នរណា​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រឹត្តិការណ៍រដ្ឋប្រហារ​ថ្ងៃ​៥-​៦ កក្កដា ១៩៩៧?


ព្រឹត្តិការណ៍​នេះ​បណ្ដាល​ឲ្យ​ពលរដ្ឋ​កម្ពុជា មាន​ការ​ភ័យ​ខ្លាច​បន្ទាប់​ពី​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ ១៨ មីនា ឆ្នាំ​១៩៧០ បង្ក​ឡើង​ដោយ លន់ នល់ និង ១៧ មេសា ឆ្នាំ​១៩៧៥ បង្ក​ឡើង​ដោយ ប៉ុល ពត។

ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ថ្ងៃ​ទី​៥-​៦ កក្កដា ឆ្នាំ ១៩៩៧ មាន​ការ​ផ្ទុះ​អាវុធ​ដ៏​បង្ហូរ​ឈាម​មួយ នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ ដែល​អ្នក​ខ្លះ​ហៅ​ថាជា​«រដ្ឋ​ប្រហារ» រវាង​កង​ទាហាន ​ដែល​​ស្មោះ​ត្រង់​នឹង​ទ្រង់ រណឫទ្ធិ ដែល​កាល​ណោះ​ជា​នាយករដ្ឋមន្រ្តី​ទី​១ និង​ទ័ព​ម្ខាង​ទៀត​ដែល​​ស្មោះ​ស្ម័គ្រ​នឹង​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ទី​​២ បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​រយ​នាក់​ស្លាប់ និង​រង​របួស។ការ​ផ្ទុះ​អាវុធ ដែល​មាន​ការ​បាញ់​​ផ្លោង​កាំភ្លើង​ធំ និង​ប្រើ​កង​រថ​ក្រោះ នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ ដែល​មាន​មនុស្ស​ច្រើន​កុះករ​នោះ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ធ្វើ​ឲ្យ​កង​កម្លាំង​ និង​មន្ត្រី​ដែល​ស្មោះត្រង់ ​នឹង​ព្រះ​អង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ យ៉ាង​ហោច​ណាស់ ជាង ១០០ នាក់ ត្រូវ​បាន​គេ​សម្លាប់ ទាំង​នៅ​ក្នុង​ព្រឹត្តិការណ៍​និង​នៅ​ក្រោយ​ព្រឹត្តិការណ៍។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​ត្រឹម​តែ​មិន​មាន​នរណា​ម្នាក់ ឬ​ក្រុម​ណា​មួយ ​ត្រូវ​បាន​គេ​នាំ​យក​ទៅ​ផ្តន្ទាទោស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អ្នក​ដែល​គេ​មើល​ឃើញ​ថា មាន​ចំណែក​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ ហាក់​បី​ដូច​ជា​បាន​នាំ​គ្នា​បំភ្លេច​ពី​ព្រឹត្តិការណ៍​នេះ​ទៅ​វិញ​។
លោក ញឹក ប៊ុនឆៃ អតីត​មេទ័ព​គណបក្ស​ហ៊្វុនស៊ិនប៉ិច បច្ចុប្បន្ន​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី នៅ​ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន​ ​ដែល​មាន​សម្ព័ន្ធភាព ស្អិតល្មួត ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ហាក់​បាន​បន្ទោស​និង​ទម្លាក់​កំហុស​ ទៅ​លើ​ព្រះអង្គ​ម្ចាស់​នរោត្តម រណាឫទ្ធិ ចំពោះ​ការ​កើត​មាន​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ដ៏​បង្ហូរ​ឈាម នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី ៥-៦ កក្កដា កាល​ពី ១៦ ឆ្នាំ​មុន ថា​កើត​ឡើង​ដោយ​សារ​ការ​មិន​ជឿ​ទុក​ចិត្ត​គ្នា​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​​។គូស​បញ្ជាក់​ថា​៖ «ព្រះ​អង្គ​ (រណឫទ្ធិ) ចង់​ឲ្យ​កម្លាំង​មាន​តុល្យភាព ជាមួយ​នឹង​កង​កម្លាំង​របស់​គណបក្ស​ ប្រជាជន​កម្ពុជា ខណៈ​ពេល​ដែល​ព្រះ​អង្គ​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី​ទី ១ ព្រះ​អង្គ​មាន​កងទ័ព​តែ ២០០០០ នាក់ ហើយ​លោក ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​ទី ២ មាន​កង​ទ័ព​រហូត​ដល់​ ១១០០០០ នាក់​ ហើយសម្តេច​ក្រុម​ព្រះ​គ្មាន​ហេតុផល​អ្វី ត្រូវ​បង្កើត​ព្រឹត្តិការណ៍​នេះ​ទេ ព្រោះ​ព្រះ​អង្គ​ជា​អ្នក​ឈ្នះ​ឆ្នោត ហើយ​ព្រះ​អង្គ​សង្ឃឹម​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ១៩៩៨ ទៀត។

