អ្នក​ទស្សនា ​ក្រុមចម្រៀងកូរ៉UKISS ​ផ្ទុះ​ការ​តវ៉ាផ្អើល​ឆាក​កោះ​ពេជ្រ


ការប្រគំ តន្ត្រី របស់ក្រុមកូរ៉េ UKiss បានទទួលការស្វាគមន៍យ៉ាងច្រើនកុះករ ពីសំណាក់អ្នកទស្សនាជាយុវវ័យ។ ប៉ុន្តែក្រោយបញ្ចប់ការប្រគំតន្ត្រីនេះ អ្នកទស្សនានៅសាលកោះពេជ្រ ជាច្រើនរយនាក់ បានដំឡើងសំឡេងរិះគន់ ការតវ៉ានិងចាត់ទុកថា ពួកគេត្រូវចាញ់បោកការឃោសនារបស់ឌីជេតាប៊ុយ និងMy TV។

យុវវ័យប្រមាណ៣០០នាក់ ដែលជាអ្នកទិញសំបុត្រVIP តម្លៃ៥០ដុល្លារ បានសម្ដែងប្រតិកម្មពេញមួយទំហឹង ក្រោយពេលឌីជេតាប៊ុយ និងអ្នករៀបចំកម្មវិធីទាំងមូល  មិនព្រមឲ្យអ្នកទិញសំបុត្រVIP ទាំងអស់ បានទទួលការថតរូបជាមួយក្រុម UKISS ដូចការសន្យាក្នុងពេលប្រកាសលក់សំបុត្រ។ ក្រុមយុវវ័យជាច្រើន បានជ្រួលច្រាលចុះឡើងៗ មិនព្រមចាកចេញពីសាលប្រគំតន្ត្រីឡើយ បើទោះជាក្រុម UKISS បានបញ្ចប់ការសម្ដែងឡើងស្ងាត់ឆាកអស់ទៅហើយ។ ម្នាក់ៗលើកឡើងថា ក្នុងពេលប្រកាសលក់សំបុត្រ មិនមែនត្រឹមតែអ្នកលក់ និងលោកតាប៊ុយប៉ុណ្ណោះទេ  ដែលប្រូមូតថា អ្នកទិញសំបុត្រក្នុងតម្លៃ៥០ដុល្លារ នឹងបានទទួលសិទ្ធិថតរូបជាមួយក្រុម UKISS ដោយផ្ទាល់ ពោលគឺសូម្បីតែអ្នករៀបចំកម្មវិធីមួយនេះ ក៏លើកឡើងដូចគ្នាផងដែរ។ ក្នុងនោះអ្នកមានសំបុត្រVIP ទាំង៣០០នាក់ ក៏នឹងបានទទួលឌីសចម្រៀងOriginal របស់ក្រុមចម្រៀង UKISS ម្នាក់មួយៗ និងមានសិទ្ធិសុំសមាជិក UKISS ចុះហត្ថលេខានៅលើអាវ  ឬនៅលើអ្វីផ្សេងថែមទៀតផង។ ម្ល៉ោះហើយ ទើបម្នាក់ៗ ដែលក្ដាប់ក្នុងដៃនូវសំបុត្រVIPទាំងប៉ុន្មាន ទទួលយកមិនបាន នៅពេលដែលគ្រាន់តែការប្រគំតន្ត្រីត្រូវបញ្ចប់ ក៏បាត់សមាជិកក្រុមUKISS អស់ពីឆាកតន្ត្រី។
ការ តវ៉ារបស់យុវវ័យ មានសន្ទុះខ្លាំងបន្តិចម្ដងៗ រហូតបង្ខំឲ្យអ្នករៀបចំកម្មវិធីចេញមុខសម្របសម្រួល។ លោកតាប៊ុយ ដែលជាភាគីអ្នកនិយាយឃោសនាពាក្យទាំងនេះ ទាំងក្នុងកម្មវិធីប្រូម៉ូតលក់សំបុត្រនៅទូរទស្សន៍My TV និងនៅលើFacebook របស់លោក បានចេញមុខមកចរចារ ដើម្បីស្វែងរកដំណោះស្រាយ។ លោកប្រាប់ក្រុមយុវវ័យ កុំឲ្យអន្ទះសារ ហើយត្រូវរង់ចាំមួយភ្លែត ប៉ុន្តែក្រោយពេលបានចូលទៅក្នុង ក៏បាត់មុខស្ងាត់បាត់ស្រមោលតែម្ដង។  តំណាងអ្នករៀបចំកម្មវិធីម្នាក់ បានប្រកាសឲ្យក្រុមអ្នកតវ៉ា មកអង្គុយជុំគ្នានៅលើកម្រាលព្រំ ដើម្បីរង់ចាំក្រុម UKISS ចេញមកថតរូបជុំគ្នា។ ប៉ុន្តែមួយសន្ទុះក្រោយ លោកបែរជាប្រាប់ឲ្យពួកគេ វិលទៅអង្គុយនៅលើកៅអីជួរមុខ និងជួរបន្ទាប់ ដែលជាទីតាំងVIPនោះវិញ ខណៈដែលបន្ទាប់មកទៀត ក៏តម្រូវឲ្យពួកគេ ប្ដូរមកអង្គុយផ្ដុំគ្នា តែមួយប្លុកចាប់ពីកៅអីជួរមុខពីថ្នាក់ក្រោមដល់លើ ដើម្បីងាយឲ្យក្រុមUKISS ចេញមកថតរូបជាមួយទៅវិញ។ សភាពម្ដងកំណត់ឲ្យក្រុមយុវវ័យធ្វើបែបនេះ ម្ដងធ្វើបែបនោះរបស់អ្នករៀបចំកម្មវិធី មើលទៅហាក់ដូចជាក្រុមយុវវ័យទាំងអស់ មកសុំថតរូបជាមួយតារាកូរ៉េដោយមិនអស់ប្រាក់អ៊ីចឹង។ ការទន្ទឹងរង់ចាំរបស់ពួកគេ បានអូសបន្លាយតាំងពីម៉ោង៦ល្ងាច រហូតដល់ម៉ោងជាង៨យប់ តែទីបំផុតក៏ឮការប្រកាសចុងក្រោយថា សមាជិក UKISS ចេញទៅផ្ទះអស់ហើយ  ដូច្នេះសម្រាប់អ្នកដែលមានសំបុត្រVIP ហើយចង់ថតរូបជាមួយពួកលោក គឺត្រូវទៅចាំនៅព្រលានយន្តហោះនៅវេលាម៉ោង១០យប់ ថ្ងៃទី១៨ មិថុនា នាថ្ងៃដដែល ដើម្បីបានថតរូបជាមួយពួកគេ មុនពួកគេចាកចេញទៅកូរ៉េវិញ។
កញ្ញា ស្រីដែន បានថ្លែងការរិះគន់ថា បើកម្មវិធីហ្នឹងមិនឃោសនាថា អ្នកទិញសំបុត្រតម្លៃ៥០ដុល្លារ នឹងបានថតរូបជាមួយក្រុម UKISS នោះទេ គឺនាងមិនចំណាយទិញសំបុត្រដល់តម្លៃនោះឡើយ ដោយសារទិញត្រឹមតម្លៃ២០ដុល្លារ ឬមើលតាមកញ្ចក់ទូរទស្សន៍ ក៏អាចទស្សនាការសម្ដែងក្រុមចម្រៀងនេះបាន។ នាងនិយាយថា «មិននឹកស្មានថា កម្មវិធីហ្នឹងបោកអ្នកទិញសំបុត្រអ៊ីចឹងសោះ ហើយខ្ញុំខឹងជាងគេ គឺតាប៊ុយតែម្ដង ព្រោះគាត់ជាអ្នកសន្យាបែបនោះ ប៉ុន្តែបែរជាធ្វើឲ្យការចំណាយរបស់ខ្ញុំ ត្រូវបោះចោលលុយទទេៗ! ៥០ដុល្លារមិនមែនតិចឯណា ស្មានតែគ្រាន់តែមកមើលមួយភ្លែតអ៊ីចឹង ខ្ញុំត្រូវចំណាយច្រើនដល់ម្ល៉ឹង!»។

