មតិខ្ញុំចំពោះសារាចរណ៍ណែនាំស្ដីពីការបិទហាង​អ៊ីនធើណេតរបស់ក្រសួងប្រៃណីស៍


ឃើញថាសឹងតែ៩០តំបន់ភ្នំពេញ គ្មានហាងអ៊ីនធើណេត

រង្វង់ក្រហមជាកន្លែងហាមមានហាងអ៊ីនធើណេត

សារាចរណ៍ណែនាំ
ស្ដីពី
វិធានការទប់ស្កាត់បាតុភាពអសកម្មមួយចំនួនពាក់ព័ន្ធជាមួយនឹងអាជីវកម្មសាលអ៊ីនធើណេតកាហ្វ
ដែលបានចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២នេះមានអត្ថន័យជាគោលថា

+គ្រប់ហាងអ៊ីនធើណេតដែលនៅជិតគ្រឹះស្ថានសិក្សា និងសាលារៀន ត្រូវរើទីតាំងចំងាយ​យ៉ាងតិច​៥០០​ម៉ែត្រ ដើម្បីកុំឲ្យមានការរំខានដល់ការសិក្សារបស់សិស្សានុសិស្ស។
*ត្រង់ចំនុចនេះ ខ្ញុំមិនគាំទ្រទេ តើត្រូវមានហេតុផល​អ្វីត្រូវរើទីតាំង​ចំងាយ​ដល់​ទៅ​៥០០​ម៉ែត្រ​យ៉ាងតិចឃ្លាតពីសាលារៀននោះ? ត្រឹម១០០ម៉ែត្រគឺគ្រប់គ្រាន់ពេកហើយ ហើយម៉្យាង​វាមិនមែន​សុទ្ធហាងអ៊ីនធើណេតទាំងអស់នោះ សិស្សចូលលេងនោះទេ ព្រោះកន្លែងខ្លះគ្មានហ្គេម ហើយ​ប្លុកគេហទំព័រអាសអាភាសទៀត។ បើទោះជាកាត់បន្ថយការគេចសាលារបស់សិស្សមែន ក៏សិស្ស​នៅតែគេចដដែល ព្រោះនៅមានក្លិបកំសាន្ត  និងហាងការ៉ាអូខេ ហើយពួកគេ​អាចដើរ​ផ្សារ​ទិញ​ឥវ៉ាន់​ចំពោះសិស្សស្រី  និងគេចទៅលេងស្នុកឃ័រ រឺទៅលេងអ្វីផ្សេង​ទៀតក្រៅពីហ្គេម។ (បំបាត់សេរីភាពក្នុងការទទួលព័ត៌មានតាមអ៊ីនធើណេត)

+មិនអនុញ្ញាតឲ្យហាងអ៊ីនធើណេតធ្វើជាកន្លែងលេងល្បែងហ្គេមគ្រប់ប្រភេទ ជាពិសេសល្បែងទាំងឡាយណា ដែលមានលក្ខណៈជាល្បែងស៊ីសង ដូចជាភ្នាល់បាល់ លេងកន្ទុយលេខ។
* ចុះមនុស្សភ្លីភ្លើណាដែលមិនដឹងថាភាពខុសគ្នារវាងល្បែងកំសាន្ត និងល្បែងស៊ីសងនោះ។ គេថាល្បែងស៊ីសងជាល្បែងខុសច្បាប់ ឯងល្បែងកំសាន្ត​ជាល្បែងស្របច្បាប់ តើល្បែងហ្គេមមួយណាជាល្បែងស៊ីសង ដែលកំពុងមានវត្តមាន ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកំពុងបំពុលក្មេងៗសិស្សសាលា និងយុវជនមួយចំនួនធំនោះ?
ដូចជាគ្មានទេ មានតែល្បែងហ្គេមកំសាន្ត(ល្បែងហ្គេមអនឡាញ) តែប៉ុណ្ណោះ។
តើមនុស្សប៉ុន្មាននាក់ដែលចាក់កន្ទុយលេខតាមអនឡាញនោះ? ដូចមិនដល់១០០នាក់ផងទេ បើគេចង់ចាក់នោះ គេគ្រាន់តែតេទូរស័ព្ទក៏ចាក់បានហើយ មិនចាំបាច់អ្វីទាល់តែមានកុំព្យូទ័រ ទើបចាក់បាននោះទេ។​ អីចឹងមានន័យថាល្បែងហ្គេមអនឡាញនៅតែស្របច្បាប់ដដែល សិស្ស និងយុវជនជំទង់នៅ​តែចូលលេង គ្រាន់តែមិនសូវញឹកញាប់ដូចមុន ព្រោះវាឆ្ងាយពីទីតាំងសាលាដល់ទៅ៥០០ម៉ែត្រឯណោះ តើនរណាអាចដើរ រឺជិះកង់ទៅលេង​បាន​នោះ? (វិធានការបំផ្លី និងយកលេស)

