ភស្តុតាង​នៃ​ការ​ស្រុតចុះ​នៃ​វប្បធម៌​ខ្មែរ​ក្រោម​ឥទ្ធិពល​វប្បធម៌​បរទេស


ពីធីបុណ្យ​មាឃបូជា​ដែល​ជា​បុណ្យ​ប្រពៃណី​ព្រះពុទ្ធសាសនា​ដ៏​សំខាន់​មួយ​បាន​ ប្រារព្ធឡើង កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។មាឃបូជា ​ក៏ដូច​វិសាខ​បូជា​ដែរ​សុទ្ធតែ​ជាប់​ពាក់ពន្ធ័​ទៅនឹង​ពុទ្ធប្រវត្តិ​ស្រដៀង​ នឹង​បុណ្យ​ណូអែល​ (Christmas) ​របស់​សាសនា​គ្រឹស្ត។ ​ប៉ុន្តែ ​យុវជន​ខ្មែរ​ជាទូទៅ​មិន​បាន​ស្គាល់​និង​មិន​បាន​ចាប់​អារម្មណ៍​ទៅ​លើ​ ពិធីបុណ្យ​ដែល​តំណាង​ឲ្យ​ដួង​ព្រលឹង​របស់​ខ្លួន​តាំងពី​ដូន​តា​មក​នោះ​ឡើយ។ ​ផ្ទុយ​ទៅ​វិញ​គ្រាន់តែ​ថ្ងៃ​១៤​កុម្ភៈ​ជិត​ចូល​មក​ដល់​យុវវ័យ​ខ្មែរ​បែរជា​ នាំគ្នាជ្រួល​ជ្រើម​ជាស្រេច ​ដើម្បី​ទទួល​អំណរ​បុណ្យ​ “សង្សារ”​ដែល​ពួកគេ​នាំ​គ្នា​ហៅ​ជំនួស​ឲ្យ​បុណ្យ​នៃក្តី​ស្រឡាញ់​របស់​ បស្ចិម​ប្រទេស​ទៅ​វិញ។ ​តើ​នេះ​មិនមែន​ជា​ភស្តុតាង​នៃ​ការ​ស្រុត​ចុះ​យ៉ាង​ខ្លាំង​នៃ​ប្រពៃណី​ខ្មែរ ​ទេ​ឬ?

ថ្ងៃ​អង្គារ​ម្សិលមិញ​ គឺជា​ថ្ងៃ​ឈប់​សម្រាក​របស់​មន្ត្រី​រាជការ​ សិស្ស ​និស្សិត​ ឬ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយចំនួន។ ​គឺ​ឈប់​សម្រាក​ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​មាឃ​បូជា​ដែល​ជា​បុណ្យ​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ ដ៏​សំខាន់។ ​ប៉ុន្តែ ​យុវវ័យ​ខ្មែរ​ជាច្រើន​បាន​ដឹង​ត្រឹម​ថា​ជា​ថ្ងៃ​ឈប់​សម្រាក​ ឬ​មួយចំនួន​ទៀត​ដឹង​ត្រឹម​ថា​ថ្ងៃ​មាឃ​បូជា ​តែ​ពួកគេ​មិន​បាន​ចាប់​អារម្មណ៍​លើ​ពិធី​នេះ​ឡើយ។ ផ្ទុយ​ទៅវិញ​ គ្រាន់តែ​ថ្ងៃ​១៤​កុម្ភៈ​ឈាន​ចូល​មក​ដល់ ​ពួកគេ​បាន​ផ្តើម​នាំគ្នា​ជ្រួល​ជ្រើម​ គិតគូរ​រៀបចំ​ជាស្រេច​ដល់​ពិធីបុណ្យ​«សង្សារ»​ ដែល​គេ​នាំ​គ្នា​ហៅ​យ៉ាង​ពេញ​និយម​ជំនួស​ពាក្យ​«បុណ្យ​នៃក្តី​ស្រឡាញ់»​ (Valentine’s Day​ ឬ​ Saint-Valantin) តាមបែបបស្ចិមប្រទេសទៅវិញ។

តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ​យុវវ័យ​ខ្មែរ​កាន់តែ​ច្រើន​ឡើង​បាន​ទទួល​យក​វប្បធម៌​បែប​បស្ចិម​ប្រទេស​ កាន់តែ​ច្រើន​ឡើង​ និង​យ៉ាង​ងប់ងល់។ ​ពិធីបុណ្យ​ដែល​យុវវ័យ​ខ្មែរ​និយម​ចូលចិត្ត​ជាង​គេ​មាន​ដូចជា ​បុណ្យ ​Christmas,​ Valentine’s Day ដែល​គេ​ហៅ​ថា​«បុណ្យសង្សារ» ​ឬ ​Birthday​តាម​បែប​បស្ចិម​ប្រទេស។ ​វា​មិនមែន​ជារឿង​ចម្លែក​ទេ​សម្រាប់​ប្រទេស​ក្រីក្រ​ដែល​កំពុង​អភិវឌ្ឍ ​និង​កំពុង​បើក​ចំហ​ទៅ​កាន់​ពិភពលោក​ ដែល​ត្រូវ​ទទួល​រង​ឥទ្ធិពល​ពី​ប្រទេស​ដែល​មាន​អរិយធម៌​ជឿន​លឿន​នោះ ​ប៉ុន្តែ ​អ្វី​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​គឺ​ភាព​ងប់ងល់​របស់​យុវជន​ដែល​មាន​គ្រឹះ​នៃ ​អត្តសញ្ញាណ​វប្បធម៌​របស់​ខ្លួន​នៅ​ទន់​ជ្រាយ​នៅ​ឡើយ។

ម្យ៉ាង​ទៀត ​ការ​រៀបចំ​អបអរ​បុណ្យ​បស្ចិម​ប្រទេស​ទាំង​នោះ​ក៏​គ្មាន​អ្វី​ខុស​ទាស់​ដែរ​ ប្រសិន​បើ​ពួកគេ​មាន​ចេតនា​ត្រឹមតែ​ចូល​រួម​អបអរ​ជាមួយ​មិត្តភ័ក្តិ​បរទេស​ ដើម្បី​កម្សាន្ត​សប្បាយ​នោះ​ ប៉ុន្តែ ​គ្រោះថ្នាក់​នៅ​ត្រង់​ថា ​ពិធី​បុណ្យ​ទាំងនោះ​ត្រូវ​បាន​គេ​ចាត់ទុក​ជា​ទំនៀមទម្លាប់​របស់​ខ្លួន​ និង​ថែមទាំង​បាន​កាឡៃ​អត្ថន័យ​របស់​វា​ទៅ​រក​ផ្លូវ​ខុស​ ដើម្បី​គោលដៅ​ផ្សេង​ទៅ​វិញ។ ​ជាក់ស្តែង​ អ្វី​ដែល​ធ្ងន់ធ្ងរ​បំផុត ​គឺ​ Valentine’s Day​នេះ​តែ​ម្តង។ ​ក្នុង​អារម្មណ៍​ដែល​ប្រកប​ដោយ​ភាព​ស្រើប​ស្រាល​របស់​យុវវ័យ​ខ្មែរ ​Valentine’s Day​ដែល​ពួកគេ​កាឡៃ​ទៅជា ​«បុណ្យសង្សារ»​នោះ ​គឺជា​ថ្ងៃ​ដែល​ពួកគេ​ត្រូវ​ធ្វើ​អ្វី​ម្យ៉ាង​សម្រាប់​គូសង្សារ​របស់​ខ្លួន​ ដែល​ជា​ទូទៅ​ គឺសំដៅ​លើ​ការ​រួម​ភេទ​នេះ​ឯង។ ​និន្នាការ​នេះ​មាន​លក្ខណៈ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ជាលំដាប់​ ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

