ទីតាំងកោះត្រល់និងការអភិវឌ្ឍន៍របស់វៀតណាម​​ (រូបភាព និងវីដេអូ)


សកម្មជនព្រំដែនសច្ចាថា នឹងនៅតែបន្តទាមទារយកកោះត្រល់ របស់ខ្មែរ ដែលកំពុងគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាម សព្វថ្ងៃនោះ មកជាសម្បត្តិរបស់ខ្មែរវិញឱ្យបាន ទោះក្នុងកាលៈទេសៈ ឬត្រូវប្រើរយៈពេលយូរប៉ុណ្ណាក៏ដោយ។

ពួកគេចោទប្រកាន់រដ្ឋាភិបាលទីក្រុងភ្នំពេញ បច្ចុប្បន្ន ថាបានធ្វើឲ្យបាត់កោះដ៏ធំរបស់ខ្មែរមួយនេះ។ ប៉ុន្តែមេដឹកនាំខ្មែរតែងអះអាងថា អាជ្ញាធរបារាំង បានកាត់កោះនោះទៅឲ្យវៀតណាម ហើយបញ្ហាទាំងនេះបានចប់សព្វគ្រប់រួចទៅហើយ។

ក្រុមអ្នកជំនាញខាងកិច្ចការព្រំដែនខ្មែរនៅឯនាយសមុទ្រប្រកាសថា បញ្ហាកោះត្រល់នៅតែជាបញ្ហាដែលមិនទាន់ចប់សព្វគ្រប់នោះទេ សូម្បីអតីតព្រះមហាក្សត្រ ព្រះបាទ នរោត្ត សុរាម្រិត និងលោកទេសាភិបាលបារាំង ប្រេវីយេ (Previer) ក៏មិនដែលកាត់សេចក្ដីថា កោះខ្មែរដ៏មានតម្លៃមិនអាចកាត់ថ្លៃបានមួយនេះ ជាកម្មសិទ្ធិដាច់មុខរបស់វៀតណាម នោះដែរ។

ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានមូលដ្ឋានក្នុងប្រទេសបារាំង លោក ស៊ាន ប៉េងសែ អះអាងថា បញ្ហាកោះត្រល់ គឺជាបញ្ហាជាតិទាំងមូល ហើយកោះមួយនេះក៏មិនដែលត្រូវបានសម្រេចតាមផ្លូវច្បាប់ម្ដងណាឲ្យទៅវៀតណាម នោះទេ។

ទាក់ទងនឹងបញ្ហាកោះត្រល់នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ បានប្រកាសក្នុងរដ្ឋសភាពីមូលហេតុនាំឲ្យកោះត្រល់លែងជាកម្មសិទ្ធិរបស់ខ្មែរថា ដោយសារតែឯកសារព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ដាក់តម្កល់នៅក្នុងអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៦៤ បានទទួលស្គាល់ខ្សែបន្ទាត់ ប្រេវីយេ ដែលបានកាត់កោះត្រល់ទៅឱ្យប្រទេសវៀតណាម។

លោក ហ៊ុន សែន បញ្ជាក់ថា ខ្មែរបានបាត់កោះត្រល់របស់ខ្លួន នៅឆ្នាំ១៩៣៩ ក្រោយពីអគ្គទេសាភិបាលឥណ្ឌូចិន របស់បារាំង លោក ប្រេវីយេ បានដាក់កោះ ត្រល់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងក្នុងដែនដីកម្ពុជាក្រោម ឬ កូសាំងស៊ីន ហើយឆ្នាំ១៩៤៩ បារាំងបាន ប្រគល់ដែនដីកូសាំងស៊ីន ដែលជាទឹកដីកម្ពុជាក្រោម ទៅឲ្យព្រះចៅបៅដាយ នៃប្រទេសវៀតណាម។

