ទស្សនៈ​របស់​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ការ​បាត់បង់​កោះ​ត្រល់ (tral Island)


អតីត​ទាហាន​សម័យ​ខ្មែរ​ក្រហម និង​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន មាន​ទស្សនៈ​ផ្សេងៗ​គ្នា​ជុំវិញ​ការ​បាត់​បង់​កោះ​ត្រល់ និង​ប្រជុំ​កោះ​ដទៃ​ទៀត ដែល​ជា​កេរ​ដំណែល​ខ្មែរ ទៅ​ឲ្យ​ប្រទេស​វៀតណាម។

AFP Photo

១៦-កញ្ញា-២០០៤: ទេសភាព​នៅ​លើ​​កោះ​ត្រល់ ដែល​វៀតណាម​ហៅ​ថា ភូក្វុក (Phu Quoc)

 

ពួក​គេ​សម្ដែង​ការ​ហួស​ចិត្ត ដែល​មេ​ដឹកនាំ​ខ្មែរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ គ្មាន​សមត្ថភាព​ការពារ និង​ថែ​រក្សា​ដី​កោះ​ជា​សម្បត្តិ​ខ្មែរ​ឲ្យ​បាន​គង់វង្ស។

ប្រជាពលរដ្ឋ​ខ្មែរ​ថ្លែង​រិះគន់​ថា មេ​ដឹកនាំ​ខ្មែរ​ប៉ុន្មាន​ជំនាន់​មក​នេះ ហ៊ាន​ច្បាំង​តែ​ជាមួយ​ជាតិ​សាសន៍​ឯង ប៉ុន្តែ​ជាមួយ​ពួក​បរទេស​ឈ្លាន​ពាន ខ្លាច និង​រណប​គេ​មិន​ហ៊ាន​ចេញ​មុខ​តវ៉ា​ឡើយ។ ប៉ុន្តែ ក្រុម​អ្នក​ច្បាប់ និង​អ្នក​ឯកទេស​កិច្ចការ​ព្រំដែន បាន​អះអាង​ថា បញ្ហា​កោះ​ត្រល់ បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ទាម​ទារ​មក​ជា​សម្បត្តិ​ខ្មែរ​វិញ គឺ​មិន​ទាន់​ហួស​ពេល​ទេ។

ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្មេង​ចាស់ រស់នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ មាន​ក្តី​អាឡោះអាល័យ​ពន់​ពេក នៅ​គ្រា​ដឹង​ថា កោះ​ត្រល់ និង​ប្រជុំ​កោះ​ផ្សេង​ទៀត ជា​កេរ​ដំណែល​ខ្មែរ ត្រូវ​បាន​ប្រទេស​ជិត​ខាង​រំលោភ​យក។ ពលរដ្ឋ​បាន​ចាត់​ទុក​ការ​បាត់​បង់​ដែន​កោះ និង​ទឹក​ដី​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង មាន​វៀតណាម ជាដើម បណ្ដាល​មក​ពី​មេ​ដឹកនាំ​ខ្មែរ​ប៉ុន្មាន​របប​ចុង​ក្រោយ​នេះ គ្មាន​សមត្ថភាព​អាច​រក្សា​បូរណភាព​ទឹកដី​ខ្លួន​បាន។

អតីត​មន្ត្រី​ជាន់​ថ្នាក់​ខ្ពស់​ទាហាន​ជើង​ទឹក​ក្នុង​របប​ខ្មែរ​ក្រហម លោក សួស សំរិទ្ធ មាន​ភារកិច្ច​ការពារ​បូរណភាព​ដែន​សមុទ្រ​កម្ពុជា នា​សម័យ​នោះ លោក​ខក​ចិត្ត​ចំពោះ​អ្នក​ដឹកនាំ​ប្រទេស​ខ្មែរ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ គ្មាន​សមត្ថភាព​ការពារ​ទឹកដី ផ្ទៃ​សមុទ្រ និង​ដី​កោះ​ជា​សម្បត្តិ​ខ្មែរ​ឲ្យ​គង់វង្ស​នោះ។ លោក​ថ្កោល​ទោស​ចំពោះ​មេ​ដឹកនាំ​ខ្មែរ ដែល​ធ្វើ​ច្បាំង​ខ្លាំង​តែ​ជាមួយ​ជាតិ​សាសន៍​ឯង តែ​បើ​ជាមួយ​បរទេស​ឈ្លាន​ពាន ខ្លាច​គេ​ញ័រ​ខ្លួន និង​រណប​គេ​មិន​ហ៊ាន​តវ៉ា ដើម្បី​ការពារ​ទឹកដី​ដែល​ជា​កេរ​ដំណែល​ពី​ដូន​តា​ខ្លួន​ឯង​នោះ​ទេ។