កញ្ញាស្រីណេត បានអះអាងថា ទោះជានាងទិញសំបុត្រVIP ហើយបែរជាមានអ្នកឈរច្រូងច្រាងបាំងកន្លែងអង្គុយរបស់នាង ធ្វើឲ្យពិបាកមើលការសម្ដែង ប៉ុន្តែនាងនៅតែសប្បាយចិត្ត ព្រោះសង្ឃឹមថា នឹងបានថតរូបជាមួយក្រុម UKISS នៅចុងកម្មវិធី ទុកគ្រាន់បង្អួតមិត្តភ័ក្រ្ត។ នាងលើកឡើងថា «ក្រុមនេះ ខ្ញុំមិនសូវស្គាល់ដូចក្រុមកូរ៉េលំដាប់ពិភពលោកផ្សេងទៀតនោះទេ  ប៉ុន្តែខ្ញុំនៅតែហ៊ានទិញសំបុត្រតម្លៃ៥០ដុល្លារ ព្រោះខ្ញុំចង់ថតរូបដោយផ្ទាល់ជាមួយពួកគេ ដូចអ្វីដែលអ្នករៀបចំកម្មវិធីបានឃោសនា ប៉ុន្តែមិនដឹងថា ខ្ញុំមិននឹកថាពួកគេបោកបែបហ្នឹងនោះទេ!»។ នាងអះអាងថា មិនដឹងត្រូវប្រាប់មិត្តភ័ក្រ្តថាយ៉ាងណានោះទេ ដែលសុខចិត្តចំណាយទាំងពេលវេលា និងប្រាក់កាសរហូតដល់៥០ដុល្លារ តែបែរជាមិនបានថតរូបជាមួយពួកគេ ដូចអ្វីដែលមាននៅក្នុងការឃោសនា នាពេលលក់សំបុត្រ។ នាងនិយាយថា «លុយខ្ញុំមិនស្ដាយទេ ប៉ុន្តែខ្ញុំស្ដាយថា ហេតុអ្វីទើបកម្មវិធីហ្នឹង បោកប្រាស់អ្នកទិញសំបុត្រអ៊ីចឹង….»។