ទោះជាយ៉ាងណាក៏ដោយ កាសែតរស្មីកម្ពុជា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០០៥ បានដកស្រង់បន្ទូលរបស់អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ចុះផ្សាយថា ព្រះអង្គមិនដែលទទួលស្គាល់កោះត្រល់ ជារបស់វៀតណាម ម្ដងណានោះឡើយ។

រីឯក្នុងរជ្ជកាលព្រះរាជបិតារបស់ព្រះអង្គ គឺព្រះបាទ នរោត្តម សុរាម្រិត អតីតព្រះមហាក្សត្រខ្មែរអង្គនេះ ក៏បានចេញព្រះរាជក្រឹត្យមួយចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៥៧ ត្រាស់បង្គាប់ថា កោះត្រល់ គឺជាកោះដែលប្រទេសខ្មែរដាក់លក្ខខណ្ឌថា ត្រូវរក្សាទុកនូវសិទ្ធិប្រវត្តិសាស្រ្ត។

ជាមួយគ្នានេះផងដែរ នៅឆ្នាំ១៩៣៩ ទេសាភិបាលបារាំង លោក ប្រេវីយេ បានសរសេរជាលាយលក្ខណ៍អក្សរកត់ត្រាថា បារាំងបានកំណត់ចម្ងាយប្រវែង ៣គីឡូម៉ែត្រពីខាងជើងកោះត្រល់ ត្រូវគ្រប់គ្រងដោយប្រទេសខ្មែរ ហើយកោះត្រល់ត្រូវស្ថិតក្រោមការគ្រប់គ្រង ដោយកូសាំងស៊ីន ឬ បារាំង។ ក៏ប៉ុន្តែការគ្រប់គ្រងនេះ គ្រាន់តែជាការគ្រប់គ្រងផ្នែករដ្ឋបាល និងតម្រួតប៉ុណ្ណោះ។ ចំណែកឯបញ្ហាទាក់ទងរឿងភ្ជាប់កោះត្រល់ទាំងនេះទៅប្រទេសខ្មែរ ឬ កូសាំងស៊ីននោះ ត្រូវទុកមួយអន្លើសិនជាដាច់ខាត។

លោក ស៊ាន ប៉េងសែ បានចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា មិនចេះស្រឡាញ់ជាតិ និងទឹកដីរបស់ខ្លួន។ លោកអំពាវនាវឲ្យកូនខ្មែរគ្រប់រូបបន្តការទាមទារយកទឹកដីរបស់ខ្លួនមកវិញ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

កោះត្រល់មានផ្ទៃដីសរុប ទំហំ ៥៤០គីឡូម៉ែត្រក្រឡា គឺធំជិតប៉ុនផ្ទៃដីប្រទេសសិង្ហបុរី (Singapore)។ កោះនេះស្ថិតនៅចម្ងាយ ៥គីឡូម៉ែត្រ ពីកោះក្រចកសេះ ហើយចម្ងាយ ១៥គីឡូម៉ែត្រ ពីឆ្នេរសមុទ្រខ្មែរភាគខាងត្បូង និង ៤៥គីឡូម៉ែត្រ ពីខេត្តហាទៀន ប្រទេសវៀតណាម។

អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក អ៊ុំ សំអាន ដែលតែងដឹកនាំបាតុកម្មតវ៉ាអំពីបញ្ហាបូរណភាពទឹកដីថ្លែងថា ទោះបីបារាំង បានដាក់នឹមអាណានិគមលើប្រទេសខ្មែរពិតមែន តែបារាំង មិនដែលបានកាត់ដែនដីកោះមួយនេះឲ្យទៅប្រទេសវៀតណាម នោះឡើយ។ លោកបានជំរុញឲ្យមេដឹកនាំខ្មែរគួរទាមទារកោះត្រល់មកវិញ តាមរយៈការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ។