ក្នុង​វ័យ​ប្រមាណ ៧០​ប្លាយ​ឆ្នាំ និង​ធ្លាប់​ចេញ​ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​យុទ្ធសាស្ត្រ​សង្គ្រាម​លើ​ផ្ទៃ​សមុទ្រ និង​សេដ្ឋកិច្ច ចំនួន ៧ឆ្នាំ លោក​បាន​រំលឹក​ទៅ​មេ​ដឹកនាំ​ខ្មែរ ត្រូវ​ឈប់​លាប​ពណ៌ និង​ច្បាំង​ជាមួយ​ជាតិ​សាសន៍​ឯង​ត​ទៅ​ទៀត។ លោក​ថា មេ​ដឹកនាំ​ខ្មែរ គួរ​រួបរួម​គ្នា​ការពារ​ទឹកដី កុំ​ឲ្យ​ប្រទេស​ជិត​ខាង​ឈ្លាន​ពាន ដូច​ករណី​កោះ​ត្រល់ និង​ប្រជុំ​កោះ​មួយ​ចំនួន​ទៀត ដែល​វៀតណាម រំលោភ​យក​ជា​គំរូ​ស្រាប់។

អ្នក​តស៊ូ​រូប​នេះ បន្ថែម​ថា បូរណភាព​ដែន​កោះ និង​ផ្ទៃ​សមុទ្រ​ខ្មែរ អាច​ត្រូវ​បាត់​បង់​ថែម​ទៀត នា​ថ្ងៃ​អនាគត បើ​មេ​ដឹកនាំ​ខ្មែរ​មិន​ចេះ​ត្រូវរ៉ូវ​គ្នា និង​គិត​តែ​ពី​ប្រយោជន៍​បក្ខពួក ធំ​ជាង​ប្រយោជន៍​ជាតិ។

កោះ​ត្រល់ មាន​ផ្ទៃ​ដី​សរុប ៥៤០​គីឡូម៉ែត្រ​ក្រឡា ឬ​មាន​ទំហំ​ជិត​ប៉ុន​ផ្ទៃ​ដី​ប្រទេស​សិង្ហបុរី (Singapore) ដែល​មាន​ផ្ទៃ​ដី​សរុប ៥៨១​គីឡូ​ម៉ែត្រ​ក្រឡា។

មនុស្ស​វ័យ​ចំណាស់​ឈ្មោះ ស៊ុំ ស្រេង ជា​អតីត​មន្ត្រី​ទាហាន​ជាន់​ខ្ពស់​សម័យ​ខ្មែរ​ក្រហម សោក​ស្ដាយ​ចំពោះ​ទង្វើ​ថ្នាក់​ដឹកនាំ​ខ្មែរ ដែល​បណ្តោយ​ឲ្យ​បាត់​បង់​ទឹកដី​ដែន​កោះ និង​សមុទ្រ​ខ្មែរ​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង។

លោក​ថា មេ​ដឹកនាំ​ខ្មែរ​ប៉ុន្មាន​របប​ចុង​ក្រោយ​នេះ ហាក់​គ្មាន​ឆន្ទៈ​ចង់​ទាម​ទារ​កោះ​ត្រល់ ឬ​ប្រជុំ​កោះ​ផ្សេង ពី​វៀតណាម វិញ​ទេ។ អតីត​អ្នក​ចម្បាំង​រូប​នេះ អះអាង​ថា កោះ​ត្រល់ និង​ប្រជុំ​កោះ​ផ្សេង​ទៀត មាន​កោះ​សេះ ឬ​កោះ​ខ្ទះ ជាដើម ត្រូវ​កងទ័ព​វៀតណាម ចូល​បោះ​ជុំរុំ​ក្នុង​ឆ្នាំ​១៩៧៩ នៅ​គ្រា​កងទ័ព​វៀតណាម ចូល​ឈ្លាន​ពាន​ប្រទេស​កម្ពុជា។ លោក​ឲ្យ​ដឹង​ថា ជំនាន់​ខ្មែរ​ក្រហម កោះ​ត្រល់ ត្រូវ​វៀតណាម យក​ធ្វើ​ជា​ជុំរុំ​កងទ័ព។

