រាជរដ្ឋាភិបាលប្រកាស​កាន់​មរណៈទុក្ខលើក​ទី​២ ថ្វាយ​ព្រះ​បរមសព រយៈពេល៧ថ្ងៃ


រាជរដ្ឋាភិបាល កម្ពុជា បាន​ចេញ​សារាចរ ស្តីពីព្រះរាជ​ពិធី​ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ដោយ​កំណត់​ឲ្យមាន​ការកាន់​មរណៈទុក្ខ គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ជា​ផ្លូវការលើក​ទី​២ រយៈពេល៧ថ្ងៃ ចាប់ពី​ថ្ងៃ​សុក្រ ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៣​។ ក្នុង​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​បរមសព ក៏​មាន​បាញ់​កាំ​ជ្រួច និង​កាំភ្លើង​ធំ​បី​លើក​ផង​ដែរ​។​

​បន្ទាប់​ពី​ព្រះករុណា សម្តេច​ព្រះមហាវីរក្សត្រ យាង​ចូល​ទិវង្គត កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ រាជរដ្ឋាភិបាល ក៏​បាន​ប្រកាស​ថ្ងៃ​កាន់​មរណៈទុក្ខ គោរ​ពព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ ជា​ផ្លូវការ​រយៈពេល ៧ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១២ ខណៈ​ដែល​ព្រះ​បរមសព​របស់​ព្រះអង្គ ត្រូវបាន​ដង្ហែ​ពី​ទីក្រុង​ប៉េកាំង មក​ដល់​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ​។​

​សារាចរ ធ្វើ​នៅ​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៣ ចុះហត្ថលេខា​ដោយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញថា ដើម្បី​ឲ្យ​ព្រះរាជ​ពិធី​ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ប្រព្រឹត្តទៅ​ប្រកបដោយ​ភាព​វិសេសវិសាល និង​ឧត្តុង្គឧត្តម រាជរដ្ឋាភិបាល សូម​ធ្វើ​ការណែនាំដូចតទៅ​៖

១-​ប្រកាស​ថ្ងៃ​កាន់​មរណៈទុក្ខ គោរព​ព្រះ​វិញ្ញាណក្ខន្ធ ជា​ផ្លូវការ លើក​ទី​២ រយៈពេល ៧ ថ្ងៃ ចាប់ពី​ថ្ងៃ​សុក្រ ៦ រោច ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព​.​ស​. ២៥៥៦ ត្រូវ​នឹង​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ដល់​ថ្ងៃ​ព្រហស្បតិ៍ ១២ រោច ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព​.​ស​. ២៥៥៦ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៣​។​

២-​គ្រប់​ក្រសួង ស្ថាប័ន គ្រឹះស្ថាន​សាធារណៈ និង​ឯកជន ព្រមទាំង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ត្រូវ​បង្ហូតទង់ជាតិ ត្រឹម​មួយ​ភាគបី នៃ​ដង ចាប់​ពី​លើ និង​ត្រូវ​តុបតែង​សញ្ញា​កាន់​មរណៈទុក្ខ លើ​ព្រះ​ឆាយា​លក្ខណ៍ ហើយ​ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវ​ពាក់​សញ្ញា​កាន់​មរណៈទុក្ខ ក្នុង​រយៈពេល​កាន់​មរណៈទុក្ខ​នេះ​។​

៣- ​គ្រប់​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍​ជាតិ និង​ឯកជន ព្រម​ទាំង​កន្លែង​កំសាន្ត​សប្បាយ ត្រូវ​ផ្អាក​ការផ្សាយ​នូវ​ទស្សនីយ៍ភាព ការសម្តែង និង​ការប្រគុំ​តន្ត្រី​ផ្សេងៗ ដែល​មាន​លក្ខណៈ​សប្បាយ​គគ្រឹកគគ្រេង ក្នុង​រយៈពេល ៧ ថ្ងៃនេះ​។​

៤-​ មន្ត្រីរាជការ​ទាំងអស់ ត្រូវ​ឈប់​សម្រាក​ពី​ការងារ នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ដែល​ជា​ថ្ងៃ​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរមសព និង​នៅ​ថ្ងៃទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ដែល​ជា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​។​

៥- ​គ្រប់​គ្រឹះស្ថាន​សាធារណៈ និង​ឯកជន អគារ​ពាណិជ្ជកម្ម និង​អាជីវកម្ម​គ្រប់​ប្រភេទ ស្ថិតនៅ​តាម​ដង​វិថី និង​មហាវិថី ដែល​ត្រូវ​ដង្ហែ​ក្បួន​ព្រះ​បរម​សព ត្រូវ​ផ្អាក​សកម្មភាព​ការងារ និង​អាជីវកម្ម របស់ខ្លួន នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៣​។​

៦-​ គ្រប់​វត្ត​អារាម បូជនីយដ្ឋាន​សាសនា និង​អាស្រម​វិបស្សនា ត្រូវ​រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ឲ្យបាន​វិសេសវិសាល សក្តិសម​នឹង​សេចក្តី​គោរព​ស្រឡាញ់ ដែល​ផុសចេញ​ពី​ក្រ​ឳ​បេះដូង ដោយ​រៀបចំ​និមន្ត​ព្រះសង្ឃ សូត្រមន្ត បង្សុកូល និង​ទូងស្គរ វាយ​គង ឃ្មោះ នៅ​ពេល​ចាប់ផ្តើម​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរមសព ចេញ​ពី​ព្រះបរមរាជវាំង ពេល​ព្រះ​បរមសព​យាង​ដល់​ទីលាន​វាល​ព្រះមេរុ និង​ពេល​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរមសព ទៅ​តាម​ព្រះរាជ​កម្មវិធី​។​

