែ​ថ្នាំញៀន​ ដោយចោរថា បើ​មិនបាន​ថ្នាំ​ញៀន នឹងដាក់​គ្រាប់បែក​បំផ្ទុះសម្លាប់​បុគ្គលិក​ធនាគារ​​ដែល​នៅ​ជា​ចំណាប់ខ្មាំង ​នោះ​មិន​ខានឡើយ​។

ចំណែកឯ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ទាំងអស់ ​កំពុង​ឡោមព័ទ្ធ​ធនាគារ​អេស៊ីលីដា ដើម្បី​រក​វិធី​ណា​​បំបែក​សោ​ធនាគារ ព្រោះ​សោ​ធនាគារ​មាំ​ណាស់ មិនអាច​ជាង​ធ្វើ​សោឆ្កឹះ​បាន​ឡើយ​។​

​ ហេតុការណ៍​នេះ ​បាន​កើតឡើង​តាំងពី​ល្ងាច​ថ្ងៃទី​២២​ ខែមករា ឆ្នាំ​២០១៣ ស្ថិតនៅក្នុង​ធនាគារ​អេស៊ីលីដា សាខា​ផ្សារ​បែក​អន្លូង ក្នុងភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ហើយ​មកដល់​ព្រឹក​ថ្ងៃទី​២៣​នេះ ក្រុមចោរ​នៅបន្ត​ចាប់ជំរិត​ជន​រងគ្រោះ​​នៅឡើយ។ រីឯ​សមត្ថកិច្ចក៏​កំពុង​ឡោមព័ទ្ធ​ធនាគារ​អេស៊ីលីដា​ផងដែរ​។​

​លោក​ វរសេនីយ៍ត្រី សុខ សា​វី មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ស្ទឹងត្រង់​ បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​ទំនងជា​កើតឡើង​តាំងពី​ល្ងាច​មិញ​(២២​ខែមករា​) ព្រោះថា​ក្រុមចោរ​ទំនងជា​ស្គាល់មុខ​បុគ្គលិក​ធនាគា​អេស៊ីលីដា​ម្នាក់​ដែល​ ស្នាក់នៅ​ស្រុក​ស្ទឹងត្រង់ ហើយ​ក្រុមចោរ​បាន​ចាប់​បុគ្គលិក​ធនាគារ​ម្នាក់​នោះ​ដែល​កំពុងធ្វើដំណើរ​ តាមផ្លូវយក​ទៅដាក់​ក្នុង​ធនាគារ​អេស៊ីលីដា​។ ក្នុងពេលនោះមាន​បុគ្គលិក​ចំនួន​ ២​នាក់ ​ដែល​ប្រចាំការ​ នៅក្នុង​ធនាគារ ហើយ​ពួកចោរ​បានទាមទារ​រ​ក​ថ្នាំញៀន​។ ក្នុងពេលនោះ​បុគ្គលិក​ធនាគារ​អត់​មាន​ថ្នាំញៀន​ឲ្យ​ពួកចោរ​ទេ ហើយ​ប្រគល់​លុយ​មួយ​កាបូប​ឲ្យ​ចោរ ក៏​ចោរ​មិន​យក​ដែរ​។

​លោក​ វរសេនីយ៍ត្រី សុខ សា​វី បាន​បញ្ជាក់ថា ក្រុមចោរប្លន់​នោះជា​ចោរ​ញៀន​ថ្នាំ ព្រោះ​វា​មិន​យកលុយ​ទេ ទាមទារ​ឲ្យ​បុគ្គលិក​ធនាគារ​អេ​ស៊ី​ដា ​រក​ថ្នាំញៀន​ឲ្យ​វា បើ​មិន​បាន​ វានឹងដាក់​គ្រាប់បែក​សម្លាប់​បុគ្គលិក​ធនាគារ ​២​នាក់​នោះ​ហើយ។
មក​ដល់​វេលា​ម៉ោង​​១០​ព្រឹក​ថ្ងៃ​ដដែល ការ​ចរចា​​គ្នា​រវាង​ប្រធាន​ធនាគារ​​អេស៊ីលីដា-សមត្ថកិច្ច​ ជា​មួយ​ពួក​ចោរ​​មិន​មាន​ការ​ប្រែ​ប្រួល​ធំ​ដុំ​នោះទេ ​ដ្បិត​​អី​ប្រធាន​ធនា​គារ​​សុខ​ចិត្ត​លះ​បង់​ប្រាក់​​ដល់​ទៅ​១០​ម៉ឺន​ ដុល្លារ​ជា​ថ្នូរ​នឹងការ​សុំ​ដោះ​លែង​បុគ្គ​លិក​២​នាក់​របស់​ខ្លួន​យ៉ាង​ណា​ ក៏​ដោយ ក៏​មិនទាន់​មាន​ការ​ត្រូវ​រ៉ូវ​គ្នា​ដែរ… ដោយ​ឡែក​​មន្ត្រី​ប៉ូលិស​​នៅ​ខាងក្រៅ​អគារ​ធនា​គារ​ដែល​កំពុង​ឡោម​ព័ទ្ធ​​ ចោរ​នោះ​​បាន​និយាយ​ផង​ដែរ​ថា ​មិនទាន់​ដឹង​ថា ចោរ​ត្រូវការ​អ្វីពិត​ប្រាកដ​​នោះ​ទេ ​ក្រៅតែពី​​ទាមទារ​ឱ្យ​​បញ្ជូន​គ្រឿង​ញៀន​ទៅឱ្យ​ពួកគេ​ឱ្យ​បាន​លឿន… ត្រង់​នេះ​គេ​សង្ស័យថា ​ពួក​ចោរទាំងនោះ​​ជា​ពួកញៀនថ្នាំ ។

