repost៖ ឧក្រិដ្ឋ​ជនចាប់​ជំរិតនិង​សម្លាប់កុមារ​


អត្ថបទនិងរូបភាពទាំងស្រុងពី៖ កោះសន្តិភាព

ឧក្រិដ្ឋជន និងកុមារង់គ្រោះកាលនៅរស់

ឧក្រិដ្ឋជន និងកុមារង់គ្រោះកាលនៅរស់

សាកសពប្អូនប្រុសសត្យារិទ្ធិ

 

រាជធានីភ្នំពេញ ៖ ឧក្រិដ្ឋជនជាគ្រូបង្រៀនសិស្សផ្នែកកុំព្យូទ័រម្នាក់នៅ សាលាឯកជនមួយស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ដែលបានចាប់សិស្សឈ្មោះគង់ រ៉ាទីសត្យារិទ្ធិ អាយុ៨ឆ្នាំ សម្លាប់ជម្រិតទារប្រាក់ពីឪពុកម្តាយនោះនៅព្រឹកថ្ងៃទី៧ កុម្ភៈ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយ ។ គ្រូបង្រៀនដែលជាប់ចោទជាឧក្រិដ្ឋជននេះឈ្មោះនិល សារ៉ាន់ ហៅនិល ឈួយ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅក្នុងសាលានោះតែម្តង និងមានស្រុកកំណើតនៅភូមិលាទង ឃុំកំពង់កុងស្រុកស្អាង ខេត្តកណ្តាល ។

ឧក្រិដ្ឋជនបានសារភាពទាំងនៅសមត្ថកិច្ច និងនៅចំពោះមុខតំណាងអយ្យការសាលាដំបូង រាជធានីភ្នំពេញថា កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាចថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០១២ នៅចំណុចខាងត្បូងផ្សារដើមអំពិល មុខសាលារៀនឯកជន មួយ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ពេលសិស្សចេញពីសាលា ខ្លួនបានល្បួងលួងលោមនាំក្មេងប្រុសម្នាក់ឈ្មោះគង់ រ៉ាទីសត្យារិទ្ធិ អាយុ៨ឆ្នាំ ដោយនិយាយប្រាប់ថា ប៉ាម៉ាក់ក្មួយឯងជាប់រវល់មិនបានមកទទួលទេ គឺគាត់បានផ្តាំឱ្យលោកគ្រូជូនទៅកន្លែងធ្វើការរបស់គាត់ ។ ជនសង្ស័យបានឆ្លើយទៀតថា ពេលខ្លួននិយាយយ៉ាងដូច្នេះ ទៅកាន់សិស្ស នោះ គេក៏យល់ព្រមតាមដែរ ហើយបានទៅជាមួយខ្លួន តែភ្លាមនោះខ្លួនក៏បានយកកង់សិស្ស គង់ រ៉ាទីសត្យារិទ្ធិ ទៅផ្ញើនៅផ្សារដើមអំពិល ដែលនៅជិតសាលារៀននោះស្រាប់ ។ បន្ទាប់ពីយកកង់ទៅផ្ញើហើយ ខ្លួនបានហៅម៉ូតូឌុបនាំសត្យា ទៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ លុះដល់កំពង់ចម្លងក៏នាំក្មេងឆ្លងទូកដទៅកាន់វត្តចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ពេលទៅដល់វត្តចំពុះក្អែកហើយ ខ្លួនបាននាំក្មេងលេងមុខព្រះវិហារ ។ ពេលកុមារសត្យាកំពុងលេង ខ្លួនឆ្លៀតឱកាសទូរស័ព្ទទៅកាន់ឪពុកម្តាយរបស់កុមារនេះដោយ ប្រាប់ថា សត្យាត្រូវបានខ្លួនចាប់ហើយ បើសិនជាចង់បានជីវិតកូនទៅវិញ តម្រូវយកប្រាក់១៥ម៉ឺនដុល្លារជាថ្នូរ ។ បើពុំដូច្នោះទេ កុំសង្ឃឹមឃើញមុខកូនឱ្យសោះ ។

ពេលគំរាមទារប្រាក់នោះមានការតថ្លៃគ្នា ជាច្រើនលើក ។ លើកចុងក្រោយ ខ្លួនបានចុះនៅត្រឹម៣៥០០ដុល្លារ និងបានឯកភាពគ្នាកំណត់ទីកន្លែងប្រគល់ប្រាក់ ។ ឧក្រិដ្ឋជនសារភាពទៀតថា វេលាល្ងាចបន្តិច ទៅហើយ ដោយក្មេងប្រុសរងគ្រោះវាយំពេក ទ្រាំលែងបាន ខ្លួនបាននាំទៅក្បែរចេតិយ៍មួយហើយបានច្របាច់.ក និងយកដុំថ្មវាយក្បាល រួចចាប់ជ្រមុជទៅក្នុងអាងទឹក ដើម្បីសម្លាប់ចោល។ គេធ្វើសកម្មភាពយ៉ាងដូច្នេះ ដោយយល់ឃើញថា ជនរងគ្រោះឈ្មោះគង់ រ៉ាទីសត្យារិទ្ធិ ជាសិស្ស របស់ខ្លួនដែលបានស្គាល់អត្តសញ្ញាណច្បាស់លាស់ណាស់ មុននិងក្រោយត្រូវតែបែកការណ៍ទើបបានជាត្រូវតែសម្លាប់ចោល បើទោះបីជាបានប្រាក់ ឬមិនបានប្រាក់ក៏ដោយ ។ ក្រោយពីសម្លាប់កុមារានោះហើយខ្លួននៅតែទូរស័ព្ទទាក់ទងជម្រិត ទារប្រាក់ពីអាណាព្យាបាលជនរងគ្រោះទៀតរហូតពេលត្រូវគ្នា ក្នុងតម្លៃ៣.៥០០ដុល្លារ ។ ដំបូងបានណាត់ប្រគល់ប្រាក់នៅវត្តចំពុះក្អែកនោះតែម្តង ប៉ុន្តែក្រោយមកគេបានផ្លាស់ប្តូរទីតាំងទៅមុខវត្តបទុមវត្តីវិញ ។ និល សារ៉ាន់ សារភាពទៀតថា នៅពេលប្រគល់ប្រាក់ខ្លួនបានកំណត់ឱ្យអាណាព្យាបាលជនរងគ្រោះយក លុយ៣៥០០ដុល្លារដាក់ក្នុងកញ្ចប់ស្បោងឱ្យស្អាតយកទៅ ទម្លាក់ក្រោមរថយន្តកាមរី១គ្រឿងដែលចតនៅពីមុខវត្ត ហើយខ្លួនបានសង្កេតតាមមើលសកម្មភាពខាងជនរងគ្រោះយ៉ាងប្រុងប្រយ័ត្ន ។ បានជាធ្វើយ៉ាងដូច្នេះ ខ្លួនបានដាក់ផែនការទៅអាណាព្យាបាលជនរងគ្រោះ ហើយមិនឱ្យសហការជាមួយសមត្ថកិច្ច និងមិនធ្វើឱ្យបែកការណ៍ ។ ពេលឃើញអាណាព្យាបាលជនរងគ្រោះយកប្រាក់ទៅទម្លាក់ក្រោមរថយន្ត ដូចការកំណត់ ខ្លួនបានផ្តាំទៀតថា ពេលដើរចេញទៅវិញមិនឱ្យក្រឡេកមើលក្រោយទេ។ ឃើញសកម្មភាពស្ងៀមស្ងាត់គួរឱ្យជឿទុកចិត្ត គ្មានសមត្ថកិច្ចទៅរំខាន ខ្លួនក៏បានចូលទៅយកប្រាក់ ហើយរកម៉ូតូឌុបជិះទៅកាន់ស្រុកកំណើតតែម្តង ។

លុះព្រឹកឡើងថ្ងៃទី៥ កុម្ភៈ ពេលជំរិតបានប្រាក់ពីជនរងគ្រោះ៣.៥០០ដុល្លារហើយខ្លួនបានបបួល ស្ត្រីម្នាក់ដែលអះអាងថា ជាគូដណ្តឹងទៅកាន់ក្រុងតាខ្មៅ ទិញម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៩ តម្លៃ១.៣៥០ដុល្លារ រួចបានឌុបគូដណ្តឹងត្រឡប់ទៅផ្ទះវិញ ។ ឧក្រិដ្ឋជនសារភាពទៀតថា នៅសល់ប្រាក់ប៉ុន្មានគេបានចាយវាយ និងទុកខ្លះសម្រាប់ធ្វើពិធីមង្គលការក្នុងពេលឆាប់ៗខាងមុខនេះ ។ នៅសាលាដំបូងរាជធានីភ្នំពេញ ឧក្រិដ្ឋជនបានប្រាប់ឱ្យដឹងថា ប្រាក់បានមកពីការចាប់ជំរិតនៅ ក្នុងខ្លួនរបស់គេ សល់តែជាង៥០០ដុល្លារទេ ។ ប៉ុន្តែប្រភពព័ត៌មានថា នគរបាលដកហូតប្រាក់នោះមកវិញ បានរហូតដល់ទៅ១.៨០០ដុល្លារឯណោះ ។

ឧក្រិដ្ឋជន និល សារ៉ាន់ បានសារភាពនៅចំពោះមុខតំណាងអយ្យការថា ករណីចាប់សិស្សសម្លាប់ ជំរិតទារប្រាក់នេះ គឺធ្វើសកម្មភាព តែ ខ្លួនម្នាក់ឯងទេ មិនមានបក្សពួក ឬមេខ្លោងណានៅពីក្រោយឡើយ ។ គេធ្វើសកម្មភាពជំរិតទារប្រាក់នេះ ក៏ព្រោះតែខ្វះខាតលុយកាក់សម្រាប់រៀបការប្រពន្ធនៅពេលខ្លីខាង មុខនេះ ។

និយាយពីអាណាព្យាបាលជនរងគ្រោះវិញ ពេញ១យប់ថ្ងៃទី៤ រហូតដល់ម៉ោង៥ល្ងាចថ្ងៃទី៥ កុម្ភៈ អន្ទះសាររង់ចាំមើលផ្លូវកូន ក្រោយពេលប្រគល់ប្រាក់រួចហើយនោះ ទីបំផុតត្រូវទទួលបានដំណឹងសពកូនស្លាប់តាមរយៈព័ត៌មានអ្នក ស្រុកភូមិនិយាយតគ្នា ដែលគេបានប្រទះឃើញស្លាប់នៅក្នុងអាងទឹកមួយ ក្នុងវត្តចំពុះក្អែក ។ នោះហើយដែលជាព័ត៌មានដ៏រន្ធត់តក់ស្លុតមួយ ដែលអាណាព្យាបាលស្រឡាញ់កូន ខំចំណាយប្រាក់លោះពីចំណាប់ខ្មាំង ហើយបែរជាកូនត្រូវអស់ជីវិតទៀត ។ បន្ទាប់ពីបង់ប្រាក់អស់៣.៥០០ដុល្លារ ឱ្យទៅឧក្រិដ្ឋជនហើយ ជីវិតកូនត្រូវបាត់បង់ទៀតនោះ អ្នកអាណាព្យាបាលជនរងគ្រោះបានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅ កាន់សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ ដើម្បីចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ព្រោះពេលនេះកូនបានស្លាប់បាត់ទៅហើយ ឧក្រិដ្ឋជនក៏មិនទុកឱ្យនៅក្រៅសំណាញ់ច្បាប់ដែរ ។ បន្ទាប់ពីមានពាក្យបណ្តឹង នាយកដ្ឋាននគរបាលសន្តិសុខផ្ទៃ ក្នុងក្រសួងមហាផ្ទៃបានចាប់ផ្តើមធ្វើការសើុបអង្កេត និងស្រាវជ្រាវជាបន្ទាន់ តាមរយៈលេខទូរស័ព្ទដែលជនល្មើសទាក់ទងគំរាមជំរិតជនរងគ្រោះ ។ លុះឈានដល់ថ្ងៃទី៦ កុម្ភៈ ទើបការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ ។ ដំបូងឡើយឃាត់មនុស្ស៣នាក់ ប៉ុន្តែនៅពេលសាកសួរមនុស្ស២នាក់មិនពាក់ព័ន្ធករណីសម្លាប់ ជំរិតទារប្រាក់ជាមួយឈ្មោះនិល សារ៉ាន់ នោះទេ ទើបសមត្ថកិច្ចអនុញ្ញាតឱ្យវិលទៅផ្ទះវិញ នៅល្ងាចថ្ងៃដដែល ។

ដោយឡែកឈ្មោះនិល សារ៉ាន់ ហៅនិល ឈួយ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដែលរបាយការណ៍សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ជាអំពើមនុស្សឃាតដោយចេតនា ។ ប៉ុន្តែនៅដំណាក់កាលសាកសួររបស់តំណាងអយ្យការបានរកឃើញថា ជនសង្ស័យជាប់ពាក់ព័ន្ធ២បទល្មើស ដើម្បីចោទប្រកាន់ជាផ្លូវការ ។ បទល្មើសទី១ ឃាតកម្មទាក់ទងនឹងការសម្លាប់ជនរងគ្រោះតាមមាត្រា២០២ និងបទល្មើសទី២ ចាប់បង្ខាំងដោយមានស្ថានទម្ងន់ទោស ក្នុងគោលដៅជំរិតទារប្រាក់ពីជនរងគ្រោះតាមមាត្រា២៥៤ នៃក្រមព្រហ្មទណ្ឌថ្មីដែលបទល្មើសទាំង២នេះ បានកំណត់ផ្តន្ទាទោសលើជនត្រូវចោទក្នុង១បទល្មើសពី១៥ទៅ៣០ ឆ្នាំ ។ ដូច្នេះនៅពេលសវនាការ បើសិនជាតុលាការបំបែកសំណុំរឿងជំនុំជម្រះក្តីម្តង ១ករណី បូកបញ្ចូលគ្នាទៅជនត្រូវចោទអាចជាប់ពន្ធនាគារអស់រយៈពេល៦០ ឆ្នាំ ឬមួយជីវិត ៕

you can also view this blog too http://kamenganajar.wordpress.com/

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in កុមារ [Child], ដំណឹងពិសេស and tagged , , , . Bookmark the permalink.