ចំណែក​លោកស្រី ម៉ក់ ទៀន រស់នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត មាន​របរ​ជា​អ្នក​លក់​គ្រឿង​ចាប់ហួយ ហើយ​ធ្លាប់​រស់នៅ​លើ​កោះ​ត្រល់ ដែល​វៀតណាម ហៅ​ថា ហ៊្វូកុក លោកស្រី​មាន​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​មេ​ដឹកនាំ​ខ្មែរ​មិន​អាច​រក្សា​ទឹកដី ឬ​ដែន​កោះ ដូច​ជា​កោះ​ត្រល់ មិន​ឲ្យ​បាត់​បង់​បាន? ផ្ដើម​ពី​បញ្ហា​នេះ លោកស្រី​គ្មាន​ជំនឿ​ថា ប្រមុខ​រដ្ឋាភិបាល​បច្ចុប្បន្ន អាច​ការពារ​ដី​កោះ ឬ​ផ្ទៃ​សមុទ្រ មាន​សេស​សល់​បាន​ទេ នា​ថ្ងៃ​អនាគត។ ស្ត្រី​រូប​នេះ​បាន​ផ្តល់​តម្លៃ​ចំពោះ​កោះ​ត្រល់ ថា ជា​កោះ​មាន​ទេសភាព​ទាក់​ទាញ​មួយ ក្នុង​ចំណោម​កោះ​ជា​ច្រើន​ទៀត មាន​ក្នុង​ដែន​សមុទ្រ​ប្រទេស​កម្ពុជា។ លោកស្រី​សោក​ស្ដាយ​ថា​មិន​គួរ​កោះ​ត្រល់ ជា​កេរ​ដូន​តា​ខ្មែរ ត្រូវ​ប្រទេស​វៀតណាម គ្រប់គ្រង និង​ទទួល​ផល​ជំនួស​ខ្មែរ​បែប​នេះ​សោះ។

ដូច​គ្នា​ដែរ អ្នក​នេសាទ​ខេត្ត​ព្រះសីហនុ ខេត្ត​កែប និង​ខេត្ត​កំពត ក៏​បាន​សោក​ស្ដាយ​ចំពោះ​មេ​ដឹកនាំ​ខ្មែរ ដែល​មិន​អាច​ថែ​រក្សា​ទឹកដី​ខ្លួន​បាន។ ពលរដ្ឋ​ព្រួយ​បារម្ភ​ថា ថ្ងៃ​អនាគត ផ្ទៃ​សមុទ្រ និង​ដែន​កោះ​មាន​សេស​សល់ អាច​ត្រូវ​បាត់​បង់​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង​បន្ត​ទៀត។

សម្រាប់​យុវតី សួន សុភក្ត្រា ជា​និស្សិត​ឆ្នាំ​ទី៣ នៃ​សាកលវិទ្យាល័យ​អាយ.អាយ.ស៊ី (IIC) រាជធានី​ភ្នំពេញ កញ្ញា​បាន​ផ្ញើ​សារ​តាម​បណ្ដាញ​ព័ត៌មាន​សង្គម ហ្វែសប៊ុក (Facebook) សម្ដែង​ការ​សោក​ស្ដាយ ក្រោយ​ពី​ដឹង​ថា កោះ​ត្រល់ ជា​កេរមរតក​ដូន​តា​ខ្មែរ ត្រូវ​វៀតណាម កាន់​កាប់​ជំនួស​ខ្មែរ។ អ្វី​ដែល​យុវតី​រូប​នេះ​ហួស​ចិត្ត គឺ​ទីតាំង​កោះ​ត្រល់ មាន​ចម្ងាយ​ជិត​បង្កើយ​ពី​ខេត្ត​កំពត ប៉ុន្តែ​បែរ​ជា​មេ​ដឹកនាំ​ខ្មែរ​មិន​មាន​លទ្ធភាព​ការពារ​បាន​ទៅ​វិញ។