ប្អូនស្រី ម្នាក់ទៀត ដែលពាក់អាវយឺតស មានពាក្យ We Love UKISS នៅពីមុខផង បានស្រក់ទឹកភ្នែកទ្រហ៊ោយំភ្លាមៗ ដោយគ្រាន់តែឮការប្រកាសចុងក្រោយថា  បើចង់ថតរូបជាមួយក្រុម UKISS ត្រូវទៅចាំពួកគេដល់ព្រលានយន្តហោះ នៅវេលាម៉ោង១០យប់។  នាងយំបណ្ដើរឱបមិត្តភ័ក្ត្របណ្ដើរថា នាងខកចិត្តខ្លាំងណាស់ ដែលសុខចិត្តកុហកឪពុកម្ដាយថា សុំលុយមកបង់រៀន ហើយបែរជាសុខចិត្តយកលុយមកទិញសំបុត្ររហូតដល់តម្លៃ៥០ដុល្លារ ព្រោះតែចង់បង្អួតមិត្តភ័ក្រ្តថា ខ្លួនមានសំណាងបានថតរូបជាមួយតារាកូរ៉េ  ក្រោយបញ្ចប់ការប្រគំតន្ត្រីនេះ។
តាម រយៈសំឡេងតវ៉ា និងការរិះគន់នេះ បានស្ដែងយ៉ាងច្បាស់ថា យុវវ័យមួយចំនួន គឺសុខចិត្តភ្លើតភ្លើននឹងការគាំទ្រដល់តារាកូរ៉េ រហូតដល់ហ៊ានកុហកម៉ាក់ប៉ា ហើយគេចចេញពីកាតព្វកិច្ចក្នុងការសិក្សា មកទស្សនាការប្រគំតន្ត្រីរបស់ក្រុមចម្រៀងមួយនេះដោយផ្ទាល់ភ្នែក ។ ក្រៅពីប្រតិកម្មខាងលើ យុវវ័យខ្លះក៏រិះគន់ថា មិនទទួលបានឌីសOriginal  ដែលអ្នកទិញសំបុត្រVIP ទូទៅត្រូវបានទទួល យុវវ័យខ្លះថាឌីជេតាប៊ុយ និយាយកាច់តុងពេក ធ្វើឲ្យឲកម្មវិធីគ្មានភាពទាក់ទាញ និងខ្លះថា ការប្រគំតន្ត្រីមួយនេះ លក់សំបុត្ររហូតដល់តម្លៃ៥០ទៅហើយ តែបែរជាគ្មានការរៀបចំឆាកណាមួយ ឲ្យស្មើរនឹងកម្មវិធី Best of the Best  នាពេលមុនជាដើម។ យុវវតីយ៉ាងហោចពីរបីនាក់ ដែលខកចិត្តមិនបានថតរូបជាមួយតារាកូរ៉េ តាមអ្វីដែលបានឮមុនពេលទិញសំបុត្រ VIP បានស្រក់ទឹកភ្នែកទ្រហ៊ោយំយ៉ាងចម្លែក  ខណៈដែលយុវជនជាច្រើនទៀត បាននាំគ្នាជេរប្រទិចផ្ដាសាបន្ទរគ្នាដូចខ្យងក្កក់ មុនពេលពួកគេបំបែកគ្នា នៅវេលាម៉ោងកៀក៩យប់។ ពួកគេ លើកឡើងថា នឹងមិនទិញសំបុតចូលមើលការប្រគំតន្ត្រី ដែលរៀបចំដោយស្ថានីយទូរទស្សន៍My TV ក្នុងតម្លៃថ្លៃខ្ពស់បែបនេះម្ដងទៀតទេ ក្រោយពីទទួលបានបទពិសោធន៍ ស្រក់ទឹកភ្នែក ដែលកើតចេញពីការចាញ់ការឃោសនានេះ។ ការតវ៉ានេះ ត្រូវគេមើលឃើញថា បានកើតឡើង បណ្ដាលមកពីកូនខ្មែរ មានការឈ្លក់វង្វេង និងឲ្យតម្លៃតារាបរទេសខ្លាំងពេក ប៉ុន្តែវាក៏អាចជាកត្តាបណ្ដាលមកពីប្រព័ន្ធឃោសនា របស់អ្នករៀបចំកម្មវិធី មានវិធីសាស្រ្តច្រើន ធ្វើឲ្យក្មេងៗជាយុវវ័យ ឈ្លក់វង្វេងក្នុងពេលឃោសនាលក់សំបុត្រនោះផងដែរ។  អ្នកទស្សនាដោយផ្ទាល់ បានសម្ដែងការទឹសភ្នែកខ្លាំងបំផុត ត្រង់ទិដ្ឋភាពច្រូងច្រាងរបស់ប៉ូលិសទាហាន ដែលភាគច្រើនត្រូវគេរៀបចំឲ្យអង្គុយនៅខាងមុខឆាក ត្រង់កន្លែងមុខឆាក ក្នុងពេលដែលអ្នកទស្សនាជាក្មេងៗអង្គុយនៅលើកៅអី ដែលមិនដឹងថា នឹងមានគេវិភាគយ៉ាងណា។