អ្នក​តាម​ដាន​ហេតុការណ៍​នោះ​ឲ្យ​ដឹង​ថា មាន​ការ​សម្លាប់​​ក្រៅ​ប្រព័ន្ធ​តុលាការ​ទៅ​លើ​ក្រុម​មន្ត្រី​ដែល​ស្និទ្ធ​ នឹង​ទ្រង់ រណឫទ្ធិ ផង​ដែរ។ សង្គម​ស៊ីវិល និង​អ្នក​វិភាគ​លើក​ឡើង​ថា មនុស្ស​ស្លាប់ និង​របួស ១៦​ឆ្នាំ​ទៅ​ហើយ មិន​មាន​អ្នក​នយោបាយ​ណា​ម្នាក់​ចេញ​មុខ​មក​ទទួល​ខុស​ត្រូវ ឬ​សារភាព​កំហុស​របស់​ខ្លួន​ឲ្យ​ពលរដ្ឋ​បាន​អស់​ចិត្ត​នោះ​ឡើយ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (LICADHO) លោក អំ សំអាត នៅ​ថ្ងៃ​ទី​០៤ កក្កដា មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍ ៥-​៦ កក្កដា ឆ្នាំ​១៩៩៧ ជា​ព្រឹត្តិការណ៍​គួរ​ឲ្យ​សោកស្តាយ និង​មិន​គួរ​កើត​ឡើង។ លោក​បន្ត​ថា ១៦​ឆ្នាំ​កន្លង​ទៅ​នៅ​តែ​គ្មាន​នរណា​ម្នាក់​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ ឡើយ។

លោក អំ សំអាត បញ្ជាក់​ថា អ្នក​ដែល​បង្ក​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​បែរ​ជា​ចង់​ឲ្យ​មហាជន​បំភ្លេច​ហេតុការណ៍​នេះ​ទៅ​វិញ៖ «ត្រូវ ​តែ​មាន​ការ​ចងចាំ​ថ្ងៃ​នោះ ជា​ថ្ងៃ​ដែល​គេ​ចាត់​ទុក​ថា ជា​ថ្ងៃ​រដ្ឋ​ប្រហារ​មាន​អ្នក​រង​របួស និង​ស្លាប់​រាប់​រយ​នាក់​ដែល​មិន​បាន​ទទួល​នូវ​ភាព​យុត្តិធម៌ និង​ការ​ទទួល​ខុស​ត្រូវ​ពី​អ្នក​នយោបាយ​ណា​ម្នាក់​ឡើយ យើង​មាន​ការ​សោកស្ដាយ និង​មិន​អាច​ទទួល​យក​បាន​ទេ»

លោក អំ សំអាត បន្ត​ថា សុំ​ឲ្យ​ពលរដ្ឋ​មាន​ការ​ចងចាំ​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​នេះ ហើយ​ចូល​រួម​ទប់​ស្កាត់ និង​លើក​តម្កើង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ពេល​កន្លង​ទៅ​ជាមួយ​វិទ្យុ​អាស៊ីសេរី លោក ប្រែត អាដាម (Brad Adams) នាយក​ប្រតិបត្តិ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ទទួល​បន្ទុក​ផ្នែក​អាស៊ី និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​តាមដាន​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ថ្ងៃ​ទី​៥-​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ យ៉ាង​ដិត​ដល់​នោះ បាន​ឲ្យ​ដឹង​ថា មន្រ្តី​យោធា​ជាន់​ខ្ពស់​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ត្រូវ​បាន​ចាប់​ខ្លួន និង​សម្លាប់​ជា​ប្រព័ន្ធ​ក្រោយ​ពេល​រដ្ឋ​ប្រហារ។