ទាក់​ទិន​បញ្ហា​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​សង្គម និង​សេដ្ឋកិច្ច​ឯករាជ្យ បញ្ចេញ​ទស្សនៈ​ថា ទោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា កោះ​ត្រល់ ត្រូវ​កាន់​កាប់​ដោយ​ប្រទេស​វៀតណាម ជា​ស្ថាពរ​ក្តី ប៉ុន្តែ ផ្លូវ​ច្បាប់ បើ​រដ្ឋាភិបាល​កម្ពុជា មាន​ឆន្ទៈ​ចង់​ទាម​ទារ​កោះ​ត្រល់ មក​វិញ អាច​ធ្វើ​បាន ដោយ​ត្រូវ​លុប​ចោល ឬ​សើរើ​កិច្ច​ព្រមព្រៀង ឬ​សន្ធិ​សញ្ញា​រវាង​កម្ពុជា និង​វៀតណាម កន្លង​មក។

លោក​ថា បញ្ហា​កោះ​ត្រល់ កម្ពុជា​អាច​ទាម​ទារ​តាម​រយៈ​ទ្វេភាគី​ក៏​បាន ឬ​តាម​លក្ខណៈ​អន្តរជាតិ​ក៏​បាន។ ហើយ​ថា បើ​រដ្ឋាភិបាល​របប​នេះ មិន​ហ៊ាន​ចេញ​មុខ​តវ៉ា អាច​មនុស្ស​ជំនាន់​ក្រោយ​បន្ត​តាម​ទារ​កោះ​ត្រល់ មក​វិញ​ក៏​មិន​ទាន់​ហួស​ពេល​ដែរ។

លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី៩ ខែ​សីហា ឲ្យ​ដឹង​ថា មូលហេតុ​កោះ​ត្រល់ លែង​ជា​កម្មសិទ្ធិ​ខ្មែរ ដោយ​សារ​តែ​ឯកសារ​ព្រះបាទ សម្ដេច ព្រះ​នរោត្តម សីហនុ តម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ ឆ្នាំ​១៩៦៤។ លោក​ថា កោះ​ត្រល់ លែង​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​នៅ​ឆ្នាំ​១៩៣៩ ដែល​កាល​ណោះ អគ្គទេសាភិបាល​ឥណ្ឌូចិន របស់​បារាំង លោក ប្រេវីយ៉េ បាន​ដាក់​កោះ​ត្រល់ ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​វៀតណាម (កូសាំងស៊ីន)។ ឆ្នាំ​១៩៤៩ កូសាំងស៊ីន (ដែល​ជា​ទឹកដី​កម្ពុជា​ក្រោម) ត្រូវ​បាន​បារាំង ប្រគល់​ទៅ​ឲ្យ​ព្រះចៅ​បៅដាយ នៃ​ប្រទេស​វៀតណាម។ បន្ត​មក​ក្នុង​ឆ្នាំ​១៩៦៤ សម្ដេច ព្រះ​នរោត្ដម សីហនុ បាន​យក​ផែនទី​ខ្សែ​ប្រេវីយ៉េ ឆ្នាំ​១៩៣៩ ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ និង​ស្នើ​ឲ្យ​អន្តរជាតិ និង​ប្រទេស​សាមី ទទួល​ស្គាល់​ខ្សែ​ព្រំដែន​សមុទ្រ​រវាង​កម្ពុជា និង​វៀតណាម។

បញ្ហា​នេះ លោក ហ៊ុន សែន សង្កត់​ធ្ងន់​ថា កោះ​ត្រល់ មិន​មែន​បាត់​បង់​ក្នុង​សម័យ​គណបក្ស​ប្រជាជន​កម្ពុជា កាន់​អំណាច ដូច​មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​មួយ​ចំនួន​ចោទ​ប្រកាន់​ទេ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លេខា​ផ្ទាល់​សម្ដេច​ព្រះបាទ នរោត្តម សីហនុ គឺ​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និង​ជា​ទីប្រឹក្សា​ព្រះមហាក្សត្រ សម្ដេច​ព្រះបាទ​បរមនាថ នរោត្តម សីហមុនី លោក សឺន ស៊ូបែរ បាន​ប្រតិកម្ម​ថា កោះ​ត្រល់ និង​ទឹកដី​ដែល​កម្ពុជា បាត់​បង់​ទៅ​ប្រទេស​វៀតណាម មិន​មែន​ផ្ដើម​ពី​ផែនទី​សម្ដេច ព្រះបាទ នរោត្តម សីហនុ តម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ ដូច​លោក ហ៊ុន សែន អះអាង​នោះ​ទេ។