ក្រុម​អ្នកតាម​ដាន​ការវិវឌ្ឍន៍​សង្គម​កម្ពុជា​បាន​មើល​ឃើញ​ចំណុច​ គ្រោះថ្នាក់​សម្រាប់​យុវវ័យ​ខ្មែរ​ ដែល​កំពុង​តែ​ងប់ងល់​ទៅ​នឹង​ភាព​ភ្លើត​ភ្លើន​គ្មាន​ព្រំដែន ​និង​គ្មាន​មូលដ្ឋាន​ទាំង​នេះ។ ​ការ​សិក្សា​ដ៏​ដូច​ជា​តាម​ការ​ដឹង ​និង​ការ​មើល​ឃើញ​ជាទូទៅ​ដែរ ​មាន​យុវវ័យ​ជាច្រើន​ និង​ពេល​ខ្លះ​សិស្ស​សាលា​ដែល​មិនទាន់​គ្រប់​អាយុ​ផង​បាន​ប្រឡូក​យ៉ាង​សកម្ម ​និង​តាម​បែប​អនាធិបតេយ្យ​ទៅ​ក្នុង​សកម្មភាព​អសីលធម៌ ​និង​ខុស​ប្រពៃណី​នេះ។ ​ការ​ជូន​អំណោយ​ឲ្យ​គ្នា​ ការ​ណាត់​ជួប​គ្នា ​ដើម្បី​សម្តែង​អារម្មណ៍​ស្នេហា​នៅ​តាម​ទី​សាធារណៈ ​រមណីយដ្ឋាន ​ឬ​នៅ​តាម​ផ្ទះ​សំណាក់ ​គឺ​ជានិន្នាការ​កំពុង​ពេញ​និយម។​ នៅ​ពេល​ដែល​យុវវ័យ​ងប់ងល់ ​និង​វក់វី​នឹង​រឿង​ស្នហា​ដ៏ស្រើបស្រាល​នេះ​ ពួកគេ​ប្រាកដ​ណាស់​ថា​ នឹង​ភ្លេច​ការ​សិក្សា។ ​តើ​នេះ​មិនមែន​ជា​គ្រោះថ្នាក់​សម្រាប់​សង្គម​ខ្មែរ​ទេ​ឬ?

ប្រឈមមុខ​ទៅ​នឹង​បញ្ហា​អស់​ទាំងនេះ ​អ្នក​តម្រង់​ទិស​សង្គម​ទាំងឡាយ​ រួមទាំង​ឪពុក​ម្តាយ​ ឬ​អាណាព្យាបាល​ទាំងឡាយ​ត្រូវតែ​មាន​វិធានការ​ជា​បន្ទាន់​ ដើម្បី​ទប់ស្កាត់​ ឬ​តម្រែតម្រង់​យុវវ័យ​ ឬកូន​ចៅ​របស់​ខ្លួន​ឲ្យ​ចៀសផុត​ពី​គ្រោះថ្នាក់។​ ការ​ហូរ​ចូល​នៃ​វប្បធម៌​បរទេស​ជារឿង​ដែល​មិន​អាច​ចៀស​វាង​បាន​ ប៉ុន្តែ​ ការ​បណ្តែត​បណ្តោយ​ឲ្យ​កូនខ្មែរ​ទទួលយក​វប្បធម៌​ទាំងនោះ​ទាំង​ងងឹត​ងងល់​ដោយ ​គ្មាន​ប្រទីប​បំភ្លឺ​ផ្លូវ​ គឺជា​គ្រោះថ្នាក់​ធំធេង​សម្រាប់​អនាគត​សង្គម​កម្ពុជា។ បច្ចុប្បន្ន​នេះ​ អ្វី​ដែល​ច្បាស់លាស់​គឺ​ សីលធម៌​ វប្បធម៌​ និង​ប្រពៃណី​ខ្មែរ​កំពុងតែ​ស្រុតចុះ​ដុនដាប​ ដែល​ទាមទារ​ឲ្យ​ទាំងអស់​គ្នា​ជួយ​ជ្រោមជ្រែង​ ដើម្បី​សង្គ្រោះចេញ​ពី​គ្រោះថ្នាក់៕

នេះជាអត្ថបទដែលខ្ញុំចូលចិត្ត និយាយត្រូវ៩៩%  ទុកមួយភាគរយខ្ញុំនិយាយថែមទៀត
នេះជាអត្ថបទទាំងស្រុង ប្រភពពី RFI

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ចំនេះដឹង, ដំណឹងពិសេស and tagged , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s