ឌីជេ តាប៊ុយ និងតំណាងទូរទស្សន៍My TV  មិនអាចសុំការឆ្លើយតបបានទេ កាលពីរាត្រីយប់មិញ។ ប៉ុន្តែយោងតាមតំណាងអ្នករៀបចំកម្មវិធី អះអាងថា គឺដោយសារតែអ្នកទិញសំបុត្រVIP មានចំនួនច្រើនពេក ហើយខ្លាចមានការរំខានដល់ក្រុម UKISS ឬធ្វើឲ្យពួកគេ មិនមានសុវត្ថិភាព ទើបអ្នកគ្រប់គ្រងក្រុមចម្រៀងនេះ មិនអនុញ្ញាតឲ្យពួកគេចេញមកថតរូប។ សំឡេងរិះគន់ នៅតែតបតវិញថា បើខ្លាចចំនួនអ្នកមានសិទ្ធចូលថតរូបជាមួយ UKISS មានចំនួនច្រើនពេក ចុះហេតុអ្វីអ្នករៀបចំកម្មវិធី ប្រកាសលក់សំបុត្រVIPដល់ទៅ៣០០កៅអី ហើយមិនកំណត់ចំនួនមួយ ដែលអាចធ្វើបានដូចអ្វីដែលបានឃោសនាទៅ?  ម្នាក់ៗក្នុងចំណោមអ្នកតវ៉ា លើកឡើងថា ពួកគេមិនគួរបោកអ្នកទិញសំបុត្រ ឲ្យចំណាយដល់៥០ដុល្លារ ហើយមិនធ្វើតាមការសន្យាបែបហ្នឹងនោះទេ ខណៈដែលអ្នកទិញសំបុត្រVIP ស្ទើរទាំងអស់ គឺមិនមែនមានបំណងចូលមកទស្សនាត្រឹមការសម្ដែងរបស់ពួកគេនោះឡើយ គឺការពិត មកពីពួកគេចង់ថតរូបជាមួយតារាកូរ៉េ ទុកគ្រាន់បង្អួតគ្នាប៉ុណ្ណោះ។  សំឡេងរិះគន់នេះ ក៏ត្រូវមើលឃើញកាន់តែច្បាស់ តាមរយៈFacebook ដោយអ្នកខ្លះប្រើពាក្យថា សមមុខហើយ ដែលឆ្កួតនឹងតារាកូរ៉េ រហូតដល់ភ្លេចខ្លួនឯងថាជាអ្វី។ អ្នកខ្លះបានប្រើប្រព័ន្ធទំនើបដដែលនេះ និយាយថា បើការសម្ដែងពីវប្បធម៌ខ្មែរ ដូចជាការសម្ដែងពីប្រវត្តិព្រះបាទជ័យវរ្ម័នវិញ គឺលក់សំបុត្រត្រឹមតែ២ បីដុល្លារសោះ បែរជាគ្មានអ្នកចូលទស្សនា ដែលមិនខុសពីការឌឺដងដល់អ្នកទិញសំបុត្រVIP។ តាមគម្រោង My TV ប្រកាសលក់សំបុត្រពីការប្រគំតន្ត្រីនេះ ក្នុងតម្លៃ១០០ដុល្លារ ប៉ុន្តែទំនងជាលក់មិនដាច់ទើបទម្លាក់ត្រឹម៥០ដុល្លារ ហើយអាចថាដោយសារមានការឃោសនាថាអ្នកទិញសំបុត្រក្នុងតម្លៃនេះ នឹងបានថតជាមួយតារាកូរ៉េ ទើបសំបុត្រVIP ទាំង៣០០ត្រូវលក់អស់ តាំងពីការប្រគំតន្ត្រីចាប់ផ្ដើម។ ទោះយ៉ាងណា មុនផ្ទុះការតវ៉ា ក៏មានសម្រែកហ៊ោកញ្ជ្រៀវ ក្នុងន័យស្វាគមន៍ដល់តារាកូរ៉េនារាត្រីនោះផងដែរ។

ខាងក្រោមនេះ ជាទិដ្ឋភាពក្នុងពេលប្រគំតន្ត្រី និងក្រោយផ្ទុះការតវ៉ា។

ប្រភពៈ អត្ថបទ និងរូបភាព ពី khmerzoom.com

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ចំរៀង, ដំណឹងពិសេស and tagged , , , . Bookmark the permalink.

3 Responses to អ្នក​ទស្សនា ​ក្រុមចម្រៀងកូរ៉UKISS ​ផ្ទុះ​ការ​តវ៉ាផ្អើល​ឆាក​កោះ​ពេជ្រ

  1. តា ម៉ាប់ និយាយថា៖

    អត់ប្រយោជន៍ ទុក​ហាសិបធ្វើអីផ្សេងហស៎ អ៊ីចឹង​ហើយ​ជ្រួល​ជ្រើម លើក​មុន អាតាប៊ុយអីគេណឹង គេ​និយាយ​នៅ​ប៉ុស្តិ៍គេថា ក្រុមស្អី (ដោយ​មិន​មែន​អ្នក​គាំទ្រ សុំមិនចាំ​ឈ្មោះ) កែសម្ជស្ស លាបឡេ ប្លាៗៗៗ ស្រាប់​តែ​យុវជន​ខ្មែរ​មួយ​ចំនួន នាំ​គ្នា​ទៅតវ៉ា​នៅ​ ទំព័រ​របស់​អាឌីជេណឹងនៅ​ហ្វេសប៊ុក ឈ្លោះគ្នា​ពេញ​ណឹងដោយ​អ្នក​ខ្លះថា វាណឹង​ស៊ីបាយ​កូរ៉េទៀត !!! អស្ចារ្យណាស់អា ម៉ាយធីវី !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s