លោក​បញ្ជាក់​ថា ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១២ ដែល​ចោទ សម្ដេច សីហនុ ជា​អ្នក​បាន​ធ្វើ​ឲ្យ​បាត់​បង់​ទឹកដី ឬ​កោះ​ត្រល់ នោះ គឺ​មិន​ពិត​ទេ។

លោក ស៊ាន ប៉េងសែ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​ខ្មែរ ប្រចាំ​ប្រទេស​បារាំង និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល នៃ​របប​សាធារណរដ្ឋ​ខ្មែរ លោក​នៅ​តែ​បន្ត​ចាត់​ទុក​ការ​បាត់​កោះ​ត្រល់ និង​ប្រជុំ​កោះ​មួយ​ចំនួន​ទៅ​ឲ្យ​វៀតណាម បណ្ដាល​មក​ពី​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយក​ រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​វៀតណាម ឆ្នាំ​១៩៨២ និង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ទៅ​វិញ​ទេ។

លោក ស៊ាន ប៉េងសែ អះអាង​ថា កោះ​ត្រល់ ទើប​ត្រូវ​បាត់​បង់​ទាំង​ស្រុង​ទៅ​វៀតណាម ក្នុង​រយៈពេល​ជាង ៧ឆ្នាំ​ចុង​ក្រោយ​ថ្មីៗ​នេះ​ទេ។

លោក​ថ្កោល​ទោស​ចំពោះ​មេ​ដឹកនាំ​ខ្មែរ​ទាំង​ឡាយ​ណា ធ្វើ​ឲ្យ​បាត់​បង់​ដី​កោះ​ជា​កេរ​ដំណែល​ខ្មែរ ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ។ លោក​ថា កោះ​ត្រល់ បើ​រដ្ឋាភិបាល​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា របស់​លោក ហ៊ុន សែន គោរព​តាម​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ កោះ​ត្រល់ និង​ប្រជុំ​កោះ​ខ្មែរ​ផ្សេង​ទៀត នឹង​មិន​បាត់​បង់​ទៅ​វៀតណាម នោះ​ទេ។

ទោះ​យ៉ាង​ណា ក្នុង​អត្ថបទ​គោល​របស់​លោក ហ៊ុន សែន ដែល​បាន​បោះពុម្ព​ជា​សៀវភៅ​កម្រាស់ ៧៩ទំព័រ សម្រាប់​ឆ្លើយ​បំភ្លឺ​តប​ចម្ងល់​លោក សុន ឆ័យ សមាជិក​សភា​គណបក្ស សម រង្ស៊ី ដែល​ចោទ​សួរ​លើ​បញ្ហា​បោះ​បង្គោល​ខណ្ឌសីមា​ព្រំដែន​គោក និង​ការ​កំណត់​ព្រំដែន​សមុទ្រ រវាង​កម្ពុជា និង​វៀតណាម ក្នុង​រដ្ឋសភា ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១២។ លោក ហ៊ុន សែន បាន​ធានា​ឲ្យ​បាន​ជា​ដាច់​ខាត​ថា កម្ពុជា នឹង​មិន​ខាត ឬ​បាត់​បង់​ដី​ឡើយ សូម្បី​តែ ១ម៉ែត្រ​ក្រឡា​ក៏ដោយ។

លោក ហ៊ុន សែន បាន​បញ្ជាក់​ថា ព្រំដែន​កម្ពុជា-វៀតណាម ដែល​រដ្ឋាភិបាល​អនុវត្ត​បច្ចុប្បន្ន ផ្អែក​ទៅ​តាម​ព្រំដែន​បន្សល់​ទុក​ពី​ជំនាន់​មុន និង​មិន​បាត់​បង់​មួយ​ម៉ែត្រ​ការ៉េ​ណា​ទេ។

កោះ​ត្រល់ មាន​ចម្ងាយ ៥គីឡូម៉ែត្រ ពី​កោះ​សេះ ចម្ងាយ​ពី​ឆ្នេរ​សមុទ្រ​ខ្មែរ​ភាគ​ខាង​ត្បូង​ចំនួន ១៥គីឡូម៉ែត្រ និង​ចម្ងាយ ៤៥គីឡូម៉ែត្រ ពី​ខេត្ត​ហាទៀន ប្រទេស​វៀតណាម៕

ប្រភព៖ អាស៊ីសេរី
បន្ថែម៖

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ពីណាពីណី and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s