ខក​ស្នេហ៍​ដ្បិត​ពាក្យ​ឆបោក​ពី​ទំនាក់​ទំនង​តាម​សារ​លើ​អេក្រង់​ទូរទស្សន៍


សម័យ​កាល​បច្ចេកវិទ្យា កាន់​តែ​វិវត្ដ​មនុស្ស​កាន់​តែ​មាន​វិធី​ច្រើន​ក្នុង​ការ​ទាក់ទង​គ្នា។ នៅ​កម្ពុជា កម្មវិធី​ផ្ញើ​សារ​ជជែក​កម្សាន្ត​នៅ​លើ​អេក្រង់​ទូរទស្សន៍ គឺជា​មធ្យោបាយ​ថ្មី​សម្រាប់​យុវវ័យ ដែល​ងាយ​ស្រួល​សម្រាប់​ពួក​គេ​ ក្នុង​ការ​ស្នើ​សុំ​បទ​ចម្រៀង​ បង្កើត​មិត្ត​ភក្តិ​ ទំនាក់​ទំនង​ស្នេហា ក៏​ដូច​ជា​ស្វែង​រក​មិត្ត​មួយ​រយ​ឆ្នាំ​ជាដើម។

ថ្វី​ដ្បិតតែ​ បច្ចេកវិទ្យា​ផ្នែក​ទំនាក់​ទំនង កំពុង​តែ​វិវត្ដ​លឿន​យ៉ាង​ណា​ក៏​ដោយ​ ក៏​វា​អាច​នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ​ខ្ពស់ ប្រសិន​បើ​គ្មាន​ភាព​ស្មោះត្រង់​នឹង​គ្នា​នោះ​។

ចាប់​ផ្ដើម​ពី​ឆ្នាំ​ ២០០៨ កម្មវិធី​ផ្ញើសារ​ជជែក​កម្សាន្ត​នៅ​លើ​អេក្រង់​ទូរទស្សន៍​មាន​តែ​ នៅ​លើ​កញ្ចក់​ទូរទស្សន៍ My TV ប៉ុណ្ណោះ ដែល​មាន​ឈ្មោះ​ថា «​ធីអឹមអេស»។ បច្ចុប្បន្ន កម្មវិធី​នេះ​កំពុង​តែ​ពេញ​និយម​នៅ​តាម​បណ្ដា​ស្ថានីយ​ទូរទស្សន៍​នានា ព្រម​ទាំង​ខ្សែ​កាប​ផង​ដែរ។

លោក ​សុខ វិរបុត្រា ជា​នាយក​ប្រតិបត្តិ​របស់​ទូរទស្សន៍​ My TV បាន​ប្រាប់​ថា អ្នក​ចូល​រួម​កម្មវិធី​ផ្ញើសារ​ជជែក​កម្សាន្ត​នៅ​លើ​អេក្រង់​ទូរទស្សន៍ មាន​ការ​ធ្លាក់​ចុះ​ព្រោះ​មាន​គូ​ប្រជែង​ច្រើន ដែល​លក្ខន្តិកៈ​ក្នុង​ការ​ផ្ញើសារ​មាន​ភាព​តឹងរឹង។

លោក អុក ចាន់​ដារ៉ាវុធ​ ដែល​ជា​អ្នក​គ្រប់​គ្រង​ធនធាន​មនុស្ស​នៃ​ទូរទស្សន៍​ខ្សែ​កាប​មួយ​ដែល បង្កើត​កម្មវិធី​ផ្ញើ​សារ​ជជែក​កម្សាន្ត​លើ​អេក្រង់ ទូរទស្សន៍ បាន​ឲ្យ​ដឹង​ថា កម្មវិធី​នេះ​ទទួល​បាន​ការ​ពេញ​និយម​ក្នុង​ចំណោម​យុវជន​កម្ពុជា ដែល​មាន​អាយុ​ចាប់​ពី​១៧​ដល់​២៦​ឆ្នាំ​។ ​រហូត​មក​ដល់​ពេល​នេះ​ ប៉ុស្តិ៍​ខ្សែ​កាប​របស់​លោក​ មាន​អ្នក​លេង​សារ​ប្រហែល​ជា​ជាង​១​ម៉ឺន​នាក់​។