+ហាមយកទីតាំងសាលអ៊ីនធើណេតកាហ្វេ សំរាប់អនុញ្ញាតឲ្យភ្លៀវឆែកមើលគេហទំព័រអាស​អាភាសគ្រប់ប្រភេទ ដែលជាបព្វហេតុជំរុញឲ្យមានបទល្មើសផ្សេងដូចជាការរំលោភផ្លូវភេទ និង​អំពើហិង្សារក្នុងគ្រួសារ ដែលធ្វើឲ្យបាត់បង់នូវសេចក្ដីថ្លៃថ្នូរសង្គម និងប៉ះពាល់ដល់ទំនៀមទំលាប់ និងប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។
*គួរតែហាមក្មេង និងឃ្លាំមើលក្មេងបើវិបសាយអាសអាភាសបានត្រូវជាង ព្រោះមនុស្សដែល​មក​ប្រើអ៊ីនធើណេតកាហ្វេគឺជាប្រភេទមនុស្សគ្រប់ជំពូក ដែលហៅថាចាប់ឆាយ និងមួយវិញទៀត ការរំលោភផ្លូវភេទ និងអំពើហិង្សាក្នុងគ្រួសារភាគច្រើន បង្កមកពីជាតិស្រវឹង និងចរិកមនុស្ស​ប៉ុណ្ណោះ វាមានករណីតិចតួចបំផុតដែលកើតឡើងដោយសារវីដេអូអាសអាភាស។ យើងគួរណាស់តែអប់រំនិងទប់ស្កាត់ការចូលលេងរបស់ក្មេងៗ ដោយប្រើ់កាមេរ៉ាសុវត្ថិភាព​(PPCTV រឺក៏ កាមេរ៉ាឃ្លាំមើល) ជាជាបំបិទឲ្យអ្នកគ្រប់អាយុបើកមើល​ ម៉្យាងទៀត ទោះអ៊ីនធើ​ណេត​តាមផ្ទះផ្ទាល់ខ្លួនក៏អាចបើកបានដោយសេរីនូវគេហទំព័រអាសអាភាស ។ យើង​គួរគប្បី អប់រំ និងប្រាប់ពីចំនុចអវិជ្ជមាននៃអ៊ីនធើណេតនៅតាមសាលារៀន និងគ្រឹះស្ថានសិក្សា ទើបប្រសើរ។
(ល្ងង់ និងអសមត្ថភាពក្នុងការគ្រប់គ្រង)

+ហាមដាច់ខាត ការយកទីតាំងសាលបំរើអ៊ីនធើណេតកាហ្វេ ធ្វើជាកន្លែងប្រើប្រាស់ ចរាចរ និងជួញ​ដូរគ្រឿងញៀនគ្រប់ប្រភេទ និងធ្វើជាកន្លែងប្រព្រឹត្តិអំពើឧក្រិដ្ឋដទៃទៀត ដូចចាការ​ចាប់ជម្រឹត​មនុស្សឆ្លងដែន លាងលុយកខ្វក់ និងការជួញដូរផ្លូវភេទឆ្លងដែនជាដើម ដែលហេតុ​បង្កឲ្យមាន​ផលប៉ះពាល់ច្រើនយ៉ាងដល់ សុខភាព សុវត្ថិភាព និងសន្តិសុខសង្គម ព្រមទាំងជះ​ឥទ្ធិពលមិនល្អ​ដល់កិត្តិយស និងកិត្យានុភាពសង្គមជាតិ។
*កន្លែងប្រើប្រាស់ ចរាចរ និងជួញ​ដូរគ្រឿងញៀនគ្រប់ប្រភេទ និងធ្វើជាកន្លែងប្រព្រឹត្តិអំពើ​ឧក្រិដ្ឋដទៃទៀត ដូចចាការ​ចាប់ជម្រឹត​មនុស្សឆ្លងដែន លាងលុយកខ្វក់ និងការជួញដូរផ្លូវភេទ​ឆ្លងដែនជាដើមនោះ គួរតែទៅឆែកឆេរនៅតាម ក្លឹបកំសាន្ត បារ និងខារាអូខេ និងកន្លែងផឹកស៊ី ទើបវាត្រឹមត្រូវជាង ព្រោះបើគេចង់លាងលុយកខ្វក់នោះ គឺគេមិនលាងតាមអ៊ីនធើណេតកាហ្វេទេ ព្រោះ លេខ IP address អ៊ីនធើណេតកាហ្វេងាយស្រួលគេលួច (Hack) មិនអាចធានានូវជំនួញ​ឧក្រិដ្ឋកម្មបានទេ ហើយម៉្យាង កាជម្រឹតមនុស្សឆ្លងដែន និងជួញដូរផ្លូវភេទវិញ តើអាចប្រព្រឹត្តម្ដេច​បានបើក្នុងសាល (ហាង) អ៊ីនធើណេតកាហ្វេភាគច្រើន សុទ្ធតែមានកម្មវិធីតាមដានសកម្មភាព អ្នកប្រើប្រាស់នោះ?  ឧក្រិដ្ឋកម្មប្រភេទដូចនេះ គេកម្រនឹងប្រើអ៊ីនធើណេតសាធារណៈណាស់។
ប្រសិនជាគេចង់ធ្វើបទឧក្រិដ្ឋវិញនោះ គ្រាន់តែគេប្រើទូរស័ព្ទមួយដែលមានអ៊ីនធើណេត ប្រើអ៊ីម៉ែល  កុំព្យូទ័រផ្ទាល់ខ្លួន ក៏គេអាចប្រព្រឹត្តបទល្មើស និងដោះដូរទំនិញខុសច្បាប់បានដែរ។
(ខ្វះបទពិសោធន៍បច្ចេកទេសក្នុងការបង្រ្កាបបទឧក្រិដ្ឋ)