លោក អ៊ុំ សំអាន បញ្ជាក់ថា ដោយសារតែកិច្ចព្រមព្រៀងឆ្នាំ១៩៨២ រវាងលោក ហ៊ុន សែន ជាមួយលោក ង្វៀង កូថាច់ រដ្ឋមន្ត្រីការបរទេសវៀតណាម និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ បាននាំឲ្យកម្ពុជា បាត់បង់ក្រោះត្រល់ ដែលមានតម្លៃកាត់ថ្លៃពុំបាននេះ។ លោកបានពន្យល់ថា សន្ធិសញ្ញាទាំងនេះធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

ចំណែកសកម្មជនព្រំដែនដែលមានមូលដ្ឋានក្នុងប្រទេសន័រវ៉េ (Norway) លោក អៀរ ចាន់ណា ព្រមានថា លោក ហ៊ុន សែន ត្រូវតែយកកោះត្រល់នេះមកឲ្យខ្មែរវិញជាដាច់ខាត បើពុំនោះសោតទេ រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ត្រូវទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រអំពីការបាត់បង់កោះត្រល់ ចេញពីផែនទីប្រទេសកម្ពុជា។

រដ្ឋាភិបាលក្រុងហាណូយ កំពុងបង្កើនល្បឿនអភិវឌ្ឍន៍យ៉ាងពេញទំហឹង ដើម្បីធ្វើឲ្យកោះត្រល់ ដែលភាសាវៀតណាម ហៅថា «ភូកុក» ក្លាយជាតំបន់ទេសចរណ៍ និងពាណិជ្ជកម្មលំដាប់ពិភពលោក។ ក្រុមហ៊ុនទេសចរណ៍ខ្លះ បានហៅឆ្នេរសមុទ្ទនៅកោះត្រល់ ថាជា «ឆ្នេរសួគ៌ា»។

សព្វថ្ងៃកោះត្រល់ មានជនជាតិវៀតណាម រស់នៅចំនួនជិត ១០ម៉ឺននាក់ ក្នុងនោះមានផ្លូវថ្នល់ខ្វាត់ខ្វែង អគាររដ្ឋាភិបាល សាលារៀន មន្ទីរពេទ្យ សណ្ឋាគារ ភូមិគ្រឹះ អាគារលក់ទំនិញ និងផ្សារទំនើបៗ ព្រមទាំងអាកាសយានដ្ឋានខ្នាតអន្តរជាតិ ១កន្លែង និងកំពង់ផែអន្តរជាតិ ៣កន្លែង ដែលជាមធ្យោបាយយ៉ាងសំខាន់ក្នុងការពង្រីកវិស័យពាណិជ្ជកម្ម និងទេសចរណ៍។

ប្រជាជននៅទីនោះឲ្យដឹងថា រដ្ឋាភិបាលក្រុងហាណូយ បានចំណាយប្រាក់ជាង ១ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍកោះត្រល់នេះ។

រចនាសម្ព័ន្ធកោះត្រល់ដែលធ្វើការអភិវឌ្ឍន៍ដោយវៀតណាម

ក្រោយ​ពី​បាន​កាន់​កាប់ ជាពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​បង្កើន​ល្បឿន​អភិវឌ្ឍន៍​យ៉ាង​ពេញ​ទំហឹង ដើម្បី​ធ្វើ​ឲ្យ​កោះ​នេះ​ក្លាយ​ជា​ចំណុច​ទាក់ទាញ​ផ្នែក​ទេសចរណ៍ និង​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក។

ប្រសិន​បើ​លោក​អ្នក​បាន​អញ្ជើញ​ទៅ​ទស្សនា​កោះត្រល់ ជា​លើក​ដំបូង និង​បាន​ឃើញ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ទីក្រុង និង​ការ​អភិវឌ្ឍ​នៅ​លើ​កោះ​នេះ លោក​អ្នក​ប្រាកដ​ជា​មាន​ការ​ភ្ញាក់​ផ្អើល ហើយ​ស្រមៃ​គិត​ថា លោក​អ្នក​កំពុង​តែ​ស្ថិត​ក្នុង​ទីក្រុង​នៃ​ប្រទេស​អភិវឌ្ឍន៍​មួយ​ជា​មិន​ ខាន។