គួរ ​ឲ្យ​កត់​សម្គាល់ថា កម្មវិធី​ផ្ញើ​សារ​ជជែក​កម្សាន្ត​នៅ​លើ​អេក្រង់​ទូរទស្សន៍ ពុំ​ត្រូវ​ការ​ឯកសារ​​យោង​របស់​អ្នក​លេង​ទេ គឺ​គ្រាន់​តែ​កម្មវិធី​នេះ​មាន​បែប​បទ​ពាក់ព័ន្ធ​នឹងការ​បង្កើត​មិត្ត ភក្តិ​ ផ្ញើ​សារ​ដើម្បី​បញ្ជាក់​អំពី​អារម្មណ៍​ពិត ស្នើ​បទ​ចម្រៀង​ និង​ការ​ជូន​ពរ​ខួប​កំណើត​ជាដើម។ ​ផ្ទុយ​ទៅ​វិញ ​ពាក្យ​ពេចន៍​ពាក់ព័ន្ធ​នឹង​នយោបាយ មិន​សមរម្យ អាសអាភាស ឬ​ក៏​ឃោសនា​ផ្សព្វផ្សាយ និង​ការ​ធ្វើ​ជំនួញ ត្រូវ​បាន​ហាម​ឃាត់​។

លោក វិរបុត្រា បាន​បញ្ជាក់​ថា៖​ «មាន​សារ​ជា​ច្រើន​ មិន​ត្រូវ​បាន​បង្ហាញ​លើ​អេក្រង់​ទូរទស្សន៍​ទេ​ ដោយ​សារ​អ្នកផ្ញើ​មិន​គោរព​តាម​លក្ខន្តិកៈ ដែល​មាន​ពាក្យ​ពេចន៍​មិន​សមរម្យ ពាក្យ​រក​ស៊ី និង​ពាក្យ​នយោបាយ»។

យុវសិស្ស ផល្លា ​សុមន្នី វ័យ​១៧​ឆ្នាំ​ ជា​សិស្ស​នៅ​វិទ្យាល័យ​ បាន​និយាយ​ថា កញ្ញា​ចូល​ចិត្ដ​លេង​ធីអឹមអេស​តាំង​ពី​ឆ្នាំ​២០១០ ពិសេស​ស្នើ​សុំ​បទ​ចម្រៀង ​និង​បង្កើត​មិត្តភក្តិ ប៉ុន្តែ​ឥឡូវ​នេះ​ប្អូន​ស្រី​ឈប់​លេង​ទៀត​ហើយ ដោយ​សារ​តែ​គិត​ថា ​វា​គ្មាន​ប្រយោជន៍​ខាត​ពេលវេលា ប្រាក់​កាក់ និង​ជួប​មិត្តភក្តិ​មិន​ល្អ​ថែម​ទៀត​។

យុវតី​ម្នាក់​ដែល​ជួប​វិបត្តិ​ ស្នេហ៍​តាម​រយៈ​កម្មវិធី​ផ្ញើ​សារ​លើ​អេក្រង់​ទូរទស្សន៍​មួយ​ កញ្ញា Charming Girl ជា​ឈ្មោះ​ហៅ​ក្រៅ រស់​នៅ​ខេត្ត​បាត់ដំបង បាន​និយាយ​ថា៖​ «​ខ្ញុំ​ធ្លាប់​ស្គាល់​សង្សារ​តាម​រយៈ​ការ​លេង​ផ្ញើ​សារ​លើ​អេក្រង់ ទូរទស្សន៍។ ពេល​នេះ ខ្ញុំ​ខូច​ចិត្ត​ខ្លាំង​ណាស់ ដ្បិត​ចាញ់​បោក​ពាក្យ​កុហក​របស់​សង្សារ​។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ​គាត់​គ្មាន​សង្សារ​ទេ តែ​តាម​ពិត​គាត់​មាន​សង្សារ​ដល់​ទៅ​បួន​នាក់​ឯ​ណោះ ហើយ​ខ្ញុំ​ជា​សង្សារ​ទី​បួន​របស់​គាត់​ទៀត​»។​

យុវតី​ខក​ស្នេហ៍​ដែល​ មិន​ព្រម​រាង​ចាល​រូប​នេះ បាន​បន្ថែម​ថា​ បន្ទាប់​ពី​បែក​ជាមួយ​សង្សារ​ចាស់​ ប្អួន​ស្រី​នៅ​តែ​បន្ដ​បង្ហោះ​លេខ​ទូរស័ព្ទ​លើ​អេក្រង់​ទូរទស្សន៍ ដើ​ម្បី​ស្វែងរក​សង្សារ​ថ្មី។ ​ឥឡូវ​នេះប្អូន​ស្រី​កំពុង​ទាក់ទង​ជាមួយ​នឹង​សង្សារ​ថ្មី​។