លោក ប្រែត អាដាម និយាយ​ពីស្ថានភាព​អ្នក​បាត់បង់​អាយុ​ជីវិត​នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ ឈាម ៥-​៦ កក្កដា ថា មាន​សាកសព​ជា​ច្រើន​ត្រូវ​បាន​គេ​ដឹក​ទៅ​ចាក់​ចោល​នៅ​តំបន់​ពេជ្រនិល ហើយ​សាកសព​ទាំង​ស្លៀក​តែ​ខោ​ក្នុង និង​ចង​ក្រមា​រុំ​មុខ​ជិត ដោយ​គេ​បាញ់​បំបែក​ក្បាល។ លោក ប្រែត អាដាម បន្ត​ថា ពេល​ដែល​លោក​ទៅ​ពិនិត្យ​សាកសព​កាល​នោះ​មាន​កង​ទាហាន​មួយ​ក្រុម​មក​ឃាត់​លោក ហើយ​ពីរ​ថ្ងៃ​បន្ទាប់​បាត់​សាកសព​ទាំង​នោះ​អស់​តែ​ម្តង។

អ្នក​វិភាគ​បញ្ហា​សង្គម​យល់​ថា កាល​បង្ហូរ​ឈាម​ឆ្នាំ​១៩៩៧ មិន​ត្រឹម​តែ​សម្លាប់​មនុស្ស​ទេ ថែម​ទាំង​រារាំង​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ទៀត​ផង។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-​៦ កក្កដា ជា​ព្រឹត្តិការណ៍​ដណ្ដើម​អំណាច​គ្នា​ដែល​បំបាក់​កំលាំង​គណបក្ស​ ហ៊្វុនស៊ិនប៉ិច និង​បណ្ដាល​ឲ្យ​មនុស្ស​ដែល​គាំទ្រ​គណបក្ស​នេះ​ជា​ច្រើន​បាន​ស្លាប់ និង​របួស។ លោក​បន្ត​ថា ថ្នាក់ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​បាន​គិតគូរ​ពី​ការ​សម្លាប់​របស់​សមាជិក​ខ្លួន​ឡើយ។

លោក ឡៅ ម៉ុងហៃ បញ្ជាក់​ថា ការ​បង្ហូរ​ឈាម​ថ្ងៃ​៥-៦ កក្កដា បណ្ដាល​មក​ពី​ការ​សម្រេច​ចិត្ត​របស់​អ្នក​នយោបាយ​សុទ្ធសាធ៖ «ផល ​វិបាក ៥-​៦ កក្កដា ១៩៩៧ នាំ​ឲ្យ​មាន​ការ​បែរ​ទៅ​រក​អំណាច​ខ្លាំង​មួយ​របស់​គណបក្ស​មួយ​ដែល​ប៉ះពាល់​ ដល់​លទ្ធិប្រជាធិបតេយ្យ​នៃ​ប្រទេស​កម្ពុជា»

យុវជន​ម្នាក់​ឈ្មោះ ឆាយ វុទ្ធី រស់​នៅ​ទីក្រុង​ភ្នំពេញ មាន​ប្រសាសន៍​ថា ខ្លួន​មាន​ការ​ភ័យ​ខ្លាច​ណាស់​កាល​ឆ្នាំ​១៩៩៧។ លោក​បន្ត​ថា លោក​មាន​ប្អូន​ប្រុស​ម្នាក់​ក៏​ត្រូវ​ពិការ​ដៃ​ដោយសារ​រត់​គេច​ពី​ការ​ ប្រយុទ្ធ​គ្នា​កណ្ដាល​ទីក្រុង​ភ្នំពេញ ឯ​ពូ​របស់​លោក​ត្រូវ​បាន​ស្លាប់ ដោយសារ​ការ​បាញ់​គ្នា​នៅ​តាំង​ក្រសាំង។

លោក ឆាយ វុទ្ធី បញ្ជាក់​ថា លោក​មិន​ពេញ​ចិត្ត​សោះ​ចំពោះ​អ្នក​ដែល​ដឹកនាំ​ការ​ច្បាំង​គ្នា​ពេល​នោះ ដូចជា​លោក ហ៊ុន សែន សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ និង​លោក ញឹក ប៊ុនឆៃ ជា​ដើម។

ព្រឹត្តិការណ៍ ៥-​៦ កក្កដា ១៩៩៧ ផ្ដល់​នូវ​គុណ​វិបត្តិ​ជា​ច្រើន​ទៀត ដែល​មាន​ផល​ប៉ះពាល់​យ៉ាង​ច្រើន​ដល់​វិស័យ​សេដ្ឋកិច្ច និង​នយោបាយ​កម្ពុជា។