តាមរយៈការណែនាំខាងលើទាំង៤ចំនុចនេះគ្រាន់តែជាលេសបំបាត់សេរីភាពខាងទទួលព័ត៌មាន ដែលសំអាងលើអសន្តិសុខសង្គម សេចក្ដីថ្លៃថ្នូរសង្គម និងប៉ះពាល់ដល់ទំនៀមទំលាប់ និងប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ប៉ុន្តែសូមកុំភ្លេចថា ថ្នាំពេទ្យក៏ជាអាវុធមុខ២ដែរ បើប្រើល្អ ជានាំមកសុខភាព  តែបើប្រើមិនល្អ វាអាចនាំមកនូវគ្រោះថ្នាក់។
ខ្ញុំសូមណែនាំទៅវិញនូវវិធីល្អជាងនេះ៖

1- សូមណែនាំក្រុមហ៊ុនផ្ដល់សេវាល្បែងហ្គេមអ៊ីនធើណេត ឲ្យឈប់ពង្វក់ក្មេង ត្រូវអនុញ្ញាតតែមនុស្សធំលេងប៉ុណ្ណោះ ចំពោះក្មេងមិនទាន់គ្រប់អាយុ ហាមចូលលេងតាមហាងអ៊ីនធើណេតសាធារណៈតទៅទៀត។
2- ត្រូវមានមធ្យោបាយ និងបច្ចេកទេសខ្ពស់ក្នុងការគ្រប់គ្រងហាងអ៊ីនធើណេត ដើម្បីទប់ស្កាត់បទឧក្រិដ្ឋនានា ដែលកំពុងកើត និងបំរុងនឹងកើតមាន។
3- ជូនដំណឹងដល់ ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធើណេត ដើម្បីឲ្យបិទអាសយដ្ឋានគេហទំព័រ​អាសអាសភាស គេហទំព័រល្បែងភ្នាល់គ្រប់ប្រភេទ និងធ្វើការគ្រប់គ្រងឲ្យមានប្រសិទ្ធភាព។
4- ផ្ដល់សេវាអ៊ីនធើណេតដល់ប្រជាពលរដ្ឋដែលប្រើនៅតាមផ្ទះ ក្នុងតំលៃថោក ដើម្បីឲ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលយកព័ត៌មាននានា ជុំវិញពិភពលោក។

សុំដាក់តែ៤ចំនុចទៅវិញប៉ុណ្ណោះ ព្រោះប៉ុនណឹង គឺវាគ្រប់គ្រាន់ពេកហើយ។

វិធីដែលសំខាន់នោះ គឺយើងត្រូវយល់ដឹងឲ្យបានច្រើន ត្រូវស្គាល់ភាពទូលំទូលាយ ភាពវិជ្ជមាន ដែលទទួលបានពីអ៊ីនធើណេតមានច្រើនណាស់ ក្នុងនាមខ្ញុំជាអ្នកព័ត៌មានវិទ្យាមួយរូប តាមរយៈសារាចរនេះ ខ្ញុំមានការគាំទ្រដ៏តិចតួចបំផុត។

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ខ្ញុំចង់ដឹង and tagged , . Bookmark the permalink.

4 Responses to មតិខ្ញុំចំពោះសារាចរណ៍ណែនាំស្ដីពីការបិទហាង​អ៊ីនធើណេតរបស់ក្រសួងប្រៃណីស៍

  1. តា ម៉ាប់ និយាយថា៖

    វា​មិន​ដែល​អាណា​ទៅ​បើក​មើល​រឿង​អាសអាភាស​នៅ​ហាង​កាហ្វេ​ឥន្ទនេត្រ​ដែល​ល្ហល្ហេវនោះទេ បើ​គេ​ទៅ​ គេ​ទៅ​កន្លែង​ឥន្ទនេត្រ​ដែល​មាន​របាំ​ងហើយ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s