នេះ​វា​ជា ​ករណី​មួយ​ដែល​បាន​កើត​ឡើង​ចំពោះ​ប្រិយមិត្ត​អ្នក​ផ្ញើសារ​ ម្នាក់​ក្នុង​ចំណោម​ប្រិយ​មិត្ត​ជា​ច្រើន​ទៀត ហើយ​ពួក​គេ​អាច​ក្លាយ​ជា​ជន​រងគ្រោះ​ដែល​កើត​ចេញ​ពី​ទង្វើ​មិន​ស្មោះ​ត្រង់ ។

ឆ្លើយ ​តប​នឹង​ក្តី​កង្វល់​ខាង​លើ​ លោក​សុខ វិរបុត្រា បាន​បកស្រាយ​ថា កន្លង​មក​នេះ​ទូរទស្សន៍My TV ​បាន​ធ្វើ​សកម្មភាព​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ពន្យល់​អ្នក​លេង ​ដូច​ជា​ការ​បង្ហោះ​សារ​ហាម​ប្រាម និង​ការ​ក្រើន​រំឭក​របស់​ពិធីករ-ពិធីការិនី។

រីឯលោក ចាន់ដារ៉ា​វុធ ​វិញ បាន​បញ្ជាក់​ថា៖ «​បើ​សិន​ជា​កម្មវិធី​ផ្ញើ​សារ​ជជែក​កម្សាន្ត​នៅ​លើ​អេក្រង់​ទូរទស្សន៍ ពិត​ជា​បង្ក​ឲ្យ​មាន​ផល​អាក្រក់​មែន​នោះ ខាង​ក្រុមហ៊ុន​ប៉ុស្តិ៍​ខ្សែ​កាប​របស់​យើង នឹង​មាន​វិធានការ​ថ្មី​សម្រាប់​ការ​បង្កើត​សារ​ព្រមាន​ដល់​ក្រុម​យុវវ័យ​ បន្ថែម​ពី​លើ​នេះ​ទៀត​»។​

គួរ​កត់​សម្គាល់​ថា ទូរទស្សន៍​ជាតិ​កម្ពុជា​ក៏​មាន​គម្រោង​បង្កើត​កម្មវិធី​ផ្ញើ​សារ​ជជែក កម្សាន្ត​នៅ​លើ​អេក្រង់​ទូរទស្សន៍​នៅ​ពេល​ខាង​មុខ​ដែរ និង​ជា​ភាសា​ជាតិ​ទៀត​ផង។​

លោក​ កឹម​ គុណវឌ្ឍន៍ ជា​អគ្គ​នាយក​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា៖ «យើង​មាន​គម្រោង​បង្កើត​កម្មវិធី​នេះ​ឡើង​ដែរ ប៉ុន្ដែ​យើង​នឹង​ធ្វើ​ជា​ភាសា​ជាតិ​ដែល​មិន​មែន​សរសេរ​ជា​ភាសា​ឡាតាំង​ទេ ពីព្រោះ​យើង​គឺជា​ស្ថានីយ​ទូរទស្សន៍​ជាតិ​»។

លោក បាន​បន្ត​ថា ខាង​ក្រសួង​ព័ត៌មាន និង​ក្រសួង​ពាក់ព័ន្ធ ក៏​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​កេ្មង​ៗ​ដែល​លេង​ផ្ញើសារ​នៅ​លើ​ អេក្រង់ ទូរទស្សន៍​ដើម្បី​ចង​មិត្ដភាព និង​សង្សារ​ដែរ។

លោក បាន​គូស​បញ្ជាក់​ថា កន្លង​មក​នេះ ​ពុំ​ទាន់​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ពី​ហានិភ័យ​នៃ​ការ​លេង​ផ្ញើ​សារ​នៅ លើ​អេក្រង់​ទូរទស្សន៍​ណា​មួយ​នៅ​ឡើយ​ទេ។ ទោះបី​យ៉ាង​ណា លោក ​បាន​លើក​ឡើង​ថា៖ «ប្រសិន​បើ​មាន​បញ្ហា​ធ្ងន់ធ្ងរ​មែន​ ខាង​ក្រសួង​ព័ត៌មាន ​និង​សមាគម​ទូរទស្សន៍​នឹង​មាន​វិធានការ​របស់​គេ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in កុំព្យូទ័រ, ខ្ញុំចង់ដឹង and tagged , , , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s