សូម​បញ្ជាក់ថា ប៉ូលិស និងប៉េអឹម​ច្រើន​នាក់​បានធ្វើការ​ឡោម​ព័ទ្ធ​​ចោរ​២​នាក់​ចូល​ប្លន់​​ធនាគារ​ អេស៊ីលីដា ​នៅទីប្រជុំ​ជន​ខាង​ត្បូង​ផ្សារ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ​ស្រុក​ស្ទឹង​ត្រង់ កាលពីវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣ មករា ​២០១៣ ​ដោយ​ចាប់​បុគ្គ​លិក​ធនាគារ​២​នាក់​ឃាត់​​ឃាំង​​នៅក្នុង​អគារ​ធនាគារ​ធ្វើ​ ជា​ចំណាប់​ខ្មាំង ដើម្បី​ឱ្យ​​សមត្ថ​កិច្ចបើក​ផ្លូវ និង​ប្រគល់​ទ្រព្យ​ស​ម្បត្តិ​​ឱ្យ​ពួកគេ ។

​តាម​ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ​ចោរ​មាន​គ្នា​​២​នាក់​ប្រើ​កាំភ្លើង​ខ្លី១​ដើម ឆ្មក់​​ចូលភ្ជង់​​បុគ្គ​លិក​ក្នុងអគារធនាគារ​​អេស៊ីលីដា ដែល​ប្រចាំការ​​នៅទី​នោះ​​៣​នាក់ ដោយ​ចាប់​ចង​ និង​សំឡុត​​សួររក​លុយ ហើយ​ចោរ​​គំរាម​ថា កុំ​ចង់​រត់​ទៅណា​ឱ្យ​សោះ… ​ពួក​​គេ​បាន​ដាក់​គ្រាប់​បែក​នៅតាម​មាត់​ទ្វារ​​គ្រប់​អស់​ហើយ ប្រសិន​បើ​ហ៊ាន​រត់​ គេ​នឹង​ចុច​គ្រាប​បែក​ឱ្យ​ផ្ទុះ ។ ​បុគ្គ​លិកប្រុស​​ម្នាក់​ឈ្មោះ​​អាង ម៉ាត់លី អាយុ​​២០​ឆ្នាំ​មាន​ស្រុក​កំណើត​​​នៅភូមិ​ចាំនាង ឃុំ​ផ្តៅ​ជុំ ស្រុក​​ជើង​ព្រៃ ​ខេត្ត​កំពង់​ចាម បាន​និយាយឱ្យដឹង ខណៈ​រួចផុតពី​កណ្តាប់​ដៃ​ចោរ​​ថា «នៅ​ក្នុង​អគារ​ក៏ស្លាប់…រត់ក៏ស្លាប់​ រូបគេ​ក៏​ប្រថុយ​រត់​ចេញ​​មក​ក្រៅ​​តែ​ម្តង ក្រែងបាន​រួច​ខ្លួន»… ​ពេលនោះ​ប្រថុយ​រត់​ចេញតាម​ទ្វារ​ក្រោយ​លោត​ចេញពី​ជាន់​ទី​១ ​មកទើរ​លើ​ដំបូល​ផ្ទះអ្នក​ភូមិ​ជាប់គ្នា​នោះ​​ រួច​ហើយ​ស្រែក​ឆោឡោ​​ផ្អើល​​​គេឯងតែម្តង​… ភ្លាមៗ​នោះ​​រូបគេ​មានអារម្មណ៍​ថា គេមាន​ជីវិត​ម្តង​ទៀតហើយ​ គឺរួចផុតពី​អន្លុង​មច្ចុរាជ​ ហើយ​មិន​បង្អង់​យូរ​ក៏​​រហ័ស​រាយ​ការណ៍​​ទៅ​​សមត្ថ​កិច្ច ហើយ​ពេលនេះប៉ូលិស​​-ប៉េអឹម​​ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ​បាន​ពង្រាយកម្លាំងឡោមព័ទ្ធ​​ពួកចោរ​​ទាំង​២​នាក់​នោះយ៉ាង​ប្រុង​ប្រយ័ត្ន។ ​

ការតថ្លៃ​គ្នាត្រូវបាន​គេដឹងថា ​ពួកចោរ​កំពុង​បង្គាប់​​ឱ្យ​ប៉ូលិស​​បញ្ជូនថ្នាំញៀន​​ទៅឱ្យ​ពួក​គេ​ ប្រើប្រាស់​ក្នុង​ធនាគារ​ដើម្បី​ឱ្យ​ពួកគេ​​មាន​ស្មារតី​​រឹង​មាំ​តទៅ​ ទៀត… ពួក​ចោរគឺ​ជាអ្នក​ញៀនថ្នាំ ៕

ប្រភព : CEN, ភ្នំពេញប៉ុស្តិ៍ និង រូបភាពពីកោះសន្តិភាព

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ដំណឹងពិសេស, ពីណាពីណី and tagged , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s