សកលវិទ្យាធិការ​សកល​វិទ្យាល័យ​ខេមរៈ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ដើម​ចម​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​ឆ្នាំ​១៩៩៣ ត្រូវ​បាន​បំផ្លាញ។ លោក​បន្ត​ថា ព្រឹត្តិការណ៍​នេះ​បង្ក​ឲ្យ​ពលរដ្ឋ​ទូទាំង​ប្រទេស​មាន​ការ​ភ័យ​ខ្លាច​ប្រទេស ​ឆ្លៀត​យក​ចំណេញ​ពី​ព្រឹត្តិការណ៍​នោះ និង​ជា​ពិសេស​ប៉ះពាល់​ដល់​អ្នក​វិនិយោគ៖ «វិនិយោគ​រយៈពេល​វែង និង​ខ្នាត​ធំ​គេ​រត់​អស់ ព្រោះ​គេ​វិនិយោគ​ គេ​យក​លុយ​មក​មិន​មែន​យក​ទ័ព​មក​ទេ»

អ្នក​នាំ​ពាក្យ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត មាន​ប្រសាសន៍​ថា មាន​អ្នក​នយោបាយ​មួយ​ចំនួន​មិន​ហ៊ាន​និយាយ​ពី​ព្រឹត្តិការណ៍​ថ្ងៃ ៥-​៦ កក្កដា ១៩៩៧ ឲ្យ​ពលរដ្ឋ​បាន​យល់​ឡើយ ដោយសារ​ពួក​គេ​ខ្លាច​បាត់បង់​អំណាច។ លោក​បន្ត​ថា កាល​នោះ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មិន​មែន​ជា​អ្នក​បញ្ជា​ឲ្យ​បង្កើន​កំលាំង​ទ័ព​ប្រជែង​នឹង​គណបក្ស​ប្រជាជន​ ឡើយ។

លោក​បញ្ជាក់​ថា ដើម្បី​រក្សា​សន្តិភាព ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មិន​ដែល​រំលឹក​ពី​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ទេ៖ «នៅ ​ពេល​ដែល​កូន​ចៅ​ព្រះអង្គ​ម្នាក់​ទៅ​ប្រព្រឹត្ត​ទង្វើ​ដែល​ផ្ទុយ​ពី​ គោលនយោបាយ​របស់ នរោត្តម រណឫទ្ធិ គេ​គិត​ថា រណឫទ្ធិ ជា​អ្នក​បញ្ជា។ យើង​មិន​រំលឹក​ទេ យើង​ចង់​ឲ្យ​ប្រទេស​ជាតិ​សុខសាន្ត»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ញឹក ប៊ុនឆៃ និង​មន្ត្រី​ជាន់​​ខ្ពស់​ដែល​ស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទេ នៅ​ថ្ងៃ​ទី​០៤ កក្កដា ឆ្នាំ​២០១២។

ទោះ​ជា​យ៉ាង​ណា​ក្តី លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ជា​ច្រើន​សា​ថា ហេតុការណ៍​បង្ហូរ​ឈាម​ដែល​អ្នក​មួយ​ចំនួន​ហៅ​ថា ជា​រដ្ឋ​ប្រហារ​នោះ បង្ក​ឡើង​ដោយ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ណែ​នាំ​ មួយ ដែល​ចុះ​កាល​បរិច្ឆេទ​​ថ្ងៃ​ទី​៦ កក្កដា ឆ្នាំ​២០១១ ថា ការ​ប្រើ​ពាក្យ “រដ្ឋ​ប្រហារ” អាច​ធ្វើ​ឲ្យ​សាធារណជន​យល់​ច្រឡំ​ចំពោះ​ព្រឹត្តិការណ៍​នេះ។ លោក​​បាន​ណែនាំ​ឲ្យ​អ្នក​សារព័ត៌មាន​ហៅ​ថា ជា ”ជម្លោះ​ផ្ទៃ​ក្នុង​នៃ​រាជ​រដ្ឋាភិបាល​ដែល​បាន​ឈាន​ទៅ​ដល់​ការ​ប្រឈម​មុខ​ ដាក់​គ្នា​ដោយ​អាវុធ”។

មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា គណបក្ស សម រង្ស៉ី ធ្វើ​ខួប​រំលឹក​ពី​ថ្ងៃ​៥-​៦ កក្កដា ជា​រៀង​រាល់​ឆ្នាំ។ លោក​បន្ត​ថា ការ​ដែល​មនុស្ស​ស្លាប់​ជា​ច្រើន​ហើយ​មិន​មាន​ជន​ណា​ម្នាក់​ទទួល​ខុស​ត្រូវ បង្ហាញ​ថា កម្ពុជា​ផ្ដល់​ឱកាស​អ្នក​ដែល​ធ្វើ​ខុស​ហើយ​រួច​ទោស​នៅ​ក្រៅ​សំណាញ់​ច្បាប់។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា លោក​សុំ​ឲ្យ​មាន​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​សម្លាប់​មនុស្ស​ជា​ច្រើន​ នាក់​នៅ​ក្នុង​ហេតុការណ៍​បង្ហូរ​ឈាម ៥-​៦ កក្កដា ១៩៩៧។

លោក អំ សំអាត៖ «យ៉ាង​ហោច​ណាស់​ក៏​មាន​អ្នក​នយោបាយ​ណា​ម្នាក់​ចេញ​មុខ​ ទទួល​ខុស​ត្រូវ​ក្នុង​ទង្វើ​នោះ​ដែរ នេះ​ជា​គំរូ​មួយ​ដែរ​សម្រាប់​អ្នក​នយោបាយ​ក្រោយៗ កុំ​ឲ្យ​ធ្វើ​ដូច​ហ្នឹង​ទៀត។ ការ​យក​អាយុ​ជីវិត​មនុស្ស​មក​ធ្វើ​នយោបាយ​ជា​រឿង​មួយ​រំលោភ​សិទ្ធិ​មនុស្ស​ យ៉ាង​ធ្ងន់ធ្ងរ​បំផុត»

នៅ​ក្នុង​កិច្ច​សម្ភាសន៍​នៅ​ពេល​កន្លង​ទៅ​ជាមួយ​វិទ្យុ​អាស៊ីសេរី លោក ប្រែត អាដាម នាយក​ប្រតិបត្តិ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​អះអាង​ឲ្យ​ដឹង​ថា មន្រ្តី​ជាន់​ខ្ពស់​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដូច​ជា​លោក ចៅ សម្បត្តិ និង​លោក ក្រូច យឿម ត្រូវ​បាន​សម្លាប់​ក្រោយ​ពេល​ដាក់​អាវុធ ឬ​ប្រគល់​ខ្លួន រីឯ​លោក ហូ សុខ ត្រូវ​បាន​បាញ់​សម្លាប់ ខណៈ​ស្ថិត​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ក្នុង​ក្រសួង​មហាផ្ទៃ។ លោក​បន្ត​ថា រដ្ឋាភិបាល​បែរ​ជា​បង្ហាញ​ភស្តុតាង​ដែល​មិន​គួរ​ឲ្យ​ជឿ​ពី​ការ​ស្លាប់​របស់​ មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

បន្ទាប់​ពី​ព្រឹត្តិការណ៍ ៥-​៦ កក្កដា ១៩៩៧ មិន​មាន​គណបក្ស​ណា​មួយ​សង​ជំងឺ​ចិត្ត ឬ​ចេញ​ថ្លៃ​ខូចខាត​ជូន​ពលរដ្ឋ​ឡើយ។ គ្រប់​គណបក្ស​បែរ​ជា​ត្រៀម​ប្រជែង​គ្នា​រៀងៗ​ខ្លួន។ អ្នក​វិភាគ​កត់​សម្គាល់​ថា ភាគី​ទាំង​សង​ខាង​ដែល​ដឹក​នាំ​ដោយ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និង​លោក ហ៊ុន សែន ជា​អ្នក​នយោបាយ​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ទេ។ អ្នក​នយោបាយ​ទាំង​ពីរ​មិន​ដែល​ស្វែង​រក​គ្រួសារ​រង​គ្រោះ​ដោយ​ព្រឹត្តិការណ៍ ​បង្ហូរ​ឈាម ដើម្បី​ផ្សះផ្សា​ផ្លូវ​ចិត្ត​ពួក​គេ​ម្ដង​ណា​ឡើយ។

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ត្រដាងការពិត, ពីណាពីណី and tagged , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s