៧-​ក្នុង​ព្រះរាជ​ពិធី​ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ នឹង​មាន​ការ​បាញ់កាំភ្លើង​ធំ ១០១ ណាត់ ចំនួន ៣ លើក គឺ​លើក​ទី​មួយ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នៅពេល​ដែល​ព្រះ​បរម​សព ត្រូវ​ដង្ហែ​ចេញពី​ព្រះបរមរាជវាំង និង​លើក​ទី​ពីរ ប្រព្រឹត្តទៅ​នៅ​ពេល​ដែល​ព្រះ​បរមសព​ដង្ហែ​ដល់​ទីលាន​វាល​ព្រះមេរុ​។ ការបាញ់​លើក​ទី​បី នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី​៤ ខែ​កម្ភៈ ឆ្នាំ​២០១៣ នៅ​ពេល​ប្រារព្ធ​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​។​

៨-​ក្នុង​ព្រះរាជ ​ពិធី​ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ នឹង​មាន​ការរៀបចំ​បាញ់​កាំ​ជ្រួច ទៅ​តាម​ព្រះរាជ​កម្មវិធី​បុណ្យ​។​

៩-​ក្បួន​ដង្ហែ​ព្រះ​បរមសព អាច​នឹង​មាន​ប្រវែង​ប្រមាណ ១,៥ គីឡូម៉ែត្រ ទៅ ២ គីឡូម៉ែត្រ ដែល​ត្រូវ​ដង្ហែ​តាម​វិថី នឹង​មហាវិថី ចំងាយ ៦ គីឡូម៉ែត្រ​។ ក្នុង​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព នឹង​មាន​បំពាក់​ឧបករណ៍ ឧ​ឃោសន​សព្ទ នៅតាម​បណ្តោយ​វិថី និង​មហាវិថី ដែល​ត្រូវ​ដង្ហែ​ព្រះ​បរមសព ដើម្បី​ងាយស្រួល​ផ្តល់​ការណែនាំ និង​ជូន​ព័ត៌មាន ដល់​មហាជន​ទូទៅ​។ អាស្រ័យហេតុនេះ ប្រជាពលរដ្ឋ ដែល​ចូលរួម ក្នុង​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព ត្រូវ​យកចិត្តទុកដាក់​ស្តាប់ គោរព​តាម​ការណែនាំ របស់​អ្នក​ចាត់ចែង​ព្រះរាជ​ពិធី​បុណ្យ ឲ្យបាន​ម៉ឺងម៉ាត់​។ ជាងនេះទៅទៀត ព្រះរាជ​ពិធី​ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព នឹង​ត្រូវបាន​ផ្សាយ​បន្ត​ផ្ទាល់​នៅលើ​កញ្ចក់​ទូរទស្សន៍ LED ខ្នាត​ធំ ទំហំ ២ម៉ែត្រ x ៣ម៉ែត្រ នៅ​តាម​ទីតាំង​សំខាន់ៗ ដូចជា​៖

-​ចំណតរថយន្ត​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​        -​ទីលាន​ទីក្រុង​កោះ​ពេជ្រ​
-​ចំណត​ឡាន​ចោមចៅ មុខ​ផ្សារ​ចោមចៅ​            -​ទីលាន​ប្រជាធិបតេយ្យ​
-​សួន​ក្នុង​បរិវេណ​មហោស្រព​ចេនឡា​                -​សួនច្បារ​ផ្សារ​ចាស់​
-​លំហរ​ទល់មុខ​ផ្សារ​ស៊ិន​ជូ​រី​ផ្លាសា​ពោធិចិនតុង    -​លើ​សួនច្បារ​សូគីម៉ិច​ផ្លូវជាតិ​លេខ៥​
​-​ចំណត​ឡាន​ផ្ទេរ​ទំនិញ​ក្បាលថ្នល់​                    -​សួនច្បារ​ក្រុង​តាខ្មៅ
-​ចំណត​ឡាន​វាល​ស្បូវ របស់​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច  -​មុខ​សាល​មហោស្រព​ចតុមុខ​
-​អតីត​ចំណត​ឡាន ព្រែកលៀប របស់​ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច​    ​
-​បរិវេណ​ខាងក្នុង​រមណីយដ្ឋាន ចំការ​ព្រីង ជិត​វត្ត​សំរោង​អណ្តែត​

១០- ​ក្រសួង​ការពារជាតិ ក្រសួងមហាផ្ទៃ និង​សាលា​រាជធានី​ភ្នំពេញ ត្រូវ​បង្កើន​ការការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​នេះ ឲ្យបាន​ល្អ​ប្រសើរ​។​

១១- ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ក្រសួង​ព័ត៌មាន គ្រប់​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍​ជាតិ និង​ឯកជន ត្រូវ​ផ្សព្វផ្សាយ​អំពី​ព្រះរាជ​កម្មវិធី​បុណ្យ ពិធី​ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ឲ្យបាន​ទូលំទូលាយ​៕​

ចុចត្រង់នេះដើម្បីមើលរូបភាពប្រកាស

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ដំណឹងពិសេស and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s