កោះត្រល់​មាន​កំពង់ផែ​ចំនួន​៣ មាន​ផ្លូវ​ថ្នល់​ខ្វាត់ខ្វែង មាន​ភ្លើង​សញ្ញា​ចរាចរណ៍​ជិត​១០​កន្លែង មាន​ភូមិឋាន វត្តវ៉ា សាលារៀន មន្ទីរពេទ្យ សណ្ឋាគារ ផ្ទះ​សំណាក់ ភូមិគ្រឹះ បារ ហាង​ម៉ាស្សា ខារ៉ាអូខេ អគារ​លក់​ទំនិញ រោងចក្រ​ផលិត​ទឹកត្រី​ចំនួន​២ ផ្សារ​ទំនើប ផ្សារ​រាត្រី អគារ​រដ្ឋាភិបាល​យ៉ាង​ចាក់​គ្រឹះ និង​មាន​មនុស្ស​រស់នៅ​ជិត​១០​ម៉ឺន​នាក់ និង​មាន​យានយន្ត​គ្រប់​ប្រភេទ មាន​ឡាន​ក្រុង និង​តាក់ស៊ី​ថ្មីៗ​ទំនើបៗ។

វិស័យ​ទេសចរណ៍​នៃ​ប្រទេស​វៀតណាម បាន​ផ្សព្វផ្សាយ​ឲ្យ​គេ​ស្គាល់​កោះត្រល់ ជា​ផ្លូវការ​តាម​ភាសា​វៀតណាម ថា ហ៊្វូកុក (Phú Quốc)។ ពាក្យ​ស្លោក​ទេសចរណ៍​របស់​វៀតណាម បាន​ហៅ​កោះត្រល់​ថា ជា​ទី​នៃ​ឋានសួគ៌ និង​ធម្មជាតិ។ មាន​រមណីយដ្ឋាន​ជ្រោះ​ទឹក​ធ្លាក់​ចំនួន​ពីរ​កន្លែង មាន​កន្លែង​មើល​ថ្ងៃ​រះ មាន​កន្លែង​មើល​ថ្ងៃ​លិច មាន​ឧទ្យាន​ជាតិ មាន​ដំណើរ​កម្សាន្ត​ក្នុង​ព្រៃ​ធម្មជាតិ មាន​ឆ្នេរ​កម្សាន្ត រហូត​ដល់​មាន​ក្រុម​ទេសចរណ៍​វៀតណាម ខ្លះ​ហៅ​ឆ្នេរ​ខ្សាច់​កោះត្រល់​ថា​ជា​ឆ្នេរ​សួគ៌ា។

ជា​ការ​ពិត កោះត្រល់​ទាក់ទាញ​ទេសចរ​ពី​ជុំវិញ​ពិភពលោក។ អ្នក​ទេសចរ និង​អ្នក​ជំនួញ​មក​ពី​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន បាន​ពេញ​ចិត្ត ហើយ​ពួក​គេ​បន្ត​រស់នៅ​លើ​កោះ​រយៈពេល​វែង។ អ្នក​ខ្លះ​ប្រៀបធៀប​កោះត្រល់ ទៅ​នឹង​នំ​មួយ​ដុំ​ដែល​អ្នក​ណា​ក៏​ចង់​បរិភោគ។ ពួក​គេ​បាន​បង្ហើប​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ចំណាយ​ប្រាក់​ចំនួន​១.០០០​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍ​កោះ​នេះ។ ជាក់ស្ដែង ប្រលាន​យន្តហោះ​ខ្នាត​អន្តរជាតិ​មួយ​កំពុង​ត្រូវ​បាន​ស្ថាបនា។

ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​បាន​ទៅ​ដល់​កោះត្រល់ ក្រោយ​ពេល​ដែល​វៀតណាម បាន​កាន់​កាប់ និង​អភិវឌ្ឍ បាន​អង្គុយ​សំឡឹង​គយគន់​មក​ក្រុង​កែប និង​ខេត្ត​កំពត ដោយ​ក្ដី​ស្រណោះ​ស្ដាយ​កោះ​ដែល​របេះ​ពី​ដែន​កម្ពុជា បន្ទាប់​ពី​កម្ពុជា​ក្រោម។

កោះត្រល់ ក៏​ត្រូវ​បាន​រៀបរាប់​នៅ​ក្នុង​ចំរៀង​មួយ​បទ​របស់​លោក ស៊ីន ស៊ីសាមុត ក្រោម​ចំណង​ជើង​ថា “កម្សាន្ត​តាម​កោះ” នៃ​កម្រង​អនុស្សាវរីយ៍​ទី១​ផ្ទៃ​សមុទ្រ​ខ្មែរ ដែល​ជា​ស្នាដៃ​ប្រចាំ​ឆ្នាំ​១៩៧៥ របស់​បណ្ណាល័យ​មាតុភូមិ​ដែរ។

កោះត្រល់ កំពុង​ក្លាយ​ជា​ប្រធាន​បទ និង​ជា​បញ្ហា​ដ៏​ចម្រូងចម្រាស ដែល​នាំ​ឲ្យ​មាន​វេទិកា​ឆ្លើយ​ឆ្លង​គ្នា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង ព្រម​ទាំង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រើប្រាស់​វេទិកា​រដ្ឋសភា​អស់​រយៈពេល​ជាង​៥ម៉ោង ដើម្បី​បំភ្លឺ​អំពី​ការ​បោះ​បង្គោល​ព្រំដែន​គោក និង​ការ​កំណត់​ព្រំដែន​សមុទ្រ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម។

លោក ហ៊ុន សែន ថ្លែង​បញ្ជាក់​ចំពោះ​សំណួរ​ថា តើ​កោះត្រល់ លែង​ជា​របស់​កម្ពុជា តាំង​ពី​ពេល​ណា​មក? ដោយ​លោក​អះអាង​ថា នៅ​ឆ្នាំ​១៩៣៩ អគ្គទេសាភិបាល​ឥណ្ឌូចិន របស់​បារាំង គឺ​លោក ប្រេវីយ៉េ បាន​ដាក់​កោះត្រល់ ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម (កូសាំងស៊ីន)។ នៅ​ឆ្នាំ​១៩៤៩ កូសាំងស៊ីន (ដែល​ជា​ទឹកដី​កម្ពុជា​ក្រោម) ត្រូវ​បាន​បារាំង​ប្រគល់​ទៅ​ឲ្យ​ព្រះចៅ​បៅដាយ។ នៅ​ឆ្នាំ​១៩៦៤ សម្ដេច​ព្រះ​នរោត្ដម សីហនុ បាន​យក​ផែនទី​ខ្សែ​ប្រេវីយ៉េ ឆ្នាំ​១៩៣៩ ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ហើយ​ស្នើ​សុំ​ឲ្យ​អន្តរជាតិ និង​ប្រទេស​សាមី​ទទួល​ស្គាល់​ថា​ជា​ខ្សែ​ព្រំដែន​សមុទ្រ​រវាង​កម្ពុជា និង​វៀតណាម។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ប្រចាំ​ប្រទេស​បារាំង និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល នៃ​របប​សាធារណរដ្ឋ​ខ្មែរ លោក ស៊ាន ប៉េងសែ មាន​ប្រសាសន៍​ថា កោះត្រល់ នៅ​តែ​ជា​កោះ​របស់​ខ្មែរ ពីព្រោះ​ប្រទេស​វៀតណាម បាន​ទន្ទ្រាន​កាន់​កាប់​កោះ​នេះ​ដោយ​ខុស​ច្បាប់។ លោក​ថា កម្ពុជា មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ទាមទារ​កោះត្រល់ មក​វិញ។

លោក ស៊ាន ប៉េងសែ មាន​ប្រសាសន៍​បន្ថែម​ថា ប្រទេស​សិង្ហបុរី (Singapore) ក៏​មិន​ទទួល​ស្គាល់​ការ​កាន់​កាប់​កោះត្រល់ ដោយ​ប្រទេស​វៀតណាម ដែរ។

លោក ស៊ាន ប៉េងសែ បញ្ជាក់​ថា កោះត្រល់​មាន​ទំហំ​ផ្ទៃដី​សរុប​ចំនួន ៥៤០​គីឡូម៉ែត្រ​ក្រឡា គឺ​ជិត​ប៉ុន​ប្រទេស​សិង្ហបុរី ដែល​មាន​ផ្ទៃដី ៥៨១​គីឡូម៉ែត្រ​ក្រឡា ហើយ​ដែល​ជា​ប្រទេស​អភិវឌ្ឍន៍​មាន​កិត្យានុភាព​ល្បី​រន្ទឺ​ពាសពេញ​ពិភពលោក។ កោះត្រល់ ស្ថិត​នៅ​ចម្ងាយ​៥​គីឡូម៉ែត្រ ពី​កោះ​សេះ ១៥​គីឡូម៉ែត្រ ពី​ឆ្នេរ​សមុទ្រ​ខ្មែរ​ភាគ​ខាង​ត្បូង និង​៤៥​គីឡូម៉ែត្រ ពី​ខេត្ត​ហាទៀន ប្រទេស​វៀតណាម

អ្នក​នេសាទ និង​ជា​អ្នក​ប្រកប​របរ​ដាំ​សារាយ​សមុទ្រ នៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះតូច ស្រុក​ទឹកឈូ ខេត្ត​កំពត លោក ឃៀ ចិន្ដា ថ្លែង​ស្ដាយ​ស្រណោះ​កោះត្រល់។

ទាក់​ទិន​នឹង​ការ​ទម្លាក់​កំហុស​ទៅ​លើ​អ្នក​ដឹកនាំ​ជំនាន់​មុន ស្ដី​អំពី​ការ​បាត់បង់​កោះត្រល់ អ្នក​ស្រាវជ្រាវ​សង្គម និង​សេដ្ឋកិច្ច​ឯករាជ្យ លោក កែម ឡី បញ្ចេញ​ទស្សនៈ​ថា គួរ​តែ​មាន​ការ​ស្រាយ​បំភ្លឺ​ឲ្យ​បាន​ច្បាស់​អំពី​មូលហេតុ​នៃ​ការ​បាត់​បង់។

លោក ស៊ាន ប៉េងសែ មាន​ប្រសាសន៍​បន្ថែម​ថា យោង​តាម​ច្បាប់​អន្តរជាតិ ការ​បាត់បង់​កោះត្រល់ និង​កោះ​ក្រចកសេះ នឹង​នាំ​ឲ្យ​មាន​ការ​បាត់បង់​ជា​ស្វ័យប្រវត្តិ​នូវ​ផ្ទៃ​សមុទ្រ​ខ្មែរ​ជាង​៣ ​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា។ ម៉្យាង​ទៀត កម្ពុជា​ពុំ​មាន​កោះ​ណា​សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​ដ៏​មាន​សក្ដានុពល​ទាក់ទាញ ​ទេសចរ និង​អ្នក​វិនិយោគ​បរទេស​ដូច​កោះត្រល់ ឡើយ៕

សូមមើលឧបសម្ព័ន្ធខាងក្រោមនេះ៖

Phu-Quoc-Tourist-Map phuquocmap_website phuquoc1_r1_c1 mapgiobien phuquoc bandophuquoc map of phu quoc(web)(3) PQ_Vegetation_Map-VN phuquoc-map Map_of_the_Phu_Quoc_Island_Coral_Reef_and_Seagrass_Sites

 

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ដំណឹងពិសេស, ត្រដាងការពិត